ឱកាសល្អ! រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយសាកលវិទ្យាល័យចិនបើកឱកាសផ្តល់អាហារូបករណ៍១០០%លើជំនាញ«ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន»

វិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានសហការជាមួយសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាំងស៊ី (JUFE) នៃប្រទេសចិន ផ្តល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញធុរកិច្ចអន្តរជាតិ ឯកទេស «ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន» រហូតដល់១០០%ដល់សិស្ស និស្សិត និងអ្នកសិក្សាស្រាវជ្រាវកម្ពុជា។ កម្មវិធីផ្តល់អាហារូបករណ៍នេះ គឺសម្រាប់បេក្ខជនដែលមានលក្ខណសម្បត្តិសមស្រប ដោយការជ្រើសរើស និងសម្រេចផ្តល់អាហារូបករណ៍ដោយសាកលវិទ្យាល័យចិន តាមរយៈការសម្ភាសតាមប្រព័ន្ធអនឡាញជាភាសាអង់គ្លេស។

លោកបណ្ឌិត គី សេរីវឌ្ឍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ប្រធានវិទ្យាស្ថានសិក្សាចិន ចាប់ទទួលពាក្យចចាប់ពីពេលនេះតទៅ ហើយក្រោយពីបញ្ចប់ការទទួលពាក្យ វិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំបញ្ជីឈ្មោះបេក្ខជនបញ្ជូនទៅភាគីចិន ដើម្បីរៀបចំការសម្ភាស និងវាយតម្លៃសមត្ថភាពបេក្ខជន មុនសម្រេចផ្តល់អាហារូបករណ៍នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោកបណ្ឌិត គី សេរីវឌ្ឍ បានបញ្ជាក់ថា៖ «អ្នកដែលជ្រើសរើស និងសម្រេចផ្តល់អាហារូបករណ៍ គឺខាងចិន មិនមែនយើងទេ។ ហើយការសម្ភាស គឺធ្វើឡើងជាភាសាអង់គ្លេស»។ បើតាមលោកបណ្ឌិត ការសម្ភាសនឹងត្រូវធ្វើឡើងតាមកាលវិភាគដែលភាគីចិនរៀបចំ ដោយបេក្ខជននឹងទទួលបានការជូនដំណឹងអំពីពេលវេលាសម្ភាសជាក់លាក់នៅពេលក្រោយ។

សម្រាប់បេក្ខជនដែលទទួលបានអាហារូបករណ៍ ពួកគេនឹងមានឱកាសចូលរួមកម្មវិធីសិក្សារយៈពេល២ឆ្នាំ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា និងទីក្រុងណានឆាង ប្រទេសចិន។ កម្មវិធីនេះ ក៏តម្រូវឱ្យនិស្សិតចុះកម្មសិក្សាយ៉ាងតិច២ខែ នៅក្រុមហ៊ុនក្នុងប្រទេសកម្ពុជា ឬចិន ដើម្បីពង្រឹងជំនាញ និងទទួលបានបទពិសោធន៍ការងារជាក់ស្តែង។ ការផ្តល់អាហារូបករណ៍នេះ ត្រូវបានរំពឹងថានឹងជួយបង្កើនឱកាសដល់និស្សិតកម្ពុជា ក្នុងការទទួលបានចំណេះដឹង និងជំនាញឯកទេសដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មអន្តរជាតិ។

លោកបណ្ឌិត គី សេរីវឌ្ឍ បានបញ្ជាក់ថា អាហារូបករណ៍នេះ នឹងផ្តល់ជូនចំនួន៣០%នៃនិស្សិតដែលចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញធុរកិច្ចអន្តរជាតិ ឯកទេស «ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន»។ លោកបណ្ឌិត គី សេរីវឌ្ឍ បានលើកទឹកចិត្តដល់និស្សិត និងយុវជនកម្ពុជា ជាពិសេសអ្នកដែលមានបំណងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឱ្យរួសរាន់ចាប់យកឱកាសនេះ តាមរយៈការដាក់ពាក្យចូលរៀន និងប្រកួតប្រជែងយកអាហារូបករណ៍ ខណៈកម្មវិធីកំពុងបើកទទួលពាក្យ។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ការសិក្សាក្រោមកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអប់រំកម្ពុជា និងចិន ជាឱកាសដ៏ល្អសម្រាប់យុវជនក្នុងការពង្រឹងចំណេះដឹង ជំនាញវិជ្ជាជីវៈ និងបទពិសោធន៍អន្តរជាតិ ជាពិសេសក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន ដែលកំពុងមានសារៈសំខាន់ក្នុងសេដ្ឋកិច្ចឌីជីថល។ លោកក៏បានលើកទឹកចិត្តឱ្យបេក្ខជនដែលមានចំណាប់អារម្មណ៍ត្រៀមខ្លួនឱ្យបានល្អ ជាពិសេសសមត្ថភាពភាសាអង់គ្លេស សម្រាប់ការសម្ភាសជាមួយភាគីសាកលវិទ្យាល័យចិន ដែលជាអ្នកសម្រេចផ្តល់អាហារូបករណ៍។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីសិក្សា អ្នកចាប់អារម្មណ៍អាចទាក់ទងតាមលេខទូរសព្ទ 067 811 667, 010 268 797 ឬ 099 238 677៕