អ្នកជំនាញ និងថ្នាក់ដឹកនាំ នៃបណ្តាប្រទេសនិយាយភាសាបារាំង ចំនួន ១៦ប្រទេស ចូលរួមសិក្ខាសាលាស្តីពី «ការបង្កើត បណ្តាញ វេជ្ជសាស្រ្តនិយាយភាសាបារាំងនៅអាស៊ីអាគ្នេយ៍»

ទីតាំងទី១ ស.វ.ស.៖ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួង សុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីក្នុងពិធីបើកសិក្ខាសាលាជាប្រវត្តិសាស្ត្រស្តីពី «ការបង្កើតបណ្តាញវេជ្ជសាស្រ្តនិយាយភាសាបារាំងនៅអាស៊ីអាគ្នេយ៍»។

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ភិបាល លោកសាស្ត្រាចារ្យ Patrice Debré ប្រធានគណៈកម្មាធិការទំនាក់ទំនងអន្តរជាតិនៃបណ្ឌិត្យសភា វេជ្ជសាស្ត្រជាតិបារាំង ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបចំនួន ៧៤រូប ដែលអញ្ជើញមកពី ១៧ប្រទេស រួមមាន ១. កម្ពុជា, ២. វៀតណាម, ៣. ឡាវ, ៤. ថៃឡង់, ៥. ចិន; ៦. បារាំង, ៧. ប៊ែលហ្សិក, ៨. កាណាដា, ៩. Bénin, ១០. Congo, ໑໑. Maroc, ១២. Burkina Faso, ១៣. Burundi, ໑໔. Côte d’Ivoire, ១៥. Sénégal និង ១៦. Tunisie។

ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បានគូសបញ្ជាក់ពីប្រវត្តិសាស្ត្រដ៏យូរអង្វែងនៃការបណ្តុះបណ្តាលវេជ្ជសាស្រ្តនិយាយភាសាបារាំង រវាងកម្ពុជា វៀតណាម ឡាវ និងប្រទេសបារាំង និងបានបង្ហាញអំពីគោលបំណងនៃការបង្កើតបណ្តាញថ្មីនេះ ដែលនឹងជួយជំរុញការចែក រំលែកព័ត៌មាន ឱកាសហិរញ្ញប្បទាន ការរៀបចំសន្និសីទវិទ្យាសាស្ត្រកម្រិតខ្ពស់ ការផ្លាស់ប្តូរនិស្សិតថ្នាក់បណ្ឌិត នឹងក្រោយបណ្ឌិត ព្រមទាំងការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល និងស្រាវជ្រាវរួមគ្នា។

ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី បានវាយតម្លៃខ្ពស់ចំពោះតួនាទីស្នូលរបស់ ស.វ.ស. ក្នុងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល និងបាន សង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមនេះស្របគ្នាយ៉ាងពេញលេញទៅនឹង ផែនការយុទ្ធសាស្ត្រសុខាភិបាលទី៤ (HSP4 ឆ្នាំ២០២៥-២០៣៤) របស់កម្ពុជា ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានសេវា គុណភាព និងសុវត្ថិភាពនៃការថែទាំ សមធម៌ និងភាពធន់ទៅនឹងគ្រោះអាសន្ន សុខភាពសាធារណៈ។ បន្ថែមនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់អង្គសិក្ខាសាលា ដូចខាងក្រោម៖

១. គាំទ្រតួនាទីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជាលេខាធិការដ្ឋាននៃបណ្តាញវេជ្ជសាស្រ្តនិយាយភាសាបារាំងនៅអាស៊ី អាគ្នេយ៍ សម្រាប់រយៈពេល ២ឆ្នាំដំបូង ដើម្បីសម្របសម្រួលសកម្មភាពឱ្យមានប្រសិទ្ធភាព។

២. រៀបចំកម្មវិធីសកម្មភាពរួមលើបញ្ហាអាទិភាព ដូចជា ជំងឺឆ្លង និងមិនឆ្លង សុខភាពមាតា និងទារក អភិក្រម «សុខភាព តែមួយ» (One Health) និងការកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។

៣. លើកទឹកចិត្តការផ្លាស់ប្តូរអ្នកជំនាញ និងនិស្សិតថ្នាក់បណ្ឌិត/ក្រោយបណ្ឌិត ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការខាងជើង-ខាងត្បូង (Nord-Sud) និងខាងត្បូង-ខាងត្បូង (Sud-Sud) ដើម្បីពន្លឿនការផ្ទេរចំណេះដឹង និងនវានុវត្តន៍។

គួរបញ្ជាក់ថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស.) ដោយមាន កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយបណ្ឌិត្យសភាវេជ្ជសាស្ត្រជាតិបារាំង (Académie nationale de médecine de France) និង ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF)។