អបអរសាទរ ! ក្រុមយុវជនសិស្សានុសិស្សខេត្តព្រះសីហនុ គ្រងជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ក្រោមប្រធានបទ «STEM ក្នុងការកែច្នៃវត្ថុធាតុដើម»
ខេត្តព្រះសីហនុ៖ យុវជនជំនាន់ថ្មីនៃខេត្តព្រះសីហនុ បានបង្ហាញពីសមត្ថភាព ទេពកោសល្យ និងគំនិតច្នៃប្រឌិតដ៏អស្ចារ្យ តាមរយៈការដណ្តើមបានជ័យលាភីលេខ១ យ៉ាងត្រចះត្រចង់ នៅក្នុងកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ក្រោមប្រធានបទ៖ “STEM ក្នុងការកែច្នៃវត្ថុធាតុដើម” (វគ្គផ្តាច់ព្រ័ត្រ) ដែលធ្វើឡើងនៅថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានយុវជន តំណាងមន្ទីរអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូដឹកនាំ បេក្ខជន បេក្ខនារី ទាំង២៥ រាជធានី ខេត្ត ក្រុមការងារនាយកដ្ឋាន តំណាងអង្គការដៃគូ និងអ្នកសហការគាំទ្រកម្មវិធី សរុបចំនួន៣២៥នាក់ ស្រី១៧៧នាក់។
កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិនេះ បានប្រមូលផ្តុំនូវគំនិតឆ្នៃប្រឌិតពីបណ្តារាជធានី-ខេត្តទូទាំងប្រទេស ដែលជាលទ្ធផលចុងក្រោយ ខេត្តព្រះសីហនុបានឈរឈ្មោះជាម្ចាស់ជ័យលាភីលេខ១ ខណៈខេត្តកំពង់ឆ្នាំង ទទួលបានជ័យលាភីលេខ២ និងខេត្តបាត់ដំបង ទទួលបានជ័យលាភីលេខ៣។
ភាពជោគជ័យគួរជាទីមោទនភាពនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ និងការយកទ្រឹស្ដីវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) មកអនុវត្តជាក់ស្តែងតាមរយៈការបង្កើតនូវស្នាដៃម៉ាស៊ីន និងឧបករណ៍បច្ចេកវិទ្យាដ៏មានសារៈប្រយោជន៍រួមមាន៖
១. ម៉ាស៊ីនកែច្នៃដបប្លាស្ទិកទៅជាជ័រ filament (Eco-Filament machine): ជាគំនិតផ្តួចផ្តើមដ៏មានតម្លៃក្នុងការចូលរួមចំណែកការពារបរិស្ថាន ដោយកាត់បន្ថយកាកសំណល់ប្លាស្ទិក និងបម្លែងវាឱ្យទៅជាខ្សែជ័រសម្រាប់ប្រើប្រាស់ជាវត្ថុធាតុដើមក្នុងការបោះពុម្ព 3D (3D Printing)។
២. ម៉ាស៊ីនលើកខ្នាតតូច (Mini Forklift Machine): ស្នាដៃវិស្វកម្មខ្នាតតូចដែលឆ្លុះបញ្ចាំងពីការយល់ដឹងលើប្រព័ន្ធស្វ័យប្រវត្តិកម្ម និងការជួយសម្រួលដល់កិច្ចការដឹកជញ្ជូន ឬលើកដាក់វត្ថុធាតុដើមក្នុងទំហំតូច។
៣. ម៉ាស៊ីនកាត់ឈើលើតុ
៤.ម៉ាស៊ីនខាត់បញ្ឈរ៖ ឧបករណ៍បច្ចេក ទេសសិប្បកម្មទាំងពីរនេះ (៣-៤) ត្រូវបានបង្កើតឡើងយ៉ាងមាន ប្រសិទ្ធភាព ខ្ពស់ ដើម្បីជួយដល់ការកែច្នៃផលិតផលឈើប្រកបដោយភាពជាក់លាក់ និងសុវត្ថិភាព។
ជ័យលាភីថ្នាក់លេខ១នេះ មិនត្រឹមតែជាកិត្តិយសសម្រាប់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ អ្នកតម្រង់ទិសក្នុងខេត្តព្រះសីហនុប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការរីកចម្រើននៃការបណ្តុះបណ្តាលធនធានមនុស្សវ័យក្មេងរបស់ខេត្ត ក្នុងការត្រៀមខ្លួនចូលរួមចំណែកយ៉ាង សកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការច្នៃប្រឌិតក្នុងយុគសម័យឌីជីថលសតវត្សរ៍ទី២១ ផងដែរ។
សូមបញ្ជាក់ជូនថា កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ក្រោមប្រធានបទ «STEM ក្នុងការកែច្នៃវត្ថុធាតុដើម» ត្រូវបាន បង្កើតឡើងក្នុងគោលបំណងជំរុញ និងលើក កម្ពស់វប្បធម៌ស្រាវជ្រាវ ការច្នៃប្រឌិត (នវានុវត្តន៍) និងការអនុវត្តចំណេះដឹងផ្នែក STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ទៅក្នុងជីវភាពជាក់ស្តែង និងឱ្យបេក្ខជនប្រើប្រាស់គំនិតច្នៃប្រឌិតកែច្នៃវត្ថុធាតុដើម ស្របតាមស្ថានភាពក្នុងសហគមន៍របស់ខ្លួន ឱ្យទៅជាផលិតផល ឬដំណោះស្រាយដែលមានប្រយោជន៍ និងប្រកបដោយចីរភាពព្រជំរុញផលិតភាពក្នុងស្រុក និងចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។
អត្ថបទ៖ ម៉ារ៉ាឌី


