អត្រាលក់ទំនិញក្នុងថ្ងៃ «Singles’ Day» ដ៏ធំនៅប្រទេសចិននៅតែគ្មានកំណើនឡើង ដោយសារបញ្ហាសេដ្ឋកិច្ចសកល ដោយប្រជាជនងាកមករកការសន្សំសំចៃជាងមុន

សញ្ញានានាគិតមកទល់ពេលនេះ បានបង្ហាញឱ្យឃើញថា ទិវា១ថ្ងៃពេញ ឬ «Singles’ Day» ដែលជាពិធីបុណ្យទិញទំនិញតាមអនឡាញដ៏ធំបំផុតរបស់ចិន មិនអាចទាក់ទាញអ្នកប្រើប្រាស់ឱ្យហ៊ានចំណាយប្រាក់ច្រើនជាងមុន ដូចឆ្នាំមុនៗឡើយ ទោះបីជាមានការផ្តល់ជូនពិសេស មានទាំងការបញ្ចុះតម្លៃយ៉ាងច្រើនក៏ដោយ។ «Singles’ Day» គឺជាយុទ្ធនាការបញ្ចុះតម្លៃដ៏សំខាន់មួយនៅប្រទេសចិន ស្រដៀងគ្នាទៅនឹងព្រឹត្តិការណ៍ «Black Friday» ដែរនៅសហរដ្ឋអាមេរិក ដោយផ្តោតលើថ្ងៃទី ១១ ខែវិច្ឆិកា (ឬ ថ្ងៃ១១-ខែ១១) ដែលឆ្នាំនេះត្រូវនឹងថ្ងៃពុធ។ អាជីវករលក់រាយបានព្យាយាមបង្កើនការលក់ ដោយពង្រីករយៈពេលនៃពិធីបុណ្យនេះឱ្យកាន់តែយូរ បន្ទាប់ពីការលក់សរុបក្នុងថ្ងៃ «Singles’ Day» ឆ្នាំ២០២៥ បានកើនឡើងដល់កម្រិតខ្ពស់បំផុតគឺជិត ១,៧ ទ្រីលានយន់ (ស្មើនឹង ២៥៣ ពាន់លានដុល្លារអាមេរិក)។ ក្រុមហ៊ុន Analysys ដែលជាក្រុមហ៊ុនស្រាវជ្រាវមានមូលដ្ឋាននៅទីក្រុងប៉េកាំង និងជំនាញខាងទិន្នន័យធំ (Big Data) ផ្នែកសេដ្ឋកិច្ចឌីជីថល និងការប្រឹក្សាយោបល់ផ្នែកអាជីវកម្ម បានឱ្យដឹងថា សម្រាប់ឆ្នាំនេះ តួលេខនៃការលក់នៅទ្រឹងដដែល ឬប្រហាក់ប្រហែលនឹងឆ្នាំមុន។ កំណើនសេដ្ឋកិច្ចទូទៅមួយផ្នែកធំ គឺបានមកពីការកើនឡើងយ៉ាងខ្លាំងនៃការនាំចេញ។ ទោះជាយ៉ាងណាក៏ដោយ ការលក់រាយក្នុងស្រុកបានកើនឡើងត្រឹមតែ ១% ប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកស្រី Liu Yi សហស្ថាបនិក និងជាអ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Analysys បាននិយាយថា៖ ប្រជាជនចិនលែងសូវចាប់អារម្មណ៍នឹងការផ្សព្វផ្សាយលក់បញ្ចុះតម្លៃដូចមុនទៀតហើយ។ បំណងប្រាថ្នាពីការស្តុកទុកទំនិញក៏កំពុងថយចុះ ហើយពួកគេកាន់តែប្រកាន់ខ្ជាប់នូវការរក្សាទុកសាច់ប្រាក់ជារឿងសំខាន់ជាង»។ លោកស្រីបានបន្ថែមថា៖ ពួកគេជ្រើសរើសមិនទិញទំនិញដែលមិនចាំបាច់ ហើយការទិញទំនិញដោយមិនបានគិតទុកជាមុន ឬ (impulsive consumption) ក៏ទំនងជាមិនសូវកើតឡើងនោះដែរ»។ ក្រុមហ៊ុន Syntun ដែលជាវេទិកាទិន្នន័យលក់រាយ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៦ តម្លៃសរុបនៃការលក់សម្រាប់ពិធីបុណ្យឆ្នាំ២០២៦នេះមានចំនួនជាង១ទ្រីលានយន់ (ស្មើនឹង ១៥៣ ពាន់លានដុល្លារអាមេរិក) ដែលខ្ពស់ជាងតួលេខក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនតិចតួចប៉ុណ្ណោះ។ ប៉ុន្តែ តម្រូវការរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិនត្រូវបានរារាំង ដោយសារទំនុកចិត្តរបស់អ្នកប្រើប្រាស់បានធ្លាក់ចុះ ដែលបណ្តាលមកពីកត្តាជាច្រើនយ៉ាង រួមទាំងវិបត្តិនៅក្នុងវិស័យអចលនទ្រព្យដែលអូសបន្លាយរយៈពេលយូរ។ លោក Jacob Cooke នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សាយោបល់ WPIC Marketing + Technologies ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានលើកឡើងថា ការលក់ឧបករណ៍កីឡា និងផលិតផលទាក់ទងនឹងសុខភាព គឺមានសភាពល្អប្រសើរគួរសមដែរ។ យោងតាមទិន្នន័យរបស់ WPIC បានបង្ហាញថាក្នុងរយៈពេល ១២ ខែ រហូតដល់ខែកញ្ញា ការលក់ប្រេងត្រី ឬ (fish oil) នាំចូលតាមអនឡាញ បានកើនឡើងជិត ៤៣% បើធៀបនឹងឆ្នាំមុន។ ផលិតផលក្រុមហ៊ុនយក្សផ្នែកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដូចជា Alibaba បានងាកទៅប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីព្យាយាមជំរុញឱ្យអ្នកទិញទំនិញដែលចេះសន្សំសំចៃ អាចចំណាយប្រាក់កាន់តែច្រើនជាងមុន ប៉ុន្តែនៅតែមិនបានសម្រេចដូចសព្វ១ដង៕

សម្រួលអត្ថបទ៖ សុផារិន្ទ