លោកស្រី សន សុខា : យើងរួមគ្នាដើម្បីការពង្រឹងសិទ្ធិ បង្កើនឱកាសលើកកម្ពស់ភាពជាអ្នកដឹកនាំ និងបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង

ខេត្តស្ទឹងត្រែង : លោកស្រី សន សុខា ប្រធានមន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែងថ្លែងបែបនេះក្នុងឱកាសដែលមន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែងសហការជាមួយរដ្ឋបាលស្រុកសៀមប៉ាង ក្រោមការឧបត្ថម្ភរបស់អង្កការភ្លេន(Plan)រៀបចំកម្មវិធីការរត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នាក្រោមប្រធានបទ៖ «វិនិយោគលើក្មេងស្រី៖ ពង្រឹងសិទ្ធិ បង្កើនឱកាស លើកកម្ពស់ភាពជាអ្នកដឹកនាំ និងបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង ដើម្បីឈានទៅសម្រេចបាននូវសង្គមដែលមានអារ្យធម៌ខ្ពស់»  នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅស្រុកសៀមប៉ាង។

លោកស្រី សន សុខា បានថ្លែងឲ្យដឹងថាកម្មវិធីរត់នេះគឺរៀបចំឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការបញ្ឈប់រាល់ទម្រង់នៃការរើសអើង និង​រាល់រូបភាព​នៃអំពើហិង្សាទៅលើស្ត្រីនិងក្មេងស្រី ព្រមទាំង​បង្កើនភាពអង់អាចរបស់ក្មេងស្រី ដោយ​​ផ្តល់ឱកាស​ពេញលេញ​ឱ្យក្មេងស្រីអនុវត្តសិទ្ធិ និងសក្តានុពលរបស់ពួកគេលើគ្រប់វិស័យ ដោយផ្តោតលើគោលដៅចម្បងៗ ចំនួន២ គឺ៖
ទីមួយ. លើកកម្ពស់ការគាំទ្រពីសំណាក់ក្រុមគ្រួសារ សហគមន៍ និងប្រជាជនគ្រប់រូប ជាពិសេសបុរស និងក្មេងប្រុស ក្នុងការអនុញ្ញាតឱ្យក្មេងស្រីទទួលបានឱកាសពេញលេញ​​អនុវត្ត​នូវសិទ្ធិ និងការអភិវឌ្ឍសមត្ថភាព ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។
ទីពីរ. បង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង តាមរយៈការបង្កើនការយល់ដឹងរបស់ក្រុមគ្រួសារ សហគមន៍ និងយុវជន ព្រមទាំងការផ្លាស់ប្តូរនិយាមសង្គម ដើម្បីឱ្យក្មេងស្រីអាចបន្តការសិក្សា អភិវឌ្ឍចំណេះដឹង និងជំនាញ ពង្រឹងភាពជាអ្នកដឹកនាំ និងកសាងអនាគតរបស់ខ្លួន ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍគ្រួសារ សហគមន៍ និងសង្គមជាតិ។
ក្មេងស្រីមិនមែនជាអ្នកទទួលផលតែប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកចូលរួម និងជាអ្នកដឹកនាំនៃការអភិវឌ្ឍ។

ក្នុងនាមឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ស៊ី សួន អភិបាលរង សូមថ្លែងអំណរគុណដល់ការចូលរួមគាំទ្រយុទ្ធនាការនេះពីសំណាក់មហាជនទាំងអស់តាមរយៈការចូលរួមរត់ទាំងអស់គ្នាបញ្ជាក់ឆន្ទៈចូលរួមដើម្បីដើម្បីអនាគតរុងរឿងត្រចះត្រចង់របស់យុវជនវ័យក្មេង ហើយលោកស្រីក៏បានថ្លែងអំណរគុណដល់អង្គការភ្លែន(Plan)ដែលបានជួយឧបត្ថម្ភដល់កម្មវិធីនេះផងដែរ។