កិច្ចចរចាត្រីភាគីរវាងរុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែន នាថ្ងៃដំបូងបានបញ្ចប់ដោយលទ្ធផលល្អប្រសើរ ប៉ុន្តែភាគីរ៉ុស្ស៊ីនៅតែបដិសេធសំណើរអឺរ៉ុបដែលចង់បានបទឈប់បាញ់ភ្លាមៗ

យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ រុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែន បានបញ្ចប់កិច្ចចរចាថ្ងៃដំបូងនៅទីក្រុងអាប៊ុយដាប៊ី (Abu Dhabi) ហើយកាលពីថ្ងៃអង្គារនេះ ដោយកិច្ចប្រជុំចំណាយពេលប្រហែល ៤ម៉ោង ហើយការចរចានឹងបន្តនៅថ្ងៃពុធនេះ។ នេះគឺជាកិច្ចប្រជុំត្រីភាគីលើកដំបូងរវាងប្រទេសទាំងបី ចាប់តាំងពីខែកុម្ភៈមក។ នៅក្នុងសារមួយដែលបានបង្ហោះកាលពីថ្ងៃអង្គារនៅលើបណ្តាញសង្គម X ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានលើកឡើងថា កិច្ចចរចាត្រីភាគីនេះគឺ «មានលក្ខណៈស្ថាបនា និងមានខ្លឹមសារសំខាន់ៗ»។ លោកបានបញ្ជាក់ថា ការពិភាក្សាផ្តោតលើប្រធានបទមួយចំនួនដូចជា ការដោះលែងអ្នកទោស វិធានការមនុស្សធម៌ ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន និងមូលដ្ឋានគ្រឹះដើម្បីធានាថាការធានាទាំងនេះអាចដំណើរការបានក្នុងរយៈពេលវែង ព្រមទាំងជំហាននានាដើម្បីកាត់បន្ថយភាពតានតឹងនៃជម្លោះ។ យោងតាមសារព័ត៌មានបារាំង ​​France 24 រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ បន្ទាប់ពីចូលរួមកិច្ចប្រជុំក្រុមប្រទេស G7 នៅទីក្រុងប៉ារីសថា៖ ថ្ងៃដំបូងនៃកិច្ចចរចានេះគឺ «ទទួលបានលទ្ធផលល្អប្រសើរ»។ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងមូស្គូកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov វិញបាននិយាយថា ព័ត៌មានបន្ថែមអំពីកិច្ចចរចានេះនឹងត្រូវបានផ្សព្វផ្សាយនៅពេលក្រោយ។ លោកក៏បានបដិសេធសំណើរបស់សហភាពអឺរ៉ុបដែលទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដោយលើកឡើងថា នេះគឺជាការប៉ុនប៉ងដើម្បីទាញយកពេលវេលាសម្រាប់ទីក្រុងគៀវ (Kyiv) ក្នុងការស្តារកម្លាំងឡើងវិញបន្ទាប់ពីបានខាតបង់ផ្នែកយោធា ហើយរុស្ស៊ីនឹងមិនយល់ព្រមលើបទឈប់បាញ់ឡើយ ប្រសិនបើមិនដឹងច្បាស់ថាអ្វីនឹងកើតឡើងបន្តទៀតនោះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ