ករណីផ្ទុះរថយន្តដឹកប្រេងបង្ករជាគ្រោះអគ្គិភ័យដ៏សាហាវនៅលើផ្លូវហាយវេក្បែរទីក្រុងគែរ ប្រទេសអេហ្ស៊ីប សម្លាប់មនុស្សជាង ៣០នាក់ភ្លាមៗ

អាជ្ញាធរអេហ្ស៊ីបបានឱ្យដឹងថា មានអណ្តាតភ្លើងដ៏ធំមួយបានឆាបឆេះឡើងទៅលើផ្ទៃមេឃនាពេលរាត្រីយប់មិញនេះ បន្ទាប់ពីរថយន្តដឹកប្រេងមួយគ្រឿងបានជួបគ្រោះថ្នាក់ បង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅនៅលើផ្លូវហាយវេដ៏សំខាន់មួយជុំវិញទីក្រុងគែរ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣១ នាក់។ យោងតាមតួលេខចុងក្រោយដែលចេញផ្សាយដោយក្រសួងសុខាភិបាល បានឲ្យដឹងថាអគ្គិភ័យនៅលើផ្លូវ Ring Road ដែលជាផ្លូវគន្លឹះសំខាន់ព័ទ្ធជុំវិញរដ្ឋធានីរបស់អេហ្ស៊ីបនេះ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២១ នាក់រងរបួស និងមានទាំងរថយន្ត ព្រមទាំងម៉ូតូជាង២០គ្រឿងទៀតត្រូវបានឆេះខ្ទេចខ្ទី។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ទីតាំងដែលរងគ្រោះថ្នាក់នេះបានកើតឡើងស្ថិតនៅក្នុងតំបន់ Waraq ដែលជាសង្កាត់មានប្រជាជនរស់នៅយ៉ាងណែនខ្លាំងណាស់ ក្នុងតំបន់ Giza ដែលជាផ្នែកមួយនៃតំបន់ទីក្រុងគែរធំ ឬ (Greater Cairo)។ គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវនេះបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសអេហ្ស៊ីប ដែលជាប្រទេសមានកំណត់ត្រាសុវត្ថិភាពចរាចរណ៍មិនសូវល្អ។ ការបើកបរលឿនហួសកំណត់ ស្ថានភាពផ្លូវមិនល្អ និងការអនុវត្តច្បាប់ចរាចរណ៍មិនបានតឹងរ៉ឹង គឺជាមូលហេតុចម្បងនៃគ្រោះថ្នាក់ភាគច្រើនបំផុតដែរ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ