សាលារៀនសុវណ្ណភូមិ សហការជាមួយស្ថាប័ន StudyAdelaide រៀបចំកម្មវិធី «ផ្តល់ព័ត៌មានសិក្សា នៅរដ្ឋអូស្ត្រាលីខាងត្បូង ឆ្នាំ២០២៦» បើកឱកាសសិក្សាកម្រិតអន្តរជាតិ ជូនសិស្សានុសិស្ស នៅសាលារៀនសុវណ្ណភូមិ
ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប (NTC Group) និងសាលារៀនសុវណ្ណភូមិ ក្រោមកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រជាមួយស្ថាប័ន StudyAdelaide បានរៀបចំកម្មវិធី «ផ្តល់ព័ត៌មានសិក្សានៅរដ្ឋអូស្ត្រាលីខាងត្បូង ឆ្នាំ២០២៦» (Study Adelaide Information Day 2026) នៅសាលារៀនសុវណ្ណភូមិ ទីតាំងស្ទឹងមានជ័យទី១ រាជធានីភ្នំពេញ។
លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិ នៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប បានអញ្ជើញជាអធិបតីបើកកម្មវិធីនេះជាផ្លូវការ ដោយមានការអញ្ជើញចូលរួមពី លោក Raymond Peter ប្រធានគម្រោង និងជាអ្នកសម្របសម្រួលទីផ្សារប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃស្ថាប័ន StudyAdelaide គណៈប្រតិភូ និងតំណាងអន្តរជាតិមកពីសាកលវិទ្យាល័យ និងវិទ្យាស្ថាននានានៅរដ្ឋអូស្ត្រាលីខាងត្បូង អតីតនិស្សិតនៃស្ថាប័ន StudyAdelaide ព្រមទាំងប្រធាននាយកដ្ឋាន គណៈគ្រប់គ្រង នាយកសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្ស។
ថ្លែងក្នុងសុន្ទរកថាបើកកម្មវិធី លោក ឃឹម ផុន បានគូសបញ្ជាក់ថា ការផ្តល់ព័ត៌មានសិក្សានេះ គឺជាសមិទ្ធផលដ៏សំខាន់ និងគួរឱ្យរំភើបមួយសម្រាប់សាលារៀន និងកម្មវិធីអប់រំទាំងអស់របស់ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ក្នុងការបើកផ្លូវឆ្ពោះទៅកាន់កម្មវិធីអប់រំកម្រិតពិភពលោក និងការបន្តការសិក្សាកម្រិតអន្តរជាតិនៅប្រទេសអូស្ត្រាលីសម្រាប់សិស្សានុសិស្ស និងសិស្សបញ្ចប់ការសិក្សា។
លោក ប្រធាននាយក ប្រតិបត្តិ មានប្រសាសន៍ថា៖ «នៅស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប និងសាលារៀនសុវណ្ណភូមិ យើងប្តេជ្ញាផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់ ដែលជួយជំរុញ និងពង្រឹងសមត្ថភាពសិស្សានុសិស្សរបស់យើងឱ្យរីកចម្រើន ដើម្បីទទួលបានជោគជ័យទាំងក្នុងការសិក្សា និងអាជីពការងារលើឆាកអន្តរជាតិ»។
ដើម្បីគាំទ្រដល់ដំណើរសិក្សារបស់សិស្សានុសិស្សប្រកបដោយភាពជោគជ័យ សាលារៀនបានផ្តល់ជូននូវកម្មវិធីសិក្សាជាតិ ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយកម្មវិធីសិក្សា SACE សម្រាប់សិស្សានុសិស្សក្នុងកម្មវិធីសិក្សាអន្តរជាតិបីភាសា (ITP) ដែលផ្តល់លទ្ធភាពចូលសិក្សាដោយផ្ទាល់នៅរដ្ឋអូស្ត្រាលីខាងត្បូង និងប្រព័ន្ធអប់រំអន្តរជាតិ។ បន្ថែមពីនេះ សិស្សានុសិស្សក៏ទទួលបានការបណ្តុះបណ្តាលសមត្ថភាពភាសាអង់គ្លេសកម្រិតខ្ពស់តាមរយៈកម្មវិធីភាសាអង់គ្លេសទូទៅ (General English Program) ដែលទទួលស្គាល់ដោយ Cambridge English Assessment និង IELTS ដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ផ្លូវសិក្សា អាជីពការងារ និងគោលដៅជីវិតនាពេលអនាគតក្រោយពេលបញ្ចប់ថ្នាក់វិទ្យាល័យ។
តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយស្ថាប័ន StudyAdelaide កម្មវិធីនេះបាននាំយកឱកាសឧត្តមសិក្សាកម្រិតសកលមកដល់បរិវេណសាលាផ្ទាល់ ដើម្បីណែនាំដល់សាលារៀន កសាងសហគមន៍គាំទ្រដ៏រឹងមាំ ផ្តល់ការប្រឹក្សាយោបល់ដោយផ្ទាល់ដល់មាតាបិតា និងសិស្សានុសិស្ស ចែករំលែកបទពិសោធន៍វប្បធម៌រវាងកម្ពុជា និងអូស្ត្រាលី ព្រមទាំងលើកកម្ពស់កម្មវិធីអប់រំអន្តរជាតិ។ ក្នុងឱកាសនោះ មានការចូលរួមពីតំណាងស្ថាប័នអប់រំឈានមុខគេរបស់ប្រទេសអូស្ត្រាលីរួមមាន៖
– Adelaide University- Flinders University
– Le Cordon Bleu
– Stanley College
– Torrens University
– University of the Sunshine Coast (UniSC)
– អតីតនិស្សិតនៃស្ថាប័ន StudyAdelaide (Alumni of StudyAdelaide)
លោក ឃឹម ផុន បានសម្តែងការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែង និងទឹកចិត្តក្នុងការអប់រំបុត្រធីតាឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង ដោយលោកបានសង្កត់ធ្ងន់ថា ការជ្រើសរើសសាកលវិទ្យាល័យ និងគោលដៅសិក្សាដ៏ត្រឹមត្រូវ គឺជាការសម្រេចចិត្តដ៏សំខាន់បំផុតមួយរបស់គ្រួសារ។ លោកបានបន្តថា អ៊ិន ធី ស៊ី គ្រុប និងសាលារៀនសុវណ្ណភូមិ ចែករំលែកចក្ខុវិស័យរួមជាមួយមាតាបិតា ចំពោះសុវត្ថិភាព សុភមង្គល និងសមិទ្ធផលសិក្សារបស់កុមារ និងយុវជន ព្រមទាំងសង្ឃឹមថាវគ្គព័ត៌មាននេះនឹងផ្តល់នូវទំនុកចិត្ត និងភាពច្បាស់លាស់អំពីផ្លូវសិក្សា បណ្តាញគាំទ្រ និងលទ្ធផលអាជីពការងារនៅរដ្ឋអូស្ត្រាលីខាងត្បូង តាមរយៈភាពជាដៃគូអប់រំរបស់ អ៊ិន ធី ស៊ី។
ជាកិច្ចបញ្ចប់ ក្នុងនាម អ៊ិន ធី ស៊ី គ្រុប និងសាលារៀនសុវណ្ណភូមិ លោក ឃឹម ផុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូរដ្ឋអូស្ត្រាលីខាងត្បូង ដែលបានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមជំរុញទឹកចិត្តដល់យុវជន និងសិស្សានុសិស្សកម្ពុជាជំនាន់ក្រោយឆ្ពោះទៅកាន់ការសិក្សាកម្រិតសកល ព្រមទាំងផ្តល់ការប្រឹក្សាសិក្សា និងព័ត៌មានអាហារូបករណ៍ដោយផ្ទាល់។ លោកក៏បានថ្លែងអំណរគុណដល់ស្ថាប័ន StudyAdelaide តំណាងស្ថាប័នអប់រំទាំងអស់ គណៈកម្មការរៀបចំ នាយកសាលារៀនសុវណ្ណភូមិ និងក្រុមការងារប្រតិបត្តិការទាំងអស់ ចំពោះការលះបង់កម្លាំងកាយចិត្តក្នុងការដឹកនាំ និងរៀបចំកម្មវិធីដ៏មានអត្ថន័យនេះឱ្យប្រព្រឹត្តទៅដោយជោគជ័យ៕


