លោកជំទាវ អ៊ឹម រចនា ដឹកនាំកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការងារឆ្មាំទន្លេ និងជំរុញការប្រើប្រាស់ប្រព័ន្ធកាមេរ៉ាបច្ចេកវិទ្យាទំនើប ដើម្បីធានានិរន្តរភាពនៃការអភិរក្សសត្វផ្សោតទន្លេមេគង្គ
នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារអភិរក្សជលផល ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងអង្គការដៃគូ ជួបសំណេះសំណាលជាមួយមន្ត្រីឆ្មាំទន្លេ ដើម្បីពង្រឹង និងបង្កើនប្រសិទ្ធភាពការងារគ្រប់គ្រង ការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ។ ជំនួបនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការអភិរក្សសត្វផ្សោត ស្ថិតក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានការចូលរួមពីលោកបណ្ឌិត អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល លោក អៀម សំអ៊ន់ ប្រធានកម្មវិធី និងជាតំណាងអង្គការ WWF ព្រមទាំងលោកអនុប្រធាននាយកដ្ឋានអភិរក្សជលផល លោកនាយខណ្ឌរដ្ឋបាលជលផលក្រចេះ និងមន្ត្រីឆ្មាំទន្លេ។
នាជំនួបនោះ លោកជំទាវ អ៊ឹម រចនា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជូនចំពោះមន្ត្រីឆ្មាំទន្លេទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ។ លោកជំទាវបានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះមន្ត្រីជំនាញអភិរក្ស អង្គការ WWF កម្ពុជា និងមន្ត្រីឆ្មាំទន្លេ ដែលបានរួមសហការគ្នាយ៉ាងសកម្មក្នុងការចុះល្បាត ទប់ស្កាត់បទល្មើស និងការពារធនធានជលផល។ ជាមួយគ្នានេះ លោកជំទាវបានលើកឡើងពីភាពជោគជ័យនៃការគ្រប់គ្រង និងអភិរក្សសត្វផ្សោតនៅកម្ពុជា ដែលកើតចេញពីការចូលរួម និងការលះបង់របស់គ្រប់ភាគីពាក់ព័ន្ធ។
លោកជំទាវក៏បានរំលេចពីមោទនភាពរបស់កម្ពុជា ចំពោះសមិទ្ធផលនៃការអភិរក្សសត្វផ្សោត ដែលត្រូវបានបង្ហាញក្នុងកិច្ចប្រជុំអន្តរជាតិកាលពីពេលថ្មីនេះ តាមរយៈបទអន្តរាគមន៍ និងការចាក់ផ្សាយវីដេអូស្តីពីសកម្មភាពអភិរក្សជូនអង្គប្រជុំទាំងមូល។ ទន្ទឹមនឹងនេះ លទ្ធផលនៃការបង្ក្រាបបទល្មើស និងការដកហូតឧបករណ៍នេសាទខុសច្បាប់ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តការងារអភិរក្ស និងការពង្រឹងការអនុវត្តច្បាប់នៅតាមតំបន់គោលដៅ។
ជាទិសដៅបន្ត លោកជំទាវបានសង្កត់ធ្ងន់លើការពង្រឹងប្រព័ន្ធតាមដាន និងត្រួតពិនិត្យតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ា និងប្រព័ន្ធផ្ទុកទិន្នន័យវីដេអូថតផ្សោតបាន ព្រមទាំងសិក្សាលទ្ធភាពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដើម្បីជួយកាត់បន្ថយការចំណាយលើថ្លៃអគ្គីសនី។ ជាមួយគ្នានេះ ការពង្រឹងកិច្ចសហការជាមួយអ្នកជំនាញអន្តរជាតិ និងដៃគូពាក់ព័ន្ធ ការកែសម្រួលរចនាសម្ព័ន្ធការងារ ការបែងចែកភារកិច្ចតាមជំនាញ ការបណ្តុះបណ្តាលបន្ថែម និងការយកចិត្តទុកដាក់លើបរិយាកាសការងារ និងជីវភាពមន្ត្រី គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពក្រុមការងារ និងធានានិរន្តរភាពនៃការគ្រប់គ្រង ការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ៕


