ខេត្តព្រះសីហនុ ជំរុញសក្តានុពលទេសចរណ៍កីឡា និងសុខភាព តាមរយៈកិច្ចសហការជាមួយក្លឹប KONG MMA នៅសាធារណរដ្ឋឆែក

ទីក្រុងប្រាហ្គ- សាធារណរដ្ឋឆែក ៖ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្ត និងក្លឹប KONG MMA ចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយ និងបង្ហាញសកម្មភាពកីឡាប្រយុទ្ធនៅទីក្រុង Prague។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងបង្ហាញពីសក្តានុពលទេសចរណ៍កីឡា និងឱកាសហ្វឹកហាត់ដ៏សម្បូរបែបនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ជូនដល់សាធារណជន និងអ្នកជំនាញកីឡាអន្តរជាតិ។

ក្នុងឱកាសនោះ ក្លឹប KONG MMA បានធ្វើការបង្ហាញយ៉ាងលម្អិតអំពីសកម្មភាព និងលទ្ធភាពនៃការហ្វឹកហាត់កីឡាប្រយុទ្ធនៅមជ្ឈមណ្ឌល KONG MMA នៅក្រុងកោះរ៉ុង។ ជាមួយគ្នានេះ ក៏មានការអញ្ជើញជាផ្លូវការដល់គ្រូបង្វឹក កីឡាករ កីឡាការិនី សិស្ស និងអ្នកចូលចិត្តហាត់កីឡាប្រយុទ្ធទាំងមកពីប្រទេសឆែក និងបណ្តាប្រទេសដទៃទៀត ឱ្យមកចូលរួមហ្វឹកហាត់ បំប៉នសមត្ថភាព និងផ្លាស់ប្តរបទពិសោធន៍ផ្ទាល់នៅព្រះរាជាណាចក្រកម្ពុជា។

តាមរយៈកិច្ចសហការនេះ រដ្ឋបាលខេត្តព្រះសីហនុ និងក្លឹប KONG MMA រំពឹងយ៉ាងមុតមាំថា នឹងអាចទាក់ទាញគ្រូបង្វឹក កីឡាករ កីឡាការិនី និងអ្នកស្រឡាញ់កីឡាប្រយុទ្ធអន្តរជាតិឱ្យមកហ្វឹកហាត់ ព្រមទាំងសម្រាកកម្សាន្តនៅកោះរ៉ុង ដែលជាកោះទេសចរណ៍ដ៏ស្រស់ស្អាតមួយ ហើយសកម្មភាពនេះ នឹងរួមចំណែកក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះខេត្តព្រះសីហនុឱ្យក្លាយជាគោលដៅទេសចរណ៍កីឡា និងសុខភាព ដ៏លេចធ្លោមួយនៅលើឆាកអន្តរជាតិ។

អត្ថបទ៖ ម៉ារ៉ាឌី

រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ