ឯកឧត្តម នេត្រ ភក្ត្រា៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាវេទិកាបង្ហាញអរិយធម៌ វប្បធម៌ សក្តានុពលសេដ្ឋកិច្ច បច្ចេកវិទ្យាឌីជីថល និងបទពិសោធន៍សន្តិភាពរបស់កម្ពុជាទៅកាន់ពិភពលោក

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៦ មិនត្រឹមតែជាវេទិកាការទូតអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏សំខាន់សម្រាប់កម្ពុជាបង្ហាញអរិយធម៌ វប្បធម៌ បេតិកភណ្ឌ សក្តានុពលសេដ្ឋកិច្ច និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ព្រមទាំងចែករំលែកបទពិសោធន៍នៃការកសាងសន្តិភាពទៅកាន់ពិភពលោក។

ការគូសបញ្ជាក់នេះធ្វើឡើងក្នុងឱកាសឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ស្តីពីដំណើរការនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសហ្វ្រង់កូហ្វូនីលើកទី៤៨ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា តាមរយៈព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី» កម្ពុជានឹងបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិ តាមរយៈពន្លារបស់ប្រទេសជាសមាជិក ការសម្តែងសិល្បៈ ពិព័រណ៍ និងការបង្ហាញម្ហូបអាហារប្រពៃណី។

ជាមួយគ្នានេះ ពិព័រណ៍ FrancoTech ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នឹងផ្តោតលើនវានុវត្តន៍ បញ្ញាសិប្បនិម្មិត អភិបាលកិច្ចឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ និងសហគ្រិនភាព។ ព្រឹត្តិការណ៍នេះជាឱកាសសម្រាប់កម្ពុជាបង្ហាញសមិទ្ធផល និងបទពិសោធន៍ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាពិសេសប្រព័ន្ធទូទាត់ប្រាក់បាគង ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងវិនិយោគជាមួយបណ្តាប្រទេសជាសមាជិក។

ពាក់ព័ន្ធនឹងតួនាទីសារព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សារព័ត៌មានមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយខ្លឹមសារ និងសារៈសំខាន់នៃកិច្ចប្រជុំកំពូលទៅកាន់សហគមន៍អន្តរជាតិ ដោយត្រូវឆ្លុះបញ្ចាំងឱ្យបានទូលំទូលាយអំពីសក្តានុពលរបស់កម្ពុជា ទាំងផ្នែកនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ និងសង្គម។

ឯកឧត្តមបានអំពាវនាវដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ឱ្យប្រើប្រាស់ឱកាសនៃការអញ្ជើញមកកម្ពុជានេះ ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រ វប្បធម៌ ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍរបស់ប្រទេស ដើម្បីផ្សព្វផ្សាយរូបភាពកម្ពុជាឱ្យបានគ្រប់ជ្រុងជ្រោយទៅកាន់ពិភពលោក។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាមិនមែនមានតែរូបភាពនៃសង្គ្រាម និងសោកនាដកម្មក្នុងអតីតកាលនោះទេ ប៉ុន្តែជាប្រទេសដែលមានអរិយធម៌ដ៏ចំណាស់ បេតិកភណ្ឌដ៏សម្បូរបែប ប្រជាជនរួសរាយរាក់ទាក់ និងសក្តានុពលអភិវឌ្ឍន៍ជាច្រើន។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាម និងការបែកបាក់ ប៉ុន្តែបានខិតខំស្តារ និងកសាងប្រទេសឡើងវិញ រហូតក្លាយជាទីកន្លែងសម្រាប់ការសន្ទនា មិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ដូច្នេះ ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ មិនត្រឹមតែជាឱកាសបង្ហាញកិត្យានុភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសចែករំលែកបទពិសោធន៍នៃការកសាងសន្តិភាព និងការផ្សះផ្សាជាតិជាមួយសហគមន៍អន្តរជាតិផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលនេះជាសារបញ្ជាក់ពីសារៈសំខាន់នៃការយោគយល់ ការសន្ទនា និងកិច្ចសហប្រតិបត្តិការ ដោយបង្ហាញថា ប្រទេសនានាដែលមានភាពខុសគ្នាខាងប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងវប្បធម៌ អាចរួមគ្នាស្វែងរកដំណោះស្រាយ និងកសាងសន្តិភាព វិបុលភាពរួម។ សម្រាប់កម្ពុជា នេះជាឱកាសបង្ហាញមុខមាត់ថ្មីរបស់ប្រទេស និងពង្រឹងតួនាទីក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕