ពិធីប្រកាសបើកដំណើរការជាផ្លូវការនៃគម្រោង «CamboPath» ដើម្បីពង្រឹងការបណ្ដុះបណ្ដាល កាយវិភាគ និងកោសិកាវិទ្យា នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល តាមរយៈនវានុវត្តន៍ឌីជីថល
ទីតាំងទី១ ស.វ.ស.៖ នាថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានរៀបចំពិធីប្រកាសបើកដំណើរការជាផ្លូវការនូវគម្រោង ថ្នាលឌីជីថល សម្រាប់ការសិក្សា កាយវិភាគ និងកោសិកាវិទ្យា នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល «CamboPath» ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដោយមានការអញ្ជើញចូលរួមពី លោក Benjamin Béchaz ទីប្រឹក្សាតំបន់ផ្នែកសុខភាពសាកលប្រចាំក្រសួងអឺរ៉ុប និងការបរទេសបារាំង, លោកស្រីសាស្ត្រាចារ្យ Cécile Badoual ប្រធានផ្នែកជីវវិទ្យា និងរោគសាស្ត្រវេជ្ជសាស្ត្រ នៃវិទ្យាស្ថាន Gustave Roussy សាកលវិទ្យាល័យ Paris-Cité និងជាប្រធានផ្នែក កាយវិភាគ និងកោសិកាវិទ្យា បារាំងនៃបណ្ឌិត្យសភារោគសាស្ត្រអន្តរជាតិ (IAP-DF) ព្រមទាំង លោកស្រី Emilie Ong ប្រធានគម្រោងសុខភាពនៃទីភ្នាក់ងារ Expertise France។
ពិធីនេះត្រូវបានរៀបចំឡើងស្របពេលជាមួយនឹង កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ ដែលឆ្លុះបញ្ចាំងពីភាពរស់រវើកនៃកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនី និងការប្ដេជ្ញាចិត្តរួមគ្នាក្នុងការជំរុញនវានុវត្តន៍ឌីជីថលលើវិស័យបណ្ដុះបណ្ដាលវេជ្ជសាស្ត្រនៅកម្ពុជា។
ឯកឧត្តម សាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បានគូសបញ្ជាក់ថា លើសពីឧបករណ៍បច្ចេកវិទ្យា CamboPath គឺជាការវិនិយោគលើធនធានមនុស្ស ដើម្បីលើកកម្ពស់គុណភាពនៃការធ្វើរោគវិនិច្ឆ័យ និងការថែទាំព្យាបាលអ្នកជំងឺនៅកម្ពុជា និងជាស្ពានតភ្ជាប់ដ៏រឹងមាំរវាងអ្នកជំនាញបារាំង និងកម្ពុជា។
លោក Benjamin Béchaz បានលើកឡើងពីសន្ទុះវិជ្ជមានដ៏ខ្លាំងក្លានៃកិច្ចសហប្រតិបត្តិការវេជ្ជសាស្ត្រ និងជីវវេជ្ជសាស្ត្ររវាងប្រទេសទាំងពីរ។ លោកស្រីសាស្ត្រាចារ្យ Cécile Badoual បានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការរួមគ្នារវាងបារាំង និងកម្ពុជា ក្រោមការគាំទ្រផ្នែកគោលនយោបាយយ៉ាងពេញទំហឹង ខណៈដែល លោកស្រី Emilie Ong បានឱ្យដឹងថា គម្រោងនេះត្រូវបានសម្រិតសម្រាំងឡើងក្រោមកម្មវិធីពង្រឹងធនធានមនុស្សរបស់ Expertise France ដើម្បីអភិវឌ្ឍសមត្ថភាពវិស័យសុខាភិបាលប្រកបដោយចីរភាព។
គួរបញ្ជាក់ថា គម្រោង CamboPath ដែលមានរយៈពេល ១៨ ខែ ត្រូវបានជ្រើសរើស និងគាំទ្រថវិកាដោយ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងអនុវត្តដោយ ទីភ្នាក់ងារ Expertise France ក្រោមកម្មវិធី «ធនធានមនុស្សប្រកបដោយនវានុវត្តន៍ក្នុងវិស័យសុខាភិបាល» (RHIS)។ គម្រោងនេះនឹងធ្វើទំនើបកម្មវិធីសាស្ត្របង្រៀន និងរៀន នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល តាមរយៈការដាក់ឱ្យប្រើប្រាស់ថ្នាលឌីជីថល ដែលភ្ជាប់ជាមួយប្រព័ន្ធសិក្សា Moodle របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, ការបំពាក់ម៉ាស៊ីនស្កេនកញ្ចក់សំណាក (Slide Scanner) នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងការបង្កើតបណ្ណាល័យឌីជីថល ដែលផ្ទុកកញ្ចក់សំណាកឌីជីថលមានការពន្យល់លម្អិតចំនួន ២៥០ សំណាក អមដោយ មេរៀនអន្តរកម្ម (Interactive Modules) ចំនួន ២០ សម្រាប់និស្សិត វេជ្ជបណ្ឌិតឯកទេស និងគ្រូពេទ្យអនុវត្តផ្ទាល់៕


