ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានជំរុញកិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ច និងវិនិយោគប្រកបដោយបរិយាបន្ន ជាមួយសម្ព័ន្ធក្រុមហ៊ុនធុរកិច្ចនៃសមាគមអតីតយុទ្ធជនឥណ្ឌូណេស៊ី ដើម្បីបង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន និវត្តជន និងក្រុមគ្រួសារ។

កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) បានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ច និងជួបពិភាក្សាការងារជាមួយសម្ព័ន្ធក្រុមហ៊ុនធុរកិច្ចនៃសមាគមអតីតយុទ្ធជនឥណ្ឌូណេស៊ី ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញឱកាសវិនិយោគនៅកម្ពុជា។

ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការជំរុញគម្រោងវិនិយោគប្រកបដោយបរិយាបន្ន ដោយផ្តល់ឱកាសឱ្យអតីតយុទ្ធជន និវត្តជន និងក្រុមគ្រួសារ បានចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច ទទួលបានឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាព។

ជាលទ្ធផលជាក់ស្តែង ភាគីឥណ្ឌូណេស៊ីនឹងបញ្ជូនក្រុមការងារធុរកិច្ចមកកម្ពុជា ដើម្បីចុះសិក្សាសក្តានុពល និងឱកាសវិនិយោគជាក់ស្តែង ឈានទៅបង្កើតគម្រោងសហប្រតិបត្តិការរួមគ្នានាពេលអនាគត។

ទស្សនកិច្ចនេះ មិនត្រឹមតែរួមចំណែកពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងអតីតយុទ្ធជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីជាប្រយោជន៍ដល់អតីតយុទ្ធជន និវត្តជន និងក្រុមគ្រួសារផងដែរ៕