ករណីអគ្គីភ័យឆាបឆេះបំពងបង្ហូរប្រេង Naphtha នៅរោងចក្រគីមីឥន្ធនៈស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌាបានធ្វើឱ្យមនុស្ស២០នាក់រងរបួស

យ៉ាងហោចណាស់មានមនុស្ស ២០នាក់បានរងរបួសបន្ទាប់ពីអគ្គីភ័យបានឆាបឆេះបំពង់បង្ហូរប្រេង Naphtha (ណាហ្វថា) នៅរោងចក្រគីមីឥន្ធនៈមួយស្ថិតក្នុងស្រុក Purba Medinipur រដ្ឋ West Bengal នាព្រឹកថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយរបស់ Press Trust of India។ អគ្គីភ័យបានឆាបឆេះនៅកន្លែងមួយដែលដំណើរការដោយក្រុមហ៊ុន Haldia Petrochemicals ហើយបានរាលដាលយ៉ាងឆាប់រហ័សដល់ផ្ទះនៅក្បែរនោះ។ ក្រុមពន្លត់អគ្គីភ័យបានប្រើរថយន្តពន្លត់អគ្គីភ័យចំនួន១២គ្រឿងដើម្បីគ្រប់គ្រងអគ្គីភ័យ ខណៈពេលដែលអ្នករងរបួសត្រូវបានគេជួយសង្គ្រោះ និងបញ្ជូនទៅមន្ទីរពេទ្យនៅក្បែរនោះ នេះបើយោងតាមការចុះផ្សាយរបស់ PTI។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែល ក្រុមហ៊ុន Haldia Petrochemical Limited បាននិយាយថា តាមព័ត៌មានបឋមគឺហេតុការណ៍នេះអាចបានកើតឡើងនៅជិតចំណុចរបៀង ណាហ្វថា ដោយគ្មានការអនុញ្ញាតនៅជិតរោងចក្ររបស់ខ្លួនតែម្តង។ ណាហ្វថា គឺជាផលិតផលប្រេងឥន្ធនៈដែលងាយឆេះខ្លាំង ដែលប្រើប្រាស់ក្នុងការផលិតឥន្ធនៈ និងសារធាតុគីមីផ្សេងទៀត។ មូលហេតុនៃអគ្គីភ័យមិនទាន់ដឹងភ្លាមៗនៅឡើយទេ។ លើសពីនេះក្រុមហ៊ុន Haldia Petrochemicals បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងស៊ើបអង្កេតលើហេតុការណ៍នេះផងដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ