FIFA World Cup លេងឈ្នះមកផ្ទះវិញត្រូវគេស្វាគមន៍ តែបើចាញ់ត្រូវគេស្តីបន្ទោស! ថ្ងៃនេះអ្នកគាំទ្រក្រុមជម្រើសជាតិកូរ៉េខាងត្បូងបង្ហាញក្តីខឹងសម្បារយ៉ាងខ្លាំងជាមួយគ្រូបង្វឹក Hong Myung-bo នៅព្រលានយន្តហោះ
អតីតគ្រូបង្វឹកក្រុមជម្រើសកូរ៉េខាងត្បូង លោក Hong Myung-bo និងកីឡាករបាល់ទាត់ជម្រើសជាតិកូរ៉េជាច្រើននាក់ទៀតត្រូវបានអ្នកគាំទ្របង្ហាញក្តីខឹងសម្បារយ៉ាងខ្លាំង ដោយពួកគេបានប្រមូលផ្តុំគ្នានៅអាកាសយានដ្ឋាននាព្រឹកថ្ងៃអង្គារនេះ អំឡុងពេលដែលក្រុមទាំងអស់បានវិលត្រឡប់មកកាន់មាតុភូមិកំណើតវិញ ក្រោយពីធ្លាក់ចេញពីការប្រកួតជម្រុះក្នុងព្រឹត្តិការណ៍ FIFA World Cup ចែកពូល ឬ Kick Off ៤៨ក្រុមមិនគួរឲ្យជឿ។ លោក Hong និងកីឡាករចំនួន៩នាក់ ក្នុងចំណោមកីឡាករចំនួន ២៦ នាក់នៅក្នុងក្រុមកូរ៉េខាងត្បូងបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Incheon ជិតទីក្រុងសេអ៊ូលនៅវេលាម៉ោងប្រហែល ៤ព្រឹក (ម៉ោងនៅក្នុងស្រុក) ក្រោមការយាមកាមយ៉ាងតឹងរ៉ឹងពីកម្លាំងសមត្ថកិច្ច។ សារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានរាយការណ៍ថា អ្នកគាំទ្រទាំងអស់បាននាំគ្នាស្រែកថា “Hong Myung-bo ចេញទៅៗ!” ខណៈពេលដែលហ្វេនម្នាក់ទៀតបានលើកបដាដែលសរសេរពាក្យថា “បាល់ទាត់កូរ៉េស្លាប់បាត់ហើយ “។ ខ្សែបម្រើ Lee Kang-in របស់លីគ Paris Saint-Germain និងខ្សែការពារ Kim Min-jae របស់លីគ Bayern Munich និងខ្សែប្រយុទ្ធ Hwang Hee-chan របស់ Wolvees ស្ថិតក្នុងចំណោមកីឡាករទាំង៩នាក់ដែលបានវិលត្រឡប់មកវិញ។ សមាគមបាល់ទាត់កូរ៉េបានប្រកាសថា កីឡាករផ្សេងទៀតរួមទាំងប្រធានក្រុម Son Heung-min ត្រូវគេរំពឹងថានឹងវិលត្រឡប់មកផ្ទះវិញក្នុងរយៈពេលពីរថ្ងៃខាងមុខ។ ក្រោយពីផ្ទុះការតវ៉ាយ៉ាងក្តៅគគុកពីសំណាក់ប្រជាជនកូរ៉េ លោក Hong Myung-bo បានលាលែងពីតំណែងភ្លាមៗដែរពីគ្រូបង្វឹកបាល់ទាត់កូរ៉េ បន្ទាប់ពីក្រុមកូរ៉េខាងត្បូងធ្លាក់ចេញនៅវគ្គចែកពូល និងបន្ទាប់ពីបានចាញ់ក្រុមអាហ្វ្រិកខាងត្បូង ១-០ ចុងក្រោយបានធ្វើឱ្យពួកគេស្ថិតនៅចំណាត់ថ្នាក់លេខបីក្នុងពូល A។ បញ្ហាផ្ទុះការតវ៉ានេះជាប់ទាក់ទងនឹងការសម្រេចចិត្តរបស់គ្រូបង្វឹក Hong Myung-bo ដែលបានសម្រេចចិត្តមិនឲ្យកីឡាករ Son Heung-min របស់ LAFC មិនឲ្យចូលលេងក្នុងជម្រើសដំបូងទល់នឹងអាហ្វ្រិកខាងត្បូងទេ។ គ្រូបង្វឹករូបនេះបាននិយាយបន្ទាប់ពីការប្រកួតថា ចេតនារបស់លោកគឺដាក់កីឡាករឆ្នើមរបស់លោកចូលលេងនៅវគ្គក្រោយ នៅពេលដែលគូប្រកួតហត់បាក់កម្លាំង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោក Hong បានប្តូរកីឡាករ Son Heung-min ចូលលេងនៅដើមវគ្គទីពីរ បន្ទាប់ពីក្រុមទាំងពីរបានសម្រាក តែអ្វីៗហួសពេលអស់ហើយ ព្រោះអាហ្រិកខាងត្បូងសម្រុកយកគ្រាប់បាល់២បាត់ហើយ។ ហើយការលាលែងពីតំណែងនេះធ្វើឡើងនៅពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung អំពាវនាវឱ្យក្រសួងកីឡារបស់រដ្ឋាភិបាលត្រូវស៊ើបអង្កេតលទ្ធផល World Cup លើកនេះរបស់ក្រុមជម្រើសជាតិនិងដំណើរការដែលលោក Hong ត្រូវបានគេជួលមកគ្រប់គ្រងក្រុមដោយរបៀបណា។ សូមរំលឹកថា៣ពិន្ទុដែលទទួលបានក្នុងយុទ្ធនាការចែកពូលរបស់ពួកគេមិនគ្រប់គ្រាន់ទេ ដើម្បីធានាបានចំណាត់ថ្នាក់លេខ៣ល្អ ក្នុងចំណោម៨ក្រុមដើម្បីឡើងទៅកាន់វគ្គបន្តនោះ ហើយកូរ៉េខាងត្បូងក៏បានធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup ដែលបានចាប់ផ្តើមជាមួយនឹងជ័យជម្នះដ៏ជោគជ័យលើប្រទេសឆែកពេលបើកឆាក។ កូរ៉េខាងត្បូងបានបញ្ចប់នៅចំណាត់ថ្នាក់លេខ ១០ ក្នុងចំណោមប្រទេសទាំង ១២ ដែលបានចាកចាញ និងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខបីក្នុងពូលរបស់ពួកគេដែរ ដែលមើលទៅពិតជាមិនអាចទទួលយកបានទេសម្រាប់ក្រុមដែលធ្លាប់ខ្លាំង និង ធ្លាប់ឡើងដែរសម្រាប់ប្រជាជនកូរ៉េខាងត្បូង។ នេះជាហេតុធ្វើឱ្យលោក Hong Myung-bo ត្រូវបរាជ័យក្នុងការដឹកនាំកូរ៉េខាងត្បូងឆ្លងកាត់វគ្គចែកពូលផងដែរក្នុងឆ្នាំនេះ គឺអន់ខ្លាំងណាស់បើប្រៀងធៀបនឹងការដឹកនាំពីមុនរបស់លោកក្នុងនាមជាគ្រូបង្វឹកក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៤ នៅប្រទេសប្រេស៊ីលទៅទៀត៕
សម្រួលអត្ថបទ៖ សុផារិន្ទ






