ក្រសួងកិច្ចការនារី ប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ UN ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ និងស្ត្រី
រាជធានីភ្នំពេញ៖ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី កាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រីបណ្ឌិត Najat Maalla M’jid តំណាងពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកអំពើហិង្សាលើកុមារ នៅទីស្តីការក្រសួងកិច្ចការនារី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការការពារ និងលើកកម្ពស់សិទ្ធិកុមារនៅកម្ពុជា។
ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណចំពោះភ្នាក់ងារអង្គការសហប្រជាជាតិ ជាពិសេសអង្គការ UNICEF នាពេលកន្លងមក ដែលតែងតែបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់កុមារ។
កិច្ចពិភាក្សាបានផ្ដោតលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការអនុវត្តសកម្មភាពរួមគ្នារវាងក្រសួងកិច្ចការនារី និងភ្នាក់ងារអង្គការសហប្រជាជាតិ ក្នុងគោលបំណងបង្ការ និងឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះការរំលោភបំពាន ការកេងប្រវ័ញ្ច អំពើហិង្សាគ្រប់ទម្រង់លើកុមារ ព្រមទាំងការលុបបំបាត់ទម្លាប់រើសអើងអវិជ្ជមានផ្សេងៗដែលជះផលប៉ះពាល់ដល់កុមារ។
បន្ថែមពីនេះ ជំនួបខាងលើក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រសួងកិច្ចការនារី ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ភ្នាក់ងារ UN អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីរួមគ្នាលុបបំបាត់អំពើហិង្សាលើកុមារ អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេងឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕


