សិស្សានុសិស្សស្ទឹងហាវ ៨០០ នាក់ រួមគ្នាប្រកាន់ជំហរនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ដើម្បីពង្រឹងខែលការពារយុវវ័យពីអន្ទាក់នៃព័ត៌មានក្លែងក្លាយ ពង្រឹងភាពធន់ប្រឆាំងការឆបោកដោយបច្ចេកវិទ្យាAi
ខេត្តព្រះស៊ីហនុ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ — លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន ៨០០ នាក់ នៃវិទ្យាល័យស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះស៊ីហនុ បានប្តេជ្ញារួមគ្នាពង្រឹងខែលការពារយុវវ័យពីអន្ទាក់នៃព័ត៌មានក្លែងក្លាយ និងពង្រឹងភាពធន់ប្រឆាំងនឹងការឆបោកដោយបច្ចេកវិទ្យាAi ក្នុងឱកាសនៃយុទ្ធនាការជាតិ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
ពិធីផ្សព្វផ្សាយនេះ ត្រូវបានសម្របសម្រួលរៀបចំឡើងដោយមន្ទីរព័ត៌មានខេត្តព្រះស៊ីហនុ ក្រោមការដឹកនាំរបស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារចំពោះកិច្ចរៀបចំយុទ្ធនាការ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះស៊ីហនុ លោកប្រធាន និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្ត មន្ទីរអប់រំ យុវជន និងកីឡា អាជ្ញាធរដែនដី ព្រមទាំងអ្នកសារព័ត៌មានក្នុងខេត្តផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ បានគូសបញ្ជាក់ពីការវិវត្តដ៏គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងល្បិចកលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ដែលមានលក្ខណៈស្មុគស្មាញ និងអាចបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរ រហូតបណ្តាលឱ្យជនរងគ្រោះបាត់បង់ទ្រព្យសម្បត្តិ កិត្តិយស ឈានដល់ការបាត់បង់ជីវិត ព្រមទាំងអាចបង្កមហន្តរាយដល់សន្តិសុខជាតិទៀតផង។ ឯកឧត្តមបានពន្យល់ថា ជនខិលខូចបានប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងផ្លូវទុច្ចរិត ជាអាវុធប្រកបដោយគ្រោះថ្នាក់ ដើម្បីផលិតរូបភាព វីដេអូ និងសំឡេងក្លែងក្លាយ សម្រាប់បម្រើឱ្យគោលដៅទុច្ចរិតធំៗពីរគឺ៖
ទី១. ក្រុមជនទុច្ចរិត ឬពួកឧក្រិដ្ឋប្រើប្រាស់ AI ដើម្បីបំភ្លៃការពិត បំភាន់ភ្នែកមហាជន ញុះញង់ បង្កការភាន់ច្រឡំ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសបុគ្គល ស្ថាប័ន បំពុលបរិយាកាសសង្គម និងបង្កចលាចលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពសង្គម រហូតដល់បង្កមហន្តរាយដល់សន្តិសុខជាតិ។
ទី២. ឧក្រិដ្ឋជនប្រើប្រាស់ AI ដើម្បីបន្លំ អូសទាញយុវវ័យឱ្យធ្លាក់ក្នុងអន្ទាក់តាមរយៈល្បិចកលជាច្រើន រួមមាន ការប្រើប្រាស់គណនីក្លែងក្លាយមកលួងលោមទាក់ទាញយុវវ័យ ជាពិសេសក្មេងស្រី ឱ្យថតរូបភាពឯកជនដើម្បីគំរាមទារប្រាក់ ការបោកប្រាស់បែបស្នេហា ការអូសទាញឱ្យដាក់ទុនវិនិយោគដែលសន្យាផ្តល់ប្រាក់ចំណេញខ្ពស់ហួសហេតុក្នុងរយៈពេលខ្លី និងការផ្ញើសារផ្តល់ប្រាក់រង្វាន់ខ្យល់ដើម្បីលួចយកទិន្នន័យ និងប្រាក់កាស ដែលក្នុងករណីធ្ងន់ធ្ងរបានធ្វើឱ្យជនរងគ្រោះរងសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ រហូតឈានដល់ការបាត់បង់ជីវិត។
ដើម្បីបង្កើតជាខែលការពារខ្លួនពីហានិភ័យដ៏គ្រោះថ្នាក់ទាំងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបំពាក់ជូនសិស្សានុសិស្សនូវវិធីសាស្ត្រអនុវត្តជាក់ស្តែង គឺ គោលការណ៍ «៣កុំ ១ការពារ» និង ក្បួន «ផ្អាកគិត ១៥ វិនាទី» ដែលរួមមាន៖
- កុំទាន់ជឿភ្លាម៖ កុំជឿតាមអារម្មណ៍ ឬការរំជើបរំជួលនៅពេលឃើញព័ត៌មានប្លែក ដោយត្រូវផ្អាកហើយគិតពិចារណាជាមុន។
- កុំទាន់ចែករំលែក (Share)៖ ជៀសវាងការចែករំលែកប្រភពព័ត៌មានមិនច្បាស់លាស់ ដើម្បីកុំឱ្យក្លាយជាអ្នកចម្លងមេរោគព័ត៌មានក្លែងក្លាយ។
- កុំប្រហែសពេលប្រើប្រាស់បណ្តាញសង្គម៖ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានហូរចូល និងដាច់ខាតមិនត្រូវចុចលើតំណភ្ជាប់ (Link) ចម្លែក ឬមានភាពទាក់ទាញហួសហេតុឡើយ។
- ១ការពារ (ការពារសន្តិសុខព័ត៌មានខ្លួនឯង)៖ ពង្រឹងអក្ខរកម្មព័ត៌មាន និងយកចំណេះដឹងទាំងនេះទៅចែករំលែកបន្តដល់មិត្តភក្តិ គ្រួសារ និងមនុស្សជុំវិញខ្លួន ឱ្យយល់ដឹងទាន់ល្បិចកលនៃព័ត៌មានក្លែងក្លាយ។
- ក្បួន «ផ្អាកគិត ១៥ វិនាទី»៖ ទុកពេលវេលាសម្រាប់ផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះជាមួយប្រភពផ្លូវការ និងការផ្សាយរបស់ស្ថាប័នសារព័ត៌មានវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន មុននឹងជឿ ឬចែករំលែកបន្ត។
ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះយុវវ័យស្ទឹងហាវ ដែលបានប្តេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងក្លាយខ្លួនជា «ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» សម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ។
គួរបញ្ជាក់ថា យុទ្ធនាការជាតិ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ត្រូវបានដាក់ឱ្យអនុវត្តចាប់ពីខែឧសភា ឆ្នាំ២០២៦ ដោយពិធីបើកយុទ្ធនាការបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង សិស្សានុសិស្ស អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងកិច្ចសហការគាំទ្រពីក្រសួង-មន្ទីរអប់រំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរដែនដី។
គិតត្រឹមថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ យុទ្ធនាការបានចុះអនុវត្តផ្ទាល់នៅតាមវិទ្យាល័យ និងអនុវិទ្យាល័យក្នុងរាជធានី-ខេត្តចំនួន ១៩ រួចមកហើយ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះវិហារ តាកែវ កំពង់ស្ពឺ កំពត ពោធិ៍សាត់ កំពង់ធំ សៀមរាប កំពង់ចាម កែប កោះកុង បាត់ដំបង កំពង់ឆ្នាំង ឧត្តរមានជ័យ បន្ទាយមានជ័យ ក្រចេះ ព្រៃវែង ព្រះសីហនុ និងប៉ៃលិន ដោយមានអ្នកចូលរួមជាឃោសនិកផ្ទាល់សរុបជិត ៨ ម៉ឺននាក់ និងមានអ្នកតាមដាននិងចូលរួមចែករំលែកចំនួនជាង ១៥លានដង លើបណ្តាញសង្គម ហើយយុទ្ធនាការនឹងបន្តបេសកកម្មផ្សព្វផ្សាយទៅកាន់សិស្សានុសិស្សនៅតាមបណ្តាខេត្តផ្សេងទៀតទូទាំងប្រទេស៕

