ឯកឧត្តមបណ្ឌិត កៅ ថាច ផ្តល់អនុសាសន៍ដល់ប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុនលើកទី៥០ ឱ្យក្លាយជាទូតសុច្ឆន្ទៈសម្រាប់ការតភ្ជាប់ប្រជាជននិងប្រជាជន ការផ្សព្វផ្សាយកម្ពុជា និងនាំយកចំណេះដឹងថ្មីៗមករួមចំណែកអភិវឌ្ឍប្រទេស
ភ្នំពេញ÷ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានទទួលជួបជាមួយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ និងប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុនលើកទី៥០ នាថ្ងៃព្រហស្បតិ៍៣កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានផ្តល់អនុសាសន៍សំខាន់ៗដល់ប្រតិភូយុវជន ដើម្បីប្រើប្រាស់ឱកាសនៃការចូលរួមកម្មវិធី និងការផ្លាស់ប្តូរជាមួយយុវជនក្នុងតំបន់ ឱ្យក្លាយជាឱកាសសម្រាប់ផ្សព្វផ្សាយអំពីកម្ពុជា និងក្រេបជញ្ជក់ចំណេះដឹងថ្មីៗមកបម្រើការអភិវឌ្ឍប្រទេស។ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តឱ្យយុវជន៖ ទី១ ចូលរួមផ្សព្វផ្សាយអំពីវឌ្ឍនភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា; ទី២ ផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យទេសចរណ៍កម្ពុជា រួមទាំងវប្បធម៌ បេតិកភណ្ឌ និងគោលដៅទេសចរណ៍សំខាន់ៗ; ទី៣ ចែករំលែកអំពីតម្លៃនៃសន្តិភាព និងដំណើរការនៃការកសាងសន្តិភាពនៅកម្ពុជា ដែលស្ថិតក្រោមការដឹកនាំការងារផ្ទាល់ដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតបានណែនាំឱ្យប្រតិភូយុវជន បំពេញតួនាទីជាទូតសុច្ឆន្ទៈ ក្នុងការផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់កម្ពុជា និងជួយផ្សារភ្ជាប់ទំនាក់ទំនងសង្គម វប្បធម៌ និងមិត្តភាពរវាងយុវជនកម្ពុជា និងយុវជននៃបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។
ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើឱ្យយុវជនខិតខំ ក្រេបជញ្ជក់ចំណេះដឹង បទពិសោធន៍ និងគំនិតថ្មីៗ ពីការផ្លាស់ប្តូរជាមួយយុវជនអន្តរជាតិ ហើយនាំយកចំណេះដឹងទាំងនោះមកចែករំលែក និងអនុវត្ត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។
ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា យុវជនមិនត្រឹមតែជាអ្នកទទួលបទពិសោធន៍ពីពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកតំណាងរូបភាព កិត្តិយស និងសក្តានុពលរបស់កម្ពុជាទៅកាន់តំបន់ និងពិភពលោកផងដែរ។


