ទូរទស្សន៍យក្សអន្តរជាតិ TV5 Monde និង Africa 24 នឹងរួមដៃជាមួយកម្ពុជា ផ្សាយព្រឹត្តិការណ៍«កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០» ទៅកាន់ទស្សនិកជនរាប់រយលាននាក់

ស្ថានីយទូរទស្សន៍យក្សអន្តរជាតិ TV5 Monde និង Africa 24 នឹងរួមដៃជាមួយក្រសួងព័ត៌មានកម្ពុជា ក្នុងការផ្សព្វផ្សាយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០» ទៅកាន់ទស្សនិកជនរាប់រយលាននាក់នៅជុំវិញពិភពលោក។

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការព័ត៌មាននិងផ្សព្វផ្សាយ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាមួយ លោកស្រី Oria Kije VANDEWEGHE ប្រធានផ្នែកទំនាក់ទំនង និងជាអ្នកនាំពាក្យអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី (OIF) កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។

ជំនួបនេះផ្តោតលើការពង្រឹងកិច្ចសហការ និងការសម្របសម្រួលការងាររួម ជាពិសេសការរៀបចំ និងផ្តល់ភាពងាយស្រួលដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងការចុះយកព័ត៌មាន និងរាយការណ៍អំពីកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធ។ កិច្ចការសំខាន់ៗរួមមាន ការសម្របសម្រួលការចុះឈ្មោះ និងការទទួលអ្នកសារព័ត៌មាន ការផ្តល់ព័ត៌មានផ្លូវការ ការរៀបចំទីតាំងមណ្ឌលព័ត៌មាន និងការគាំទ្រផ្នែកបច្ចេកទេស ដើម្បីធានាឱ្យការផ្សព្វផ្សាយប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។

តាមការគ្រោងទុក អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.២០០នាក់ មកពីជិត ៤០ប្រទេស នឹងមកយកព័ត៌មានអំពីកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ទន្ទឹមនឹងការសម្របសម្រួលអ្នកសារព័ត៌មាន កិច្ចពិភាក្សាក៏ផ្តោតលើការជំរុញការផ្សព្វផ្សាយកិច្ចប្រជុំកំពូលនេះឱ្យបានសុះសាយទៅកាន់តំបន់នានាទូទាំងសកលលោក  តាមរយៈដៃគូសហការផ្សព្វផ្សាយផ្លូវការរបស់កិច្ចប្រជុំកំពូល រួមមាន ស្ថានីយទូរទស្សន៍ TV5 Monde របស់បារាំង ដែលមានអ្នកទស្សនាប្រមាណ ៤០០លាននាក់នៅជុំវិញពិភពលោក និងស្ថានីយទូរទស្សន៍ Africa 24 ដែលមានអ្នកទស្សនាជាង ៨០លាននាក់នៅទូទាំងទ្វីបអាហ្វ្រិក និងសារព័ត៌មានជាតិនិងអន្តរជាតិផ្សេងទៀត។ 

កិច្ចសហការនេះមិនត្រឹមតែចូលរួមពង្រីកវិសាលភាពនៃការផ្សព្វផ្សាយ និងជួយឱ្យព័ត៌មានអំពីកិច្ចប្រជុំកំពូល ទទួលបានការចាប់អារម្មណ៍កាន់តែទូលំទូលាយពីសំណាក់សាធារណជនអន្តរជាតិនៅគ្រប់ទិសទីប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកជំរុញការផ្សព្វផ្សាយពីកិត្យានុភាព វប្បធម៌ សក្តានុពលសេដ្ឋកិច្ច និងសមត្ថភាពរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់នេះទៅកាន់ពិភពលោកផងដែរ។