ឯកឧត្ដម Paul KAGAME (ផូល ខាហ្គាម៉េ) ប្រធានាធិបតីនៃសាធារណរដ្ឋ រវ៉ាន់ដានិងលោកជំទាវទី១ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅ « វិមានឯករាជ្យ »

ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋដើម្បីចូលរួម «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០» ដែលព្រះរាជាណាចក្រកម្ពុជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមធ្វើជាម្ចាស់ផ្ទះ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋ រវ៉ាន់ដា ដឹកនាំដោយ ឯកឧត្ដម Paul KAGAME ប្រធានាធិបតីនៃសាធារណរដ្ឋ
រវ៉ាន់ដានិងលោកជំទាវទី១ ដោយមានការអញ្ជើញអមដំណើរដោយ ឯកឧត្តម កុល ប៊ុនលី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងជារដ្ឋមន្រ្តីអមប្រតិភូ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅ « វិមានឯករាជ្យ »។

អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋរវ៉ាន់ដា នៅវិមានឯករាជ្យដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ- អន្តរជាតិ ព្រមទាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបទៀត។

គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋរវ៉ាន់ដា បានលំឱនកាយស្មឹងស្មាធគោរពវិញ្ញាណក្ខន្ធ ឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរស យុទ្ធជន យុវនារី និងប្រជាពលរដ្ឋកម្ពុជាដែលបានបូជាជីវិតនៅក្នុងបុព្វហេតុតស៊ូទាមទារ រំដោះប្រទេសជាតិនិងមាតុភូមិ ឲ្យរួចផុតពីរបបអាណានិគមនិយមបារាំង រហូតទទួលបានឯករាជ្យជាតិទាំងស្រុង នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ។

សូមជម្រាបជូនថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្ដម Paul KAGAME ប្រធានាធិបតីនៃសាធារណរដ្ឋ រវ៉ាន់ដានិងស្រ្តីទី១ រវ៉ាន់ដា ជាដំណើរទស្សនកិច្ចលើកដំបូង ដើម្បីចូលរួម «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងមានជំនួបដាច់ដោយឡែកជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើការពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចនេះ ក៏នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន ក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ អាកាសចរណ៍ និងទេសចរណ៍។ ការចុះហត្ថលេខានេះ នឹងផ្តល់នូវកម្លាំងរុញច្រានថ្មីដល់ទំនាក់ទំនងទ្វេភាគី ជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងធុរកិច្ចឱ្យកាន់តែជិតស្និទ្ធ ព្រមទាំងបើកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជា និងរវ៉ាន់ដា ៕