ប្រធានាធិបតីបារាំង Emmanuel Macron អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជនបារាំង និងកម្ពុជាដែលបានពលីក្នុងសង្គ្រាមលោកលើកទី១ នៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជន រាជធានីភ្នំពេញ
ភ្នំពេញ៖ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជនជាទាហានបារាំង និងកម្ពុជាដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី១ នៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជន ស្ថិតក្នុងឧទ្យាន ឡេអូប៉ូល សេដា សេនហ្គ័រ (សួនច្បារមុខស្ថានទូតបារាំង) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
វិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជន ដែលប្រជាជនខ្មែរនិយមហៅថា វិមាន «រូបពីរ» ត្រូវបានសាងសង់ឡើងដើម្បីឧទ្ទិសដល់វីរជនជាទាហានបារាំង និងកម្ពុជាដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី១ ចន្លោះឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨។ វិមាននេះមិនត្រឹមតែជាទីកន្លែងរំលឹកដល់ការលះបង់របស់វីរជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃប្រវត្តិសាស្ត្ររួម និងចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងបារាំងផងដែរ។
តាមឯកសាររាជកិច្ចរាជការ បោះពុម្ពក្នុងឆ្នាំ១៩២៥ វិមាននេះត្រូវបានហៅថា «វិមានរំឭកគុណដល់អ្នកដែលទទួលអនិច្ចកម្មក្នុងចម្បាំងធំ (១៩១៤-១៩១៨)» និងមានចារឹកជាភាសាបារាំងថា «Monument aux Morts»។ វិមានដើមត្រូវបានសាងសង់ឡើងនៅតំបន់ក្បែរគល់ស្ពានជ្រោយចង្វារ ត្រើយខាងលិច ក្នុងរាជធានីភ្នំពេញ ប៉ុន្តែត្រូវបានបំផ្លាញក្នុងសម័យសង្គ្រាម និងការប្រែប្រួលនយោបាយនៅកម្ពុជា។
ក្រោយមក រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចសាងសង់វិមាននេះឡើងវិញ ដោយបានប្រារព្ធពិធីសម្ពោធជាផ្លូវការនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីរក្សាទុកជាបេតិកភណ្ឌនៃការចងចាំប្រវត្តិសាស្ត្រ និងជានិមិត្តរូបនៃសាមគ្គីភាព មិត្តភាព និងទំនាក់ទំនងជាប្រពៃណីរវាងប្រទេសទាំងពីរ៕


