ឯកឧត្តមបណ្ឌិត លី ធុជ៖ កម្ពុជាវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ចិន ក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ
ខេត្តឧត្តរមានជ័យ ៖ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំយុទ្ធនាការអប់រំ និងផ្សព្វផ្សាយការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រសួងការបរទេសចិន តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា។ ពិធីនេះ បានប្រព្រឹត្តិទៅនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីលោកជំទាវ មិន ធារី អភិបាលរងខេត្ត តំណាង ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ រដ្ឋបាលខេត្ត អាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ប្រតិបត្តិករសកម្មភាពមីន និងប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានបន្តគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា។ ការរួមចំណែកនេះមិនត្រឹមតែបង្ហាញពីចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងជាការគាំទ្រដ៏មានតម្លៃដល់កិច្ចការមនុស្សធម៌ ការការពារអាយុជីវិតប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រកបដោយសុវត្ថិភាព។
ឯកឧត្តមបានគូសបញ្ជាក់ថា ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ ឆ្នាំ២០២៥ តំបន់មួយចំនួនតាមបណ្តោយព្រំដែននៅតែប្រឈមនឹងយុទ្ធភណ្ឌគ្រឿងផ្ទុះ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបង្កហានិភ័យដល់ប្រជាពលរដ្ឋ ជាពិសេសកុមារ កសិករ និងគ្រួសារដែលកំពុងវិលត្រឡប់ទៅលំនៅឋានវិញ។ ក្នុងបរិបទនេះ ការគាំទ្ររបស់ចិនតាមរយៈយុទ្ធនាការនេះ មានសារៈសំខាន់ក្នុងការលើកកម្ពស់ការប្រុងប្រយ័ត្ន បង្ការគ្រោះថ្នាក់ និងពង្រឹងសុវត្ថិភាពសហគមន៍នៅតំបន់រងផលប៉ះពាល់។
ឯកឧត្តមបានបន្ថែមថា ការដោះស្រាយការគំរាមកំហែងទាំងនេះ គឺជាបេសកកម្មមនុស្សធម៌ដ៏សំខាន់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការការពារសុវត្ថិភាពប្រជាពលរដ្ឋ ស្តារជីវភាពរស់នៅ និងបង្កលក្ខខណ្ឌឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតដោយសុវត្ថិភាព ព្រមទាំងជំរុញចក្ខុវិស័យកម្ពុជាគ្មានផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការកាត់បន្ថយគ្រោះថ្នាក់មិនអាចពឹងផ្អែកតែលើការបោសសម្អាតនោះទេ ត្រូវរួមបញ្ចូលទាំងការអប់រំ ការបង្ការ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ឯកឧត្តមក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន មិនប៉ះពាល់ ឬរើសវត្ថុសង្ស័យ និងត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរ ឬក្រុមជំនាញ ដើម្បីធានាសុវត្ថិភាព និងការពារអាយុជីវិត។


