រុស្ស៊ីរាយការណ៍ថាបានបាញ់ទម្លាក់ Drone អ៊ុយក្រែនជាង៨០០គ្រឿង បន្ទាប់ពីអ៊ុយក្រែនបានវាយប្រហារលើមូលដ្ឋានទ័ពអាកាសយោធារុស្ស៊ី ចំនួន ២០៣លើក

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កងទ័ពរុស្ស៊ីបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនជាង ៨០០ គ្រឿង និងបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងដឹកជញ្ជូនរបស់អ៊ុយក្រែនក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ ក្នុងពេលជាមួយគ្នានេះ អ៊ុយក្រែនបានអះអាងថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារលើមូលដ្ឋានទ័ពអាកាសយោធារុស្ស៊ីមួយកន្លែង។ ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃពុធថា កងកម្លាំងរុស្ស៊ីបានវាយប្រហារគោលដៅនានានៅក្នុងតំបន់ចំនួន ១៤៩ កន្លែងក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ រួមទាំងហេដ្ឋារចនាសម្ព័ន្ធថាមពល និងដឹកជញ្ជូនដែលប្រើប្រាស់ដោយកងកម្លាំងអ៊ុយក្រែន ទីតាំងឧស្សាហកម្មយោធាអ៊ុយក្រែន និងទីតាំងដាក់ពង្រាយបណ្តោះអាសន្នសម្រាប់កងទ័ពអ៊ុយក្រែន និងកងទ័ពស៊ីឈ្នួលបរទេស។ ក្រសួងបានបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានស្ទាក់ចាប់ និងបាញ់ទម្លាក់ដ្រូនស្លាបថេរ ឬ (fixed-wing drones) របស់អ៊ុយក្រែនចំនួន ៨៦៣ គ្រឿង។ នៅថ្ងៃដដែលនោះ ទីបញ្ជាការជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានរាយការណ៍ថា មានការប៉ះទង្គិចគ្នាចំនួន២០៣លើកបានកើតឡើងនៅតាមបណ្តោយខ្សែត្រៀមជួរមុខក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ។ ទីបញ្ជាការនេះបានឱ្យដឹងថា កងកម្លាំងទ័ពអាកាស កងកម្លាំងមីស៊ីល និងកងកម្លាំងកាំភ្លើងធំរបស់អ៊ុយក្រែន បានវាយប្រហារលើតំបន់ដែលជាទីតាំងប្រមូលផ្តុំកងទ័ព និងសម្ភារៈយោធារបស់រុស្ស៊ី។ លើសពីនេះ ក៏មានសេចក្តីរាយការណ៍ផងដែរថា កងកម្លាំងការពារអ៊ុយក្រែនបានធ្វើការវាយប្រហារលើមូលដ្ឋានទ័ពអាកាសយោធាមួយកន្លែងនៅក្នុងតំបន់ Nizhny Novgorod Oblast នៃប្រទេសរុស្ស៊ី។ របាយការណ៍បឋមបានបង្ហាញថា យន្តហោះយោធារុស្ស៊ីចំនួន៥គ្រឿងបានរងការខូចខាតជាទំងន់៕

សម្រួលអត្ថបទ៖ សុផារិន្ទ