ឯកឧត្តម ឈៀង យ៉ាណារ៉ា បើកកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ឆ្នាំ២០២៦ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណសហព័ន្ធអាល្លឺម៉ង់
នាថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០, ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ឆ្នាំ២០២៦ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណសហព័ន្ធអាល្លឺម៉ង់ ត្រូវបានរៀបចំទ្បើង ។ ភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការចូលរួមពីលោកជំទាវ ឯកឧត្តម ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ចំនួន ១៩ ដែលមានកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។ ភាគីអាល្លឺម៉ង់ដឹកនាំដោយ លោកស្រី Michaela Henning អនុប្រធានទទួលបន្ទុកកិច្ចការតំបន់ចិន អាស៊ីកណ្តាល អាស៊ីបូព៌ា ឡាវ និងកម្ពុជា នៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) និងលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពីតំណាងទីភា្នក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិប្រចាំកម្ពុជា (GIZ), តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW), និងមន្រ្តីជាន់ខ្ពស់នៃស្ថានទូតអាល្លឺម៉ង់ ។
កិច្ចពិគ្រោះយោបល់នេះមានគោលបំណងពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តគម្រោង និងកម្មវិធីដែលទទួលបានហិរញ្ញប្បទានពីរដ្ឋាភិបាលអាល្លឺម៉ង់ ព្រមទាំងពិភាក្សាអំពីទិសដៅយុទ្ធសាស្ត្រ និងអាទិភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នាពេលអនាគត ស្របតាមអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា និងគោលនយោបាយសហប្រតិបត្តិការអភិវឌ្ឍន៍របស់អាល្លឺម៉ង់ ។
ក្នុងកិច្ចពិគ្រោះយោបល់ ភាគីអាល្លឺម៉ង់បានធ្វើបទបង្ហាញអំពីទិសដៅយុទ្ធសាស្ត្រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់អាល្លឺម៉ង់ ក្រោមការកំណែទម្រង់យុទ្ធសាស្ត្ររបស់ក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) ដោយបានគូសបញ្ជាក់ពីការផ្តោតលើវិស័យអាទិភាពសំខាន់ៗចំនួន ៣ រួមមាន៖ ១) ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព, ២) សុខាភិបាល និងកិច្ចគាំពារសង្គម, និង ៣) អាកាសធាតុ និងថាមពល រួមទាំងអន្តរកាលប្រកបដោយយុត្តិធម៌ ។ ជាមួយគ្នានេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណុចដែលមានផលប្រយោជន៍រួម ដើម្បីតម្រង់ទិសកិច្ចសហប្រតិបត្តិការឱ្យកាន់តែឆ្លើយតបទៅនឹងតម្រូវការ និងអាទិភាពរបស់កម្ពុជា។
ជាលទ្ធផល ភាគីទាំងពីរបានឯកភាពលើកំណត់ហេតុសង្ខេបនៃកិច្ចពិគ្រោះយោបល់ (Summary Record) ដើម្បីកត់ត្រាចំណុចសំខាន់ៗនៃការពិភាក្សា និងសម្រាប់ជាមូលដ្ឋានក្នុងការសម្របសម្រួល និងអនុវត្តការងារបន្ត ព្រមទាំងជាធាតុចូលសម្រាប់ការរៀបចំកិច្ចចរចារវាងរាជរដ្ឋាភិបាលកម្ពុជា-អាល្លឺម៉ង់នៅឆ្នាំ២០២៧ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ។
ក្នុងឱកាសនោះ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានបន្តផ្តល់ការគាំទ្រ និងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍរបស់កម្ពុជា ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធ ព្រមទាំងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគម្រោង ដើម្បីធានាថាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នាពេលអនាគតនឹងបន្តឆ្លើយតបទៅនឹងអាទិភាព និងតម្រូវការអភិវឌ្ឍន៍របស់កម្ពុជា។


