ឯកឧត្តម ឆាយ វណ្ណា អំពាវនាវដល់មេដឹកនាំសាសនាឱ្យពង្រីកការងារផ្សព្វផ្សាយអប់រំបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនក្នុងសហគមន៍ និងជំរុញការប្រើប្រាស់App NoDrug ។
(ខេត្តកំពង់ឆ្នាំង) ៖ ឯកឧត្តម ឆាយ វណ្ណា ប្រធានលេខាធិការក្រុមសមាជិកព្រឹទ្ធសភាតំបន់២ ថ្លែងបែបនេះនៅក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពី “ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន App NoDrug និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនក្នុងវិស័យពាហិរសាសនា” ដែលសហការរៀបចំរវាងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្តបរិស័ទកម្ពុជា នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសាសនិក គ្រូគង្វាល ឧកញ៉ាខ្នួរ អ៊ិម៉ាំ កឹម តួន សិទ្ធិចារ្យ បូជាចារ្យ សរុបជាង ២០០នាក់។
លោក អ៊ួង យូហាន ប្រធានក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា បានថ្លែងរាយការណ៍ពីលទ្ធផលនិងបានថ្លែងអំណរគុណដល់តំណាងនីតិបញ្ញត្តិ នីតិប្រតិបត្តិ ព្រមទាំងអាជ្ញាធរខេត្តកំពង់ឆ្នាំងដែលបានជួយជ្រោមជ្រែងដល់ក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ឲ្យសិក្ខាសាលានេះប្រព្រឹត្តទៅបានរលូនជោគជ័យ។
ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ពាំនាំនូវប្រសាសន៍របស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងអំណរគុណ ដល់កិច្ចសហការពីគ្រប់ភាគីចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនហើយវិស័យសាសនាជាដៃគូមិនអាចខ្វះបានក្នុងការងារផ្សព្វផ្សាយអប់រំលើកកម្ពស់ការយល់ដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន ” ភាពញៀនគ្រឿងញៀនមិនប្រកាន់សាសនាឬដំណរពូជឡើយ អ្នកណាប្រព្រឹត្តអ្នកនោះជាអ្នកទទួល ” ” កុំជឿ កុំជក់ កុំជួញគ្រឿងញៀន ” និងបន្តផ្សព្វផ្សាយនិងប្រើប្រាស់App NoDrug ដើម្បីយកគ្រឿងញៀនចេញពីសហគមន៍ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឆាយ វណ្ណា ថ្លែងសាទរ កោតសរសើរ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីពង្រឹងប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន អប់រំដល់យុវជននៅតាមសាលារៀន វត្តអារាម ព្រះវិហារ ព្រះវិហារអ៊ិស្លាម និងសហគមន៍ ។ កាលណាចៀសផុតបានពីបញ្ហាគ្រឿងញៀនគឺយើងពង្រឹងបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុខដុមនីយកម្មសាសនា “និងសូមអំពាវនាវដល់ថ្នាក់ដឹកនាំសាសនាត្រូវឱ្យពង្រីកការងារផ្សព្វផ្សាយអប់រំបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ក្នុងសហគមន៍ និងបំផុតការប្រើប្រាស់App NoDrug ប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ និងញុះញង់។


