ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រៀបចំពិធីប្រឡងជ្រើសរើសសមណនិស្សិត និស្សិតឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០២៦-២០២៧

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំពិធីប្រឡងជ្រើសរើសសមណនិស្សិត និស្សិតឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០២៦–២០២៧ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី ។

កម្មវិធីនេះក៏មានការនិមន្តនិងអញ្ជើញចូលរួមដោយ ឯកឧត្តម មាស សំណាង រដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា តំណាងឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា, ឯកឧត្តម ងួន ស្តេចភក្តី រដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ,សម្តេចព្រះពុទ្ធរ័ត្នរាជវង្សា កែវ ឌីម៉ង់ ព្រះសាកលវិទ្យាធិការរង , សម្តេចព្រះត្រ័យរតនាវង្សាចារ្យ ទូច សាទរ ព្រះសាកលវិទ្យាធិការរង , ព្រះចរិយានុរ័ក្សញាណ សោម វិជ្ជា ប្រធានការិយាល័យតំណាងអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ,និងវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រីសាកលវិទ្យាធិការរង មន្ត្រីរាជការ សណមនិស្សិត-និស្សិតជាច្រើនអង្គ/នាក់ ។

លោក កាន់ សុខុម សាកលវិទ្យាធិការរងទទួលបន្ទុកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បានទូលថ្វាយនិងជម្រាបជូននូវរបាយការណ៍បង្ហាញពីឆន្ទៈមោះមុតក្នុងស្មារតីរួបរួមសាមគ្គីលើកកម្ពស់វិស័យពុទ្ធិកឧត្តមសិក្សានៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងការបន្តកសាង និងអភិវឌ្ឍសមត្ថភាពធនធានមនុស្សឱ្យកាន់តែរឹងមាំ ដើម្បីក្លាយជាសសរស្តម្ភដ៏មានឧត្តមប្រយោជន៍សម្រាប់សង្គមជាតិទាំងក្នុងផ្នែកអាណាចក្រនិងពុទ្ធចក្រក្នុងពេលអនាគត។ សាកលវិទ្យាធិការរងទទួលបន្ទុកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បានបញ្ជាក់ថា ការប្រឡងជ្រើសរើសនាថ្ងៃនេះ គឺជាជំហានដំបូងនៃការបណ្តុះបណ្តាលមូលធនមនុស្សកម្រិតខ្ពស់ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលមានបាវចនាថា «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងគ្រប់ជ្រុងជ្រោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ បញ្ចកោណទី១ គឺ «ការអភិវឌ្ឍមូលធនមនុស្ស» ដែលមានផ្នែកទី១ គឺការលើកកម្ពស់គុណភាពនៃការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវអាទិភាពគន្លឹះចំនួន ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដែលមនុស្សជាអាទិភាពទីមួយ ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជាជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

នាឱកាសដ៏ថ្លៃថ្លានេះ សម្តេចព្រះមហាសង្ឃរាជ ព្រះសាកលវិទ្យាធិការ មានព្រះបន្ទូលកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងសាស្ត្រាចារ្យទាំងអស់ ដែលបានបំពេញបេសកកម្មយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្រិតខ្ពស់នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យអប់រំ និងព្រះពុទ្ធសាសនាឱ្យកាន់តែរីកចម្រើន នឹងសូមប្រគេនពរ ព្រះមន្ត្រីសង្ឃ ឯកឧត្តម គណៈអធិបតី សូមជួបប្រទះតែនឹងពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបជូនថា ពិធីប្រឡងជ្រើសរើសសមណនិស្សិត និស្សិតឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា២០២៦-២០២៧ លើឯកទេសចំនួន ៥ រួមមាន ៖ (១) រដ្ឋបាលសាធារណៈ ជំនាន់ទី២៣-២៤ ចំនួន ៤១៦ អង្គ/នាក់, (២) នីតិឯកជន ជំនាន់ទី៧ ចំនួន ១២០ អង្គ/នាក់, (៣) គ្រប់គ្រងទូទៅជំនាន់ទី១០-១១ ចំនួន ១៧៤ អង្គ/នាក់, (៤) វិទ្យាសាស្ត្រអប់រំ ជំនាន់ទី១២-១៣ចំនួន ១៧៣ អង្គ/នាក់, (៥) ទស្សនវិជ្ជា ជំនាន់ទី៣ ចំនួន ៥០ អង្គ/នាក់ដោយមានបេក្ខសមណនិស្សិត-និស្សិតចូលរួមប្រឡងប្រមាណ ៩៣៣ អង្គ/នាក់ ៕