និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំអង្គសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការធានារ៉ាប់រងជាកាតព្វកិច្ច” ឆ្នាំ២០២៦

នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំអង្គសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការធានារ៉ាប់រងជាកាតព្វកិច្ច” ដែលបានប្រារព្ធធ្វើនៅ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី១៥ រាជធានីភ្នំពេញ ក្រោមវត្តមានលោកជំទាវ តិមា វិច្ឆិកាល អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងលោកស្រី បណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករង នៃនិយ័តករធានារ៉ាប់រងកម្ពុជា។

 ថ្លែងក្នុងពិធីបើកលោកស្រី បណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករង នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានអោយដឹងថាដើម្បីចូលរួមពង្រឹងការអនុវត្តច្បាប់ និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំ “ផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០” ដោយបានធ្វើបច្ចុប្បន្នភាព “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២៥-២០៣០” ដែលបានកំណត់ យកការពង្រឹង និងពង្រីកការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ជាផែនការអាទិភាពមួយ តាមរយៈការជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជា ស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ អំពី អ្វីទៅជាការធានារ៉ាប់រង។ 

ទោះបីជាសេដ្ឋកិច្ចសកលលោកបន្តជួបប្រទះនូវបញ្ហាប្រឈមយ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជា អាចរក្សាបាននូវកំណើនវិជ្ជមានក្នុងអត្រាប្រមាណ ៥.៣% ក្នុងឆ្នាំ២០២៥។ ស្របតាម “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” និង “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០២៥-២០៣០” របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា វិស័យធានារ៉ាប់រងនៅ កម្ពុជា បាននិងកំពុងដើរតួនាទីជាសមាសភាគមួយដ៏សំខាន់ ក្នុងការរួមចំណែកគាំទ្រដល់ កំណើនសេដ្ឋកិច្ចជាតិ ពិសេសទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គម តាមរយៈការបង្កើតជាសំណាញ់ សុវត្ថិភាព និងការបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុប្រឈមនឹងហានិភ័យដែលត្រូវបានធានាជូន បណ្តាប្រជាពលរដ្ឋ គ្រួសារ និងម្ចាស់អាជីវកម្មនានា។

លោកស្រី បណ្ឌិត ហោ សុវឌ្ឍនា បានបន្តថាជាក់ស្តែង យោងតាមច្បាប់ស្តីពីការធានារ៉ាប់រងដែលបានអនុម័តដាក់ឱ្យប្រើប្រាស់ តាំងពីឆ្នាំ២០០០ និងបានធ្វើវិសោធនកម្មជំនួសដោយច្បាប់ស្តីពីការធានារ៉ាប់រង នាឆ្នាំ២០១៤ បានកំណត់ការធានារ៉ាប់រងចំនួនបី ជាកាតព្វកិច្ចដែលរួមមាន៖

១). ការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត ដែលកំណត់ថា ម្ចាស់យានយន្ត ដែលប្រកបអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានការធានារ៉ាប់រងយានយន្តរបស់ខ្លួន ពីក្រុមហ៊ុនធានារ៉ាប់រងណាមួយ លើភារៈទទួលខុសត្រូវចំពោះរាល់ការខូចខាតបង្កឡើង ដល់តតិយជន ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយយានយន្តរបស់ខ្លួន។

២). ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដឹកជញ្ជូនអ្នកដំណើរ ដែលកំណត់ថា ប្រតិបត្តិករអាជីវកម្មដឹកជញ្ជូនអ្នកដំណើររួមទាំងភ្ញៀវទេសចរតាមមធ្យោបាយដឹកជញ្ជូននានា ត្រូវមានការធានារ៉ាប់រងភារៈទទួលខុសត្រូវចំពោះអ្នកដំណើរ ដែលជិះតាមមធ្យោបាយដឹកជញ្ជូន របស់ខ្លួន ទោះបីមធ្យោបាយនោះចរាចរតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ឬផ្លូវដែកក៏ដោយ។

៣). ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន ដែលកំណត់ថា រូបវន្តបុគ្គល ឬនីតិបុគ្គល ទាំងឡាយដែលជាម្ចាស់ការដ្ឋាន ត្រូវមានភស្តុតាងបញ្ជាក់ថា ខ្លួនមានកិច្ចសន្យាធានារ៉ាប់រង លើភារៈទទួលខុសត្រូវការដ្ឋាន ដែលធានាសំណងជូនជនរងគ្រោះ ដែលរងផលប៉ះពាល់ ទាំងរូបរាងកាយ និងទ្រព្យសម្បត្តិ ដែលបង្កដោយសកម្មភាពរបស់ការដ្ឋាន។

ជារួម ច្បាប់បានកំណត់ជាកាតព្វកិច្ចដល់ម្ចាស់យានយន្តប្រកបអាជីវកម្ម ម្ចាស់អាជីវកម្ម ដឹកជញ្ជូនអ្នកដំណើរ និងម្ចាស់ការដ្ឋានសាងសង់ ត្រូវទិញធានារ៉ាប់រងភារៈទទួលខុសត្រូវ ចំពោះរាល់ការខូចខាតបង្កឡើងដល់តតិយជនដែលបណ្តាលមកពីសកម្មភាពរបស់ខ្លួន ជាមួយ នោះផងដែរ ច្បាប់ក៏បានកំណត់ទោសទណ្ឌចំពោះបុគ្គលដែលល្មើសមិនអនុវត្តតាមកាតព្វកិច្ច ទាំងនេះ៕