ផលិតផលតុក្កតា ផ្គុំ និងវេចខ្ចប់ដោយដៃ ជំនាញពីស្រុកព្រៃនប់ ត្រៀមខ្លួនបោះជំហានទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងបង្កើនឱកាសការងារថ្មីជាង ១០០កន្លែងទៀតនៅដើមឆ្នាំ២០២៧

ខេត្តព្រះសីហនុ៖ ផលិតផលតុក្កតាដ៏ស្រស់ស្អាត និងមានគុណភាពស្តង់ដារ ដែលត្រូវបានផលិត ផ្គុំ និងវេចខ្ចប់យ៉ាងយកចិត្តទុកដាក់ដោយផ្ទាល់ដៃពីសំណាក់កូនចៅអ្នកស្រុកព្រៃនប់ កំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ គឺសហរដ្ឋអាមេរិក (USA)។ ផលិតផលតុក្កតានេះ បានបង្ហាញយ៉ាងច្បាស់ពីសមត្ថភាព ជំនាញ និងភាពប៉ិនប្រសប់របស់កម្លាំងពលកម្មក្នុងមូលដ្ឋាន ដែលអាចឈានជើងចូលប្រកួតនប្រជែងលើទីផ្សារសកល។

បច្ចុប្បន្ន រោងចក្រផលិតផ្ទាល់នេះ មានអគារដំណើរការចំនួន ២ រួចមកហើយ ដោយបានផ្តល់ការងារ និងប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាង ២០០ នាក់។ មិនតែប៉ុណ្ណោះ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការ និងការពង្រីកទីផ្សារ ភាគីរោងចក្រក៏បានគ្រោងនឹងបើកដំណើរការអគារផលិតកម្មទី៣ បន្ថែមទៀតនៅដើមឆ្នាំ២០២៧ ខាងមុខនេះ ដែលនឹងជួយបង្កើតឱកាសការងារថ្មីៗជាង ១០០ កន្លែងបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ។

ការរីកចម្រើននេះ មិនត្រឹមតែជាមោទនភាពនៃកម្លាំងពលកម្មក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀតផងដែរ។

អត្ថបទ៖ ម៉ារ៉ាឌី

ប្រភព៖រដ្ឋបាលស្រុកព្រៃនប់