សាលាកុមារកុមារប៉ាស៊ីហ្វិកបើកសម្ពោធមណ្ឌលអប់រំកុមារតូចខេមប្រ៊ីជជាការសិក្សាបែបថ្មីមកពីចក្រភពអង់គ្លេស

ការអប់រំបណ្តុះបណ្តាល កុមារតូច គឺជាកត្តាសំខាន់បំផុត សំរាប់ការកសាង ធនធានមនុស្ស មូលធនមនុស្ស សំរាប់ប្រទេសជាតិ ។ សំរាប់កម្ពុជា ការថែទាំងកុមារតូចនេះ នៅមានចំនួនកំណត់ខណៈ សាលាកុមារ ប៉ាស៊្វីហ្វិក បានផ្តោតសំខាន់ទៅលើ ការអប់រំកុមារតូចៗ ដែលមានវ័យ ចាប់ពី១៨ខែដល់ ៦ឆ្នាំ ដែលជា ការអប់រំមួយថ្មី ពិសេសនេះ នេះជាប្រសាសន៍ របស់លោកឧកញ៉ា ជា ធីឡាយ ថ្លែងក្នុង ពិធីសម្ពោធសាលា កុមារប៉ាស៊ីហ្វិក ទីតាំងច្បារអំពៅ ។

ពិធីសម្ពោធសាលាកុមារប៉ាស៊ីហ្វិក ទីតាំងច្បារអំពៅ និងការប្រកាសជាផ្លូវការ របស់សាលាកុមារប៉ាស៊ីហ្វិក ជាមណ្ឌលអប់រំ កុមារតូច ខេមប្រ៊ីជ ក្រោមអធិបតីភាពរបស់ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការអញ្ជើញចូលរួមពី លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថាបនិកស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប (NTC Group) ព្រមទាំងលោកជំទាវ យូរ ឃីម ធីឡាយ និងលោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប និងលោក LIM Melvyn ប្រធានគ្រប់គ្រងជាន់ខ្ពស់ប្រចាំប្រទេស តំណាងឱ្យ Cambridge University Press & Assessment ព្រមទាំងថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ មាតាបិតា និងអាណាព្យាបាល ព្រមទាំងសិស្សានុសិស្សជាច្រើនរូប នាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក ឧកញ៉ា ជា ធីឡាយ បញ្ជាក់បន្ថែមថា ការអប់រំបែបថ្មី ពិសេសនេះ ជាការអប់រំ មួយដែលនៅកម្ពុជា មជ្ឈមណ្ឌលថែទាំកុមារនេះ នៅមានចំនួនតិចតួច ខណៈដែលបច្ចុប្បន្ននេះ សាលាកុមារប៉ាស៊ីហ្វិក បានពង្រឹងសមត្ថភាព និងពង្រីកបានសាខាចំនួន ៨ រួចមកហើយ។ លោកឧញ៉ា ជា ធីឡាយ គូសបញ្ជាក់បន្ថែមថា ការអប់រំកុមារតូចៗនេះទាមទារ នូវចំណេះជំនាញ ច្បាស់មួយទើបអាច ធ្វើការងារនេះបាន។

លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងនូវការកោតសរសើរចំពោះកម្មសិក្សាថ្មីនេះប្រកបដោយគុណភាពស្តង់ដាអន្តរជាតិ ដែលនិងនាំមកនូវការអប់រំកុមារពីតូច ។ កម្មវិធីសិក្សានេះ មានកម្មវិធីសិក្សា ច្រើននៅក្នុងចក្រភពអង់គ្លេស ដែលស្តង់ដាខ្ពស់ជាងគេបំផុត ដែលជាការសម្រេចយ៉ាងត្រឹមត្រូវរបស់មាតាបិតាសិស្ស ។

លោកជំទាវ បន្ថែមថារាជរដ្ឋាភិបាល គ្រប់អាណត្តិ បានយកចិត្តទុកដាក់ខ្ពស់ ទៅលើការបណ្តុះបណ្តាល មូលធនមនុស្ស ដែលមានទាំងសមត្ថភាពចំណេះដឹងពិតប្រាកដ។ កម្មវិធីខេមប្រីជនេះ គឺជាកម្មវិធីមួយដែលបានយកចិត្តទុកដាក់នៅក្នុងការបណ្តុះបណ្តាលនូវបំនិត នៅសតវត្សទី២១ ដល់សិស្សនុសិស្សពិសេស នៅកម្រិតមត្តេយ្យ ។

លោកជំទាវ បញ្ជាក់បន្ថែមថា ក្មេងនៅក្នុងកម្រិតមត្តេយ្យសិក្សា បានទទួលនូវបំនិនទុនទាំងនោះគឺគេ និងមានមូលដ្ឋានរឹងមាំសំរាប់បន្តការសិក្សា នៅកំរិតបឋមក៏ដូចជាការសិក្សា ពេញមួយជីវិត ដោយចេះពីរបៀបនៃការរៀន រៀនដោយខ្លួនឯង រៀនពីសង្គម តាមវិធីផ្សេងៗដើម្បីឆ្លើយតប ទៅនិងតម្រូវការការងារនាពេលអនាគត ។

គួរបញ្ជាក់ថា កម្មវិធី Cambridge Early Years ផ្តោតលើការអភិវឌ្ឍកុមារគ្រប់ជ្រុងជ្រោយ តាមរយៈវិស័យសិក្សាសំខាន់ៗចំនួន ៦ រួមមាន ភាសា និងអក្ខរកម្ម ការបញ្ចេញមតិប្រកបដោយភាពច្នៃប្រឌិត គណិតវិទ្យា ការអភិវឌ្ឍរាងកាយ ការអភិវឌ្ឍបុគ្គលិកលក្ខណៈ សង្គម និងអារម្មណ៍ ព្រមទាំងការយល់ដឹងអំពីពិភពលោកជុំវិញខ្លួន។ កម្មវិធីនេះលើកទឹកចិត្តឱ្យកុមាររៀនសូត្រតាមរយៈការលេង និងការស្វែងយល់ដោយផ្ទាល់ ដើម្បីបណ្តុះសមត្ថភាពគិតពិចារណា ការដោះស្រាយបញ្ហា ការសហការ និងភាពជឿជាក់លើខ្លួនឯង ដែលជាជំនាញចាំបាច់សម្រាប់ការសិក្សា និងការរស់នៅនាពេលអនាគត ៕