ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកសន្និសីទពហុភាគីរបស់អាស៊ាន ស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយ និងការគ្រប់គ្រងព័ត៌មានសំយោគក្នុងយុគសម័យឌីជីថល

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិច្ចប្រជុំលើកទី១៧ នៃរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកព័ត៌មាន បានអញ្ជើញជាអធិបតីបើកសន្និសីទពហុភាគីរបស់អាស៊ាន ស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយ និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសំយោគក្នុងយុគសម័យឌីជីថល (ASEAN Multistakeholder Symposium on Mitigating Disinformation and Managing Synthetic Media in the Digital Era) នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា លោក Reto Grüninger ប្រធានផ្នែកសហប្រតិបត្តិការនៃការិយាល័យសហប្រតិបត្តិការ និងទីភ្នាក់ងារកុងស៊ុលស្វីសប្រចាំនៅកម្ពុជា ។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងការបង្កើតព័ត៌មានបំភាន់ ដែលអាចប៉ះពាល់ដល់ទំនុកចិត្តសាធារណៈ សាមគ្គីភាពសង្គម និងសុចរិតភាពនៃបរិយាកាសព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការឆ្លើយតបចំពោះបញ្ហាប្រឈមទាំងនេះ ត្រូវដើរទន្ទឹមគ្នាជាមួយការលើកកម្ពស់អក្ខរកម្មព័ត៌មាន សមត្ថភាពគិតពិចារណា និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយការទទួលខុសត្រូវ ព្រមទាំងធានាការគោរពសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន។

ក្នុងឱកាសនេះ ឯកឧត្តមបានលើកបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា តាមរយៈយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដែលបានអនុវត្តសកម្មភាពលើកកម្ពស់ការយល់ដឹងនៅទូទាំងប្រទេស និងបន្តពង្រឹងការអប់រំអក្ខរកម្មព័ត៌មានដល់យុវជន និងសិស្សានុសិស្ស។

គូរបញ្ជាក់ដែរថា សម្រាប់សន្និសីទរយៈពេលពីរថ្ងៃ ១៤-១៥ ខែវិច្ឆិកានេះ ជាវេទិកាសម្រាប់បណ្តាប្រទេសអាស៊ាន និងដៃគូពាក់ព័ន្ធ ផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកចំណេះដឹង និងពិភាក្សាអំពីវិធានការរួម ដើម្បីកសាងបរិយាកាសព័ត៌មានដែលមានភាពជឿទុកចិត្ត សុវត្ថិភាព និងប្រកបដោយការទទួលខុសត្រូវ។ លទ្ធផលនៃសន្និសីទនេះក៏នឹងជាធាតុចូលសម្រាប់ការត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកព័ត៌មានលើកទី១៨ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៧ ផងដែរ៕