មណ្ឌលព័ត៌មាន (CENTRE DE MEDIA) នៅ OCIC រៀបចំរួចរាល់ ដើម្បីបម្រើអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១ ៣០០ នាក់ មកពីជាង ៤០ ប្រទេស ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

ភ្នំពេញ៖ មណ្ឌលព័ត៌មាន (CENTRE DE MÉDIAS) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) បានរៀបចំរួចរាល់ជាស្ថាពរ ដើម្បីបម្រើ និងសម្រួលដល់ការបំពេញការងាររបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ១ ៣៦៧ នាក់ មកពីជាង ៤០ ប្រទេស ដែលបានចុះឈ្មោះចូលរួមយកព័ត៌មាន និងផ្សព្វផ្សាយអំពីកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូនី) លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ដើម្បីធានាឱ្យការបំពេញបេសកកម្មព័ត៌មានក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់នេះប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព ក្រសួងព័ត៌មានបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការរៀបចំមណ្ឌលព័ត៌មាននេះ ដោយយកចិត្តទុកដាក់លើការរៀបចំទីតាំងបំពេញការងារ សម្ភារៈបរិក្ខារ ប្រព័ន្ធបច្ចេកវិទ្យា និងសេវាសម្របសម្រួលចាំបាច់នានា ដើម្បីផ្តល់លក្ខខណ្ឌអំណោយផលដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងការប្រមូល និងផ្សព្វផ្សាយព័ត៌មានពីកម្ពុជា ទៅកាន់សាធារណជននៅទូទាំងពិភពលោក។

ក្នុងចំណោមអ្នកចុះឈ្មោះសរុបចំនួន ១ ៣៦៧ នាក់ មានអ្នកចូលរួមពីប្រព័ន្ធផ្សព្វផ្សាយជាតិចំនួន ១១៧ អង្គភាព ស្មើនឹង ៦៧៦ នាក់ និងស្ថាប័នសារព័ត៌មានអន្តរជាតិចំនួន ១៨៦ ស្ថាប័ន ដែលមានអ្នកសារព័ត៌មានចំនួន ៤២១ នាក់ និងមន្ត្រីទទួលបន្ទុកបច្ចេកទេសផ្សព្វផ្សាយចំនួន ២៧០ នាក់។ សរុបមក មានអង្គភាព និងស្ថាប័នសារព័ត៌មានចំនួន ៣០៣ មកពីជាង ៤០ ប្រទេស បានចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍នេះ។

មណ្ឌលព័ត៌មាននេះមិនត្រឹមតែជាកន្លែងសម្រាប់អ្នកសារព័ត៌មានបំពេញការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាចំណុចកណ្តាលដ៏សំខាន់ក្នុងការផ្សព្វផ្សាយរូបភាពពិតរបស់កម្ពុជា ទៅកាន់ពិភពលោក។ តាមរយៈការចូលរួមរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ កម្ពុជាមានឱកាសបង្ហាញពីអរិយធម៌ដ៏ចំណាស់ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សក្តានុពលសេដ្ឋកិច្ច សមិទ្ធផលនានា និងស្មារតីស្រឡាញ់សន្តិភាពរបស់ប្រជាជនកម្ពុជា។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងបង្ហាញពីតួនាទីរបស់កម្ពុជាក្នុងការចូលរួមចំណែកលើកកម្ពស់សន្តិភាព មិត្តភាព សាមគ្គីភាព និងការយោគយល់គ្នារវាងប្រជាជាតិនានា។

តាមរយៈការរៀបចំមណ្ឌលព័ត៌មាននេះ ក្រសួងព័ត៌មានបានបង្ហាញពីការត្រៀមលក្ខណៈ និងការទទួលខុសត្រូវក្នុងការគាំទ្រដល់បេសកកម្មរបស់អ្នកសារព័ត៌មាន ព្រមទាំងរួមចំណែកធ្វើឱ្យសារសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់កម្ពុជាត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅកាន់ពិភពលោក៕