ធនាគារ​ ARDB បានចូលួមវេទិកាសហគ្រិនហ្វ្រង់កូហ្វូន ដែលជាព្រឹត្តិការណ៍អមមួយរបស់កិច្ចប្រជុំកំពូលហ្វ្រង់កូនហ្វូនី លើកទី២០

រាជធានីភ្នំពេញ​៖​ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់​ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ធនាគារអភិវឌ្ឍន៍ជន​ និងកសិកម្ម (ARDB) នៅរសៀលថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៦នេះ លោក ថាត ចាន់ថាគៀ ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ និងលោក ជិន ជ័យាបុត្រ ប្រធាននាយកដ្ឋានរដ្ឋបាល បានចូលរួមវេទិកាសហគ្រិនហ្វ្រង់កូហ្វូន លើកទី៦ (Rencontre des Entrepreneurs Francophones – REF 2026) នៅរាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍អមមួយរបស់កិច្ចប្រជុំកំពូលហ្វ្រង់កូនហ្វូនី លើកទី២០។

វេទិកាសហគ្រិនហ្វ្រង់កូហ្វូនលើកទី៦ នេះជាវេទិកាដំបូងរៀបចំនៅអាស៊ីអាគ្នេយ៍ ដោយមានកិច្ចសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន ពីថ្ងៃទី១៣-១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលបានផ្តល់នូវកាលានុវត្តភាពធុរកិច្ច លំហបរិយាកាស និងភាពជាដៃគូវិនិយោគនៃបណ្តាប្រទេសនិយាយភាសាបារាំង ជាពិសេស ការតភ្ជាប់បណ្តាញសម្ព័ន្ធនិយោគហ្រ្វង់កូហ្វូនមកកាន់ទ្វីបអាស៊ី។

វេទិកានេះរៀបចំ​នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ក្រោមអធិបតីភាពពីនាយករដ្ឋមន្រ្តីនៃខេត្តកេបិច(Quebec) ប្រទេសកាណាដា, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង លោក Ahmed Cissé ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន៕