មន្រ្តីជាន់ខ្ពស់ UN ប្រចាំនៅប្រទេសនេប៉ាល់ស្នើដល់សហគមន៍អន្តរជាតិជួយដល់ប្រទេសនេះជាចាំបាច់ក្រោយជួបគ្រោះទឹកជំនន់ល្បាប់ដ៏មហន្តរាយសម្លាប់មនុស្ស១.៤០០នាក់ និង៥.២៨៥នាក់បាត់ខ្លួនរកមិនឃើញ

មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ (UN) ប្រចាំប្រទេសនេប៉ាល់បានអំពាវនាវឱ្យមានសាមគ្គីភាពអន្តរជាតិ ដើម្បីជួយដល់ប្រទេសនេះក្នុងការស្តារឡើងវិញ បន្ទាប់ពីជួបគ្រោះទឹកជំនន់ល្បាប់ភក់ដ៏សាហាវ។ លោកស្រីបានព្រមានថា ថវិកាដែលទទួលបានរហូតមកដល់ពេលនេះ នៅមានចំនួនតិចតួចខ្លាំងណាស់ បើធៀបទៅនឹងតម្រូវការសម្រាប់ស្តារឡើងវិញ ដែលត្រូវបានប៉ាន់ប្រមាណថាមានចំនួន៤,៧ ប៊ីលានដុល្លារអាម៉េរិក។ នៅក្នុងកិច្ចពិភាក្សាជាមួយអ្នកសារព័ត៌មាននៅទីក្រុងញូវយ៉កនាថ្ងៃនេះលោកស្រី Lila Pieters Yahia អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសនេប៉ាល់ បានមានប្រសាសន៍ថា៖ វាមានរយៈពេលប្រហែល១០សប្តាហ៍មកហើយ ចាប់តាំងពីនេប៉ាល់ជួបហេតុការណ៍គ្រោះទឹកជំនន់ដ៏គួរឱ្យរន្ធត់ ដែលពោរពេញដោយល្បាក់ភក់ និងផ្ទាំងថ្មធំៗ បានហូរច្រោះកាត់ជ្រលងភ្នំហិម៉ាឡៃនៅក្នុងប្រទេសក្នុងចម្ងាយ១៥០គីឡូម៉ែត្រ។ យោងតាមអ្នកសម្របសម្រួលរូបនេះ ដែលបានចុះទៅត្រួតពិនិត្យតំបន់រងគ្រោះផ្ទាល់ចំនួន៤លើករួចមកហើយនោះបានឱ្យដឹងថា៖ មនុស្សជាង១.៤០០នាក់បានស្លាប់ និងមនុស្សចំនួន៥.២៨៥នាក់នៅតែបាត់ខ្លួន រកមិនឃើញ ហើយមនុស្សជាង ៨៤.០០០ នាក់ទៀតបានរងផលប៉ះពាល់ពីគ្រោះមហន្តរាយដ៏អាក្រក់នេះ។ លោកស្រី Pieters Yahia បានបញ្ជាក់ទៀតថា៖ ក្នុងនោះស្ត្រីគឺជាអ្នកដែលទទួលរងបន្ទុកធ្ងន់ធ្ងរជាងគេ ព្រោះពួកគេពិតសោកសៅ ទុក្ខព្រួយជាពន់ពេកបាត់បង់កូន និង ស្វាមីជាមេគ្រួសារ ក្នុងរយៈពេលត្រឹមតែមួយយប់ប៉ុណ្ណោះ ពួកគាត់ត្រូវបង្ខំចិត្តដឹកនាំគ្រួសារ ដោយមិនបានត្រៀមខ្លួន។ លោកស្រីបានកត់សម្គាល់ឃើញទៀតថា៖ ស្ត្រីជាច្រើននាក់ពេលនេះត្រូវទទួលបន្ទុកសងបំណុលគេ ដែលប្តីរបស់ពួកគាត់ធ្លាប់បានខ្ចីដើម្បីចាប់ផ្តើមអាជីវកម្មនានា។ សូមបញ្ជាក់ថាគ្រោះទឹកជំនន់នេះបានបំផ្លាញស្ពានចំនួន១១៥ខ្សែ និងធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធវារីអគ្គិសនី ដែលជាវិស័យធំមួយរួមចំណែកដល់ចំណូលជាតិនេប៉ាល់១៧%។ លោកស្រីបាននិយាយថា៖ នេះគឺជាចំនួនទឹកប្រាក់ដ៏ច្រើនសម្រាប់ប្រទេសក្រីក្រមួយនេះ។ ការវាយតម្លៃរបស់ធនាគារពិភពលោក (World Bank) បានប៉ាន់ប្រមាណការខូចខាតនេះថាមានចំនួនប្រហែល ២,៧ ប៊ីលានដុល្លារ។ ចំណែកអង្គការសហប្រជាជាតិ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងរដ្ឋាភិបាលនេប៉ាល់ បានរួមគ្នាធ្វើការវាយតម្លៃក្រោយគ្រោះមហន្តរាយ ហើយទិន្នន័យលម្អិតនឹងត្រូវបង្ហាញនៅថ្ងៃសុក្រនេះ មុននឹងឈានដល់កិច្ចប្រជុំអាកាសធាតុ COP31 ដោយប្រទេសនេប៉ាល់ និងប្រទេសប៊ូតាន បានស្នើឱ្យដាក់បញ្ចូលរបៀបវារៈស្តីពីតំបន់ភ្នំ ទៅជាប្រធានបទជាក់លាក់មួយនៅក្នុងសន្និសីទស្តីពីអាកាសធាតុសកល។ ដោយរំលឹកឡើងវិញអំពីដំណើរចុះត្រួតពិនិត្យរបស់លោកស្រីទៅកាន់ជំរុំមូលដ្ឋាន Annapurna (Annapurna Base Camp) ក្នុងឆ្នាំ២០០៤ និងម្តងទៀតកាលពី២សប្តាហ៍មុន លោកស្រី Pieters Yahia បាននិយាយថា៖ ផ្ទាំងទឹកកក (glacier) នៅតំបន់ Annapurna គឺចំនួនពាក់កណ្តាលបានរលាយបាត់អស់ហើយ ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ដូច្នេះយើងទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយនានា៕

សម្រួលអត្ថបទ៖ សុផារិន្ទ