ឯកឧត្តម ផូល ខាហ្គាម៉េ (Paul Kagame) ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា និងលោកជំទាវទី១ អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌបព្រះបរមរូប «ព្រះបរមរតនកោដ្ឋ»
នៅវេលាថ្ងៃត្រង់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ផូល ខាហ្គាម៉េ (Paul Kagame) ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា និងលោកជំទាវទី១ ព្រមទាំងគណៈប្រតិភូរវ៉ាន់ដា បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ តបតាមព្រះរាជសារអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់។
បន្ទាប់ពីឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា និងលោកជំទាវទី១ ព្រមទាំងគណៈប្រតិភូ បានចូលក្រាបថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង និងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ រួចមក ឯកឧត្តម បានអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅមណ្ឌបព្រះបរមរូប ដែលទទួលស្វាគមន៍ដោយ ឯកឧត្តម
ម៉ែន វុទ្ធី រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីអ្នកមុខអ្នកការក្រសួងព្រះបរមរាជវាំង និងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញអមដំណើរឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា និងលោកជំទាវទី១ ព្រមទាំងគណៈប្រតិភូរវ៉ាន់ដា ដោយឯកឧត្តម កុល ប៊ុនលី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជារដ្ឋមន្រ្តីអមដំណេីរគណៈប្រតិភូ ព្រមទាំងមន្រ្តីសំខាន់ៗរបស់ក្រសួងស្ថាប័នពាក់ព័ន្ធជាច្រេីនរូបទៀត។
ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា ក៏នឹងមានជំនួបដាច់ដោយឡែកជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើការពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចនេះ ក៏នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន ក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ អាកាសចរណ៍ និងទេសចរណ៍។ ការចុះហត្ថលេខានេះ នឹងផ្តល់នូវកម្លាំងរុញច្រានថ្មីដល់ទំនាក់ទំនងទ្វេភាគី ជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងធុរកិច្ចឱ្យកាន់តែជិតស្និទ្ធ ព្រមទាំងបើកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជា និងរវ៉ាន់ដា។
សូមជម្រាបថា ក្រៅពីការបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាហើយ ឯកឧត្តមប្រធានាធិបតី ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ផងដែរ៕


