សិក្ខាសាលាបណ្តុះបណ្តាលបច្ចេកទេសថ្នាក់ជាតិ ស្តីពីការពង្រឹងសមត្ថភាពលើការប្រមូល ការកត់ត្រា និងការបកស្រាយទិន្នន័យនៃការបំពុលបរិស្ថានសមុទ្រដោយសំរាមប្លាស្ទិក និងការរៀបចំគោលនយោបាយផ្អែកលើទិន្នន័យវិទ្យាសាស្ត្រនៅកម្ពុជា

ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានតំណាងរដ្ឋបាលខេត្ត អញ្ជើញចូលរួមសិក្ខាសាលាបណ្តុះបណ្តាលបច្ចេកទេសថ្នាក់ជាតិ ស្តីពីការពង្រឹងសមត្ថភាពលើការប្រមូល ការកត់ត្រា និងការបកស្រាយទិន្នន័យនៃការបំពុលបរិស្ថានសមុទ្រដោយសំរាមប្លាស្ទិក និងការរៀបចំគោលនយោបាយផ្អែកលើទិន្នន័យវិទ្យាសាស្ត្រនៅកម្ពុជាក្រោមអធិបតីភាព ឯកឧត្តម ស្រី ស៊ុនលាង អគ្គនាយក នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន។

សិក្ខាសាលានេះបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន, វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ដោយមានការអញ្ជើញចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ នៅសណ្ឋាគារSeabreeze ខេត្តព្រះសីហនុ។ 

លោកអភិបាលរងបានលើកឡើងថា ការគ្រប់គ្រង និងការឆ្លើយតបចំពោះការបំពុលដោយប្លាស្ទិក មិនអាចធ្វើឡើងដោយគ្រាន់តែពឹងផ្អែកលើការប៉ាន់ស្មាន ឬយុទ្ធនាការរយៈពេលខ្លីឡើយ។ ការរៀបចំផែនការអន្តរាគមន៍ ការកៀរគរធនធាន និងការដាក់ចេញនូវវិធានការរដ្ឋបាល ចាំបាច់ត្រូវតែឈរលើ ទិន្នន័យច្បាស់លាស់ ជាក់ស្តែង និងភស្តុតាងវិទ្យាសាស្ត្រដែលរឹងមាំ (Evidence-Based Policy)។

ឆ្លៀតក្នុងឱកាសនេះ ដើម្បីឱ្យសិក្ខាសាលានេះសម្រេចបាននូវលទ្ធផលផ្លែផ្កាខ្ពស់បំផុត និងអាចប្រែក្លាយចំណេះដឹងទ្រឹស្តីទៅជាកម្លាំងអនុវត្តជាក់ស្តែង លោកអភីបាលរងបាន លើកទឹកចិត្ត និងដាក់ចេញនូវសំណូមពរ ចំនួន៤ ដូចខាងក្រោម៖ 

១. ពង្រឹងការតភ្ជាប់ទិន្នន័យរវាងអន្តរស្ថាប័ន

២. យកចិត្តទុកដាក់លើការធ្វើស្តង់ដារនីយកម្ម និងគុណភាពទិន្នន័យ

៣. ផ្សារភ្ជាប់លទ្ធផលសិក្សាទៅនឹងការរៀបចំផែនការសកម្មភាពមូលដ្ឋាន

៤. បន្តពង្រឹងកិច្ចសហការភាពជាដៃគូរវាងរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍន៍។

ប្រភព៖រដ្ឋបាលខេត្តព្រះសីហនុ