លទ្ធផល២-១នៅចុងម៉ោងបន្ថែមមិនអាចកែប្រែប្រវត្តិសាស្រ្តជប៉ុនបានទេក្នុងព្រឹត្តិការណ៍ FIFA! ប៉ុន្តែមិត្តជប៉ុន-ប្រេស៊ីលគឺរឹងមាំណាស់ ព្រោះពលរដ្ឋជប៉ុនជាង២.៧លាននាក់កំពុងរស់នៅប្រេស៊ីលស្រាប់

កីឡាករ Gabriel Martinelli បានស៊ុតបាល់បញ្ចូលទី នានាទី៩០+៥ ដែលជាគ្រាប់ជ័យជម្នះនៅចុងម៉ោងបន្ថែម ដើម្បីផ្តល់ឱ្យក្រុមជើងឯក៥សម័យកាលសាំបាប្រេស៊ីលទទួលបានជ័យជម្នះក្នុងលទ្ធផល២-១ លើក្រុមជម្រើសជាតិជប៉ុនក្នុងវគ្គជម្រុះ ៣២ ក្រុម ឬ Knock Out ចុងក្រោយក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦។ ទោះបីជាជប៉ុនមិនអាចឡើងទៅកាន់វគ្គបន្ត ប៉ុន្តែទម្រង់លេង និង គម្រូល្អដែលជប៉ុនបានបន្សល់ទុកឱ្យអ្នកទស្សនា ក៏បានអង្រួនចិត្តពិភពលោកកក្រើកមិនធម្មតាដែរ សូម្បីតែខ្លួនចាញ់ទៅហើយ ក៏ក្រុមជប៉ុន និង គ្រូបង្វឹករក្សាការគោរពដល់អ្នកទស្សនាគ្រប់ទិសទីដែរ នេះជាអ្វីដែលក្រុមជប៉ុនយកឈ្នះចិត្តទស្សនាលើពិភពលោកបាន។  អ្នកគាំទ្រប្រេស៊ីលរាប់ពាន់នាក់បានអបអរសាទរនូវជ័យជម្នះនេះនៅខាងក្រៅពហុកីឡដ្ឋានហ៊ូស្តុនបន្ទាប់ពីការប្រកួត។ Martinelli ដែលបានចូលលេងក្នុងនាមជាកីឡាករបម្រុងនៅតង់ទីពីរ បានស៊ុតបាល់បញ្ចូលទីនៅម៉ោងបន្ថែម ខណៈដែលការប្រកួតហាក់ដូចជានឹងត្រូវបន្តទៅកាន់ម៉ោងបន្ថែម១៥នាទី២ដងទៅហើយ។ មុនដំបូងកីឡាករ Casemiro តាម១គ្រាប់បានស្មើតែតបាល់បញ្ចូលទីនៅនាទីទី ៥៦ ដោយការបញ្ជូនបាល់ពីកីឡាករ Gabriel Magalhães បន្ទាប់ពីខកខានឱកាសមួយផ្សេងទៀតកាលពី២នាទីមុន។ ការស៊ុតបាល់បានហោះចេញពីដៃរបស់អ្នកចាំទីជប៉ុន Zion Suzuki ហើយចូលទៅក្នុងសំណាញ់ទីតែម្តង បន្ទាប់ពីកីឡាករ Kaishu Sano បានលួចបាល់នៅតំបន់កណ្តាល ហើយបានស៊ុតបញ្ចូលទីដោយជើងស្តាំពីខាងលើរង្វង់ជិតពាក់កណ្តាលបានធ្វើឱ្យជប៉ុននាំមុខប្រេស៊ីលនៅនាទីទី ២៩ ហាក់ដូចសំដែងឬទ្ធិទៅកាន់ប្រេស៊ីលដូច្នោះដែរ។ មុនការប្រកួត៩០នាទីចូលមកដល់គេបានសង្កេតឃើញកីឡាករ Neymar ដ៏អស្ចារ្យរបស់ប្រេស៊ីលត្រៀមចូលលេងទៅហើយ ប៉ុន្តែត្រូវខកខានវិញដោយសារពេលនោះ ប្រេស៊ីលតាមស្មើ១គ្រាប់បាត់ទៅហើយ។ សូមរំលឹកថាជប៉ុនមិនដែលឈ្នះការប្រកួតវគ្គជម្រុះនៅ World Cup ទេ ដោយបានចាញ់ 0-៤ ក្នុងវគ្គ១៦ ក្រុមចុងក្រោយ – រួមទាំងការនាំមុខពីរលើកចុងក្រោយដែរក្នុងឆ្នាំ ២០១៨ និង ២០២២ មុនពេលចាញ់ការប្រកកួត។ ជ័យជម្នះនេះគឺជាជ័យជម្នះលើកទី ១២ ហើយរបស់ប្រេស៊ីលក្នុងចំណោម ១៥ ប្រកួតទល់ជាមួយនឹងប្រទេសជប៉ុន។ ក្រុមទាំងពីរក៏បានលេងស្មើពីរលើកផងដែរ ខណៈដែលជប៉ុនទទួលបានជ័យជម្នះលើកដំបូងរបស់ខ្លួននៅក្នុងការប្រកួតមិត្តភាពនៅទីក្រុងតូក្យូកាលពីខែតុលាកន្លងទៅ។ នេះគឺជាការប្រកួតរវាងប្រទេសទាំងពីរដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ដោយប្រេស៊ីលជាជម្រកមួយដែររបស់កូនចៅជនជាតិជប៉ុនប្រហែលជា ២.៧លាននាក់ ដែលជាចំនួនប្រជាជនច្រើនជាងគេនៅបរទេស។ ទំនាក់ទំនងរបស់ប្រទេសទាំង២បានពង្រីកជាមួយគ្នាតាមរយៈកីឡាបាល់ទាត់នេះតែម្តង ហើយជប៉ុនក៏ជាទីកន្លែងដែលតារាឆ្នើមប្រេស៊ីល Zico បានផ្លាស់ទៅរស់នៅប្រទេសជប៉ុនក្នុងឆ្នាំ ១៩៩១ដែរ ដើម្បីលេងឱ្យក្រុម Kashima Antlers និងជួយកសាងបណ្តាញបាល់ទាត់អាជីពរបស់កីឡាករជប៉ុនដែរ។ លោកបានបង្វឹកក្រុមជម្រើសជាតិជប៉ុនពីឆ្នាំ ២០០២-២០06 ដោយដឹកនាំក្រុមទៅកាន់ការប្រកួត World Cup ក្នុងឆ្នាំ ២០០៦តែម្តង។ សូមបញ្ជាក់ថាក្រុមប្រេស៊ីលនឹងត្រូវប្រកួតជាមួយប្រទេសកូតឌីវ័រ ឬន័រវែសនៅថ្ងៃអាទិត្យនេះនៅ East Rutherford រដ្ឋ New Jersey ក្នុងវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីប្រទេសណាមួយឈ្នះការប្រកួតនៅយប់នេះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ