ក្រសួងប្រៃសណីយ៍បើក«សិក្ខាសាលាស្តីពីបទដ្ឋានគតិយុត្តប្រៃសណីយ៍ និងនីតិវិធីស្នើសុំសេវាសាធារណៈតាមប្រព័ន្ធឌីជីថល»

អគ្គនាយកដ្ឋានប្រៃសណីយ៍ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានបើក «សិក្ខាសាលាស្តីពីបទដ្ឋានគតិយុត្តប្រៃសណីយ៍ និងនីតិវិធីស្នើសុំសេវាសាធារណៈតាមប្រព័ន្ធឌីជីថល»ក្រោមអធិបតីភាព ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍គ្រប់ខេត្ត តំណាងប្រតិបត្តិករប្រៃសណីយ៍ជាច្រើនរូប។

បើតាមរបាយការណ៍ ឯកឧត្តម ហ៊ន ធារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានប្រៃសណីយ៍ បានឱ្យដឹងថា គោលបំណងសំខាន់ៗនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយចំណេះដឹង និងការយល់ដឹងអំពីបទប្បញ្ញត្តិប្រៃសណីយ៍ ជំរុញការធ្វើបរិវត្តកម្មឌីជីថល និងពង្រឹងការអនុវត្តនីតិវិធីស្នើសុំសេវាសាធារណៈតាមប្រព័ន្ធឌីជីថល។ ឯកឧត្តម អគ្គនាយក ក៏បានថ្លែងនូវអំណរគុណ ដល់សហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក ដែលតែងតែផ្តល់ការបណ្តុះបណ្តាលលើជំនាញប្រៃសណីយ៍ និងជំនាញពាក់ព័ន្ធចាំាបាច់ពាក់ព័ន្ធដទៃទៀត ដែលក្នុងនោះមានបរិវត្តកម្មឌីជីថល។ ការបណ្តុះបណ្តាលនេះ មានសារៈសំខាន់ក្នុងការជួយបង្កើនល្បឿននៃការធ្វើទំនើបកម្មនៃវិស័យប្រៃសណីយ៍នៅកម្ពុជា។

ការធ្វើបរិវត្តកម្មឌីជីថលបានក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ការធ្វើទំនើបកម្មវិស័យប្រៃសណីយ៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ និងគុណភាពសេវា ឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងការផ្លាស់ប្តូរការរំពឹងទុករបស់សាធារណជន។ ការធ្វើឌីជីថលភាវូបនីយកម្មមិនមែនកំណត់ត្រឹមតែប្រតិបត្តិការប្រៃសណីយ៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវគ្របដណ្តប់លើការងាររដ្ឋបាលផ្ទៃក្នុង និងនីតិវិធីរដ្ឋបាលសាធារណៈផងដែរ។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានដើរតួនាទីនាំមុខក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថល ដោយចាប់ផ្តើមពីការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលផ្ទៃក្នុង នីតិវិធីនៃការស្នើសុំសេវាសាធារណៈ និងការជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យប្រៃសណីយ៍។ សកម្មភាពនេះនឹងបង្ហាញពីការប្តេជ្ញាចិត្តរបស់ស្ថាប័ន ក្នុងការបង្កើតជាឧត្តមានុវត្តន៍ និងជាមូលដ្ឋានគ្រឹះសម្រាប់ការធ្វើបរិវត្តកម្មឌីជីថល។

ឯកឧត្តម ម៉ម អំណត់ បានគូសបញ្ជាក់ថា វិស័យប្រៃសណីយ៍ គឺជាឆ្អឹងខ្នង និងជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយក្នុងការទ្រទ្រង់សេដ្ឋកិច្ច-សង្គម និងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ ពាណិជ្ជករ និងស្ថាប័នរដ្ឋ។ ឆ្លងកាត់ដំណាក់កាលជាច្រើន ការវិវត្តនៃវិស័យប្រៃសណីយ៍ កម្ពុជាបានឈានពីសេវាបញ្ញើ តាមបែបប្រពៃណី មកកាន់យុគសម័យនៃការរីកចម្រើននៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) និងការដឹកជញ្ជូនរហ័ស (Express/Courier) ដែលទាមទារឱ្យមានការផ្លាស់ប្តូរ និងការធ្វើបច្ចុប្បន្នភាពជាចាំបាច់។

ឯកឧត្តម គូសបញ្ជាក់បន្ថែមថា ស្របតាម «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យក «បច្ចេកវិទ្យាឌីជីថល» ជាសសរស្ដម្ភមួយក្នុងចំណោមអាទិភាពគន្លឹះទាំង៥ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បាននិងកំពុងខិតខំជំរុញ បរិវត្តកម្មឌីជីថល ក្នុងវិស័យនេះយ៉ាងសកម្ម ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និង «គោលនយោបាយអភិវឌ្ឍន៍ប្រៃសណីយ៍» ។

ឯកឧត្តម បានគូសបញ្ជាក់បន្ថេមថា ការធ្វើបរិវត្តកម្មឌីជីថល មិនត្រឹមតែជាការបំពាក់បច្ចេកវិទ្យាថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកែប្រែទម្លាប់ វិធីសាស្ត្រធ្វើការងារ ការបង្កើតប្រព័ន្ធគ្រប់គ្រងដែលមានប្រសិទ្ធភាព និងការផ្តល់សេវាសាធារណៈឱ្យកាន់តែរហ័ស និងប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងធុរកិច្ចក្នុងយុគសម័យឌីជីថល។

តាមរយៈ ការរៀបចំសិក្ខាសាលានេះ ឯកឧត្តម រដ្ឋលេខាធិការ សង្ឈឹមថា នឹងក្លាយជាវេទិកាដ៏មានតម្លៃសម្រាប់យើងទាំងអស់គ្នា ក្នុងការផ្លាស់ប្តូរមតិយោបល់ ស្វែងយល់បន្ថែមអំពីបរិវត្តកម្មឌីជីថល បទដ្ឋានគតិយុត្ត និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋ និងឯកជន ដើម្បីរួមគ្នាជំរុញឱ្យ វិស័យប្រៃសណីយ៍ នៅកម្ពុជាមានការអភិវឌ្ឍប្រកបដោយចីរភាព និងទំនើបកម្ម។ ស្នើឱ្យសិក្ខាកាមទាំងអស់ មេត្តាចូលរួមស្តាប់ ដកស្រង់បទពិសោធ និងចោទសួរដេញដោលឱ្យបានសកម្ម ដើម្បីទទួលបាននូវចំណេះដឹង និងធាតុចូលសំខាន់ៗ យកទៅអនុវត្តក្នុងស្ថាប័ន និងអង្គភាពរបស់ខ្លួនឱ្យទទួលបានផលសម្រេចខ្ពស់ ៕