គម្រោងរលាំងជ្រៃ នៃ «គម្រោងកែលម្អ និងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ភាគនិរតី រាជធានីភ្នំពេញ»

សំណង់ទ្វារទឹករលាំងជ្រៃ មិនត្រឹមតែជាគម្រោងហេដ្ឋារចនា សម្ព័ន្ធធារាសាស្ត្រដ៏មានសារៈសំខាន់ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានទឹក ការផ្គត់ផ្គង់ទឹកសម្រាប់វិស័យកសិកម្មប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃការរំដោះការជន់លិចទឹកនៅតំបន់ភាគនិរតីរាជធានីភ្នំពេញ និងតំបន់ជុំវិញ។

នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងដំណើរទស្សនកិច្ចស្តីពីជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ឆ្នាំ២០២៦ នៅថ្ងៃទី២ ខែវិច្ឆិកា។

ឯកឧត្តម បន្តថា សំណង់ទ្វារទឹករលាំងជ្រៃ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធធារាសាស្ត្រ ដែលមានតួនាទីគ្រប់គ្រងលំហូរទឹក និងបញ្ជូនទឹកទៅកាន់ប្រព័ន្ធប្រឡាយនានា សម្រាប់បម្រើដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករ។ ការកែលម្អ និងស្តារសំណង់នេះឡើងវិញ នឹងជួយបង្កើនសមត្ថភាពគ្រប់គ្រងទឹកឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកតាមរដូវកាល។ជាមួយគ្នានេះ ការស្តារប្រព័ន្ធប្រឡាយមេ និងប្រឡាយរង ព្រមទាំងសំណង់សិល្បការ្យពាក់ព័ន្ធ ក៏ជាការងារចាំបាច់ក្នុងការធានាឱ្យប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកដំណើរការបានល្អប្រសើរ។ ការងារទាំងនេះនឹងជួយសម្រួលដល់ការបញ្ជូនទឹកចូលតំបន់កសិកម្មក្នុងរដូវប្រាំង និងបង្កើនសមត្ថភាពបង្ហូរទឹកចេញនៅរដូវវស្សា។

ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានជួយកែលម្អ និងស្ថាបនាប្រឡាយរងនៃសំណង់ទ្វារទឹករលាំងជ្រៃ ស្ថិតនៅលើដងស្ទឹងព្រែកត្នោត ក្នុងគោលបំណងបង្កើនផលិតភាពកសិកម្ម និងកាត់បន្ថយការខូចខាតដោយសារទឹកជំនន់នៅតាមតំបន់ជនបទ និងតំបន់ជួបការលំបាក ដើម្បីរួមចំណែកលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន។ ទំហំទឹកប្រាក់ឥណទាននៃការអនុវត្តគម្រោង ក្នុង៣ដំណាក់ កាល គិតចាប់តាំងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៦នេះ សរុប ៣២.៣២៥លានយ៉េន។

គម្រោងនេះ មានវិសាលភាពលើផ្ទៃដីស្រោចស្រព នៅក្នុងតំបន់ជុំវិញនៃទ្វារទឹករលាំងជ្រៃជាង១ម៉ឺន៦ពាន់ហិកតា ដោយមានប្រជាពលរដ្ឋអ្នកទទួលផលជាង៤ពាន់គ្រួសារ និងបង្ហៀរការស្រោចស្រពទៅកាន់ តំបន់នៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ សរុបជាង២ពាន់ហិកតា គ្រាប់ដណ្ដប់លើអ្នកទទួលផលជាង៣.៧០០គ្រួសារ។

គួរបញ្ជាក់ថា សំណង់ទ្វារទឹកនេះ មានការគ្រប់គ្រងលំហូរទឹក ដោយអាចបើក និងបិទលំហូរទឹក, បញ្ជូនទឹកទៅកាន់ប្រព័ន្ធប្រឡាយស្រោចស្រព, ជួយកាត់បន្ថយហានិភ័យនៃការជន់លិចនៅតំបន់ ក្នុងនោះក៏មានតំបននិរតីនៃរាជធានីភ្នំពេញ, ធានាការផ្គត់ផ្គង់ទឹកសម្រាប់ប្រជាកសិករ, ជួយបង្កើនផលិតភាពកសិកម្ម និងការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព៕