គ.ជ.គ.ម. និង UNFPA ប្រគល់អំណោយសម្ភារចាំបាច់ចំនួន ៨៥០កញ្ចប់ ជូនស្ត្រីនិងក្មេងស្រីរងគ្រោះដោយសារសង្គ្រាមភៀសសឹក នៅខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) សហការជាមួយមូលនិធិប្រជាជនសហប្រជាជាតិ (UNFPA) បានរៀបចំពិធីសំណេះសំណាល និងប្រគល់-ទទួលអំណោយសម្ភារប្រើប្រាស់ចាំបាច់សម្រាប់ស្ត្រី និងក្មេងស្រី (Dignity Kits) ចំនួន ៨៥០កញ្ចប់ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារផលប៉ះពាល់នៃសង្គ្រាមភៀសសឹក នៅទីតាំងដីសម្បទានសង្គមកិច្ច ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ខូវ សាង អគ្គលេខាធិការរង និងជាប្រធានយេនឌ័រនៃ គ.ជ.គ.ម. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង លោកស្រី Sandra Bernklau តំណាង UNFPA ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម គង់ កន្នារិទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ ព្រមទាំងអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម គង់ កន្នារិទ្ធ អភិបាលរងខេត្ត បានគូសបញ្ជាក់ពីស្ថានភាពផលប៉ះពាល់ថា សង្គ្រាមឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាក្នុងភូមិសាស្ត្រខេត្ត បានបង្កផលប៉ះពាល់ដល់ ២ក្រុង/ស្រុក, ៧ឃុំ/សង្កាត់ ស្មើនឹង ១៩ភូមិ ដោយមានប្រជាពលរដ្ឋជម្លៀសទៅកាន់មណ្ឌលសុវត្ថិភាពសរុប ៥០.៥០៤គ្រួសារ។

ឯកឧត្តមអភិបាលរងខេត្តបានបន្តថា បច្ចុប្បន្នប្រជាពលរដ្ឋភៀសសឹកកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នចំនួន ៧៥៩ខ្នង នៅទីតាំងសម្បទានដីសង្គមកិច្ច ក្នុងភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ដែលមានចំនួនសរុប ៨៨២គ្រួសារ ស្មើនឹង ៣.៣៦៥នាក់ (ស្រី ១.៧០៨នាក់) ក្នុងនោះមានស្ត្រីមានផ្ទៃពោះ ៣១នាក់ និងកុមារចំនួន ១.០២០នាក់។

ចំណែកឯ លោកជំទាវ ខូវ សាង បានរំលេចថា ក្នុងបរិបទដែលកម្ពុជាជួបប្រទះនូវគ្រោះមហន្តរាយបង្កឡើងដោយសង្គ្រាមឈ្លានពាននេះ ជម្លោះមិនមែនជាអ្វីដែលកម្ពុជាចង់បានឡើយ។ លោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNFPA រដ្ឋាភិបាលជប៉ុន និងអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រទាំងផ្នែកបច្ចេកទេស សម្ភារៈ និងថវិកា ជាពិសេសលើវិស័យសុខភាពផ្លូវភេទ សុខភាពមាតា-ទារក ការឆ្លើយតបនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) និងការស្តារស្មារតី និងសុខភាពផ្លូវចិត្ត (Mental Health Support) ជូនដល់ស្ត្រី និងក្មេងស្រីរងគ្រោះ។

លោកជំទាវអគ្គលេខាធិការរងបានសង្កត់ធ្ងន់ថា ការគាំទ្រពីដៃគូអភិវឌ្ឍន៍ទាំងអស់ មិនត្រឹមតែជាជំនួយសង្គ្រោះបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការរួមចំណែកដោយផ្ទាល់ដល់ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងភាពអង់អាចដល់ស្ត្រី និងការកសាងភាពធន់ក្នុងសហគមន៍ប្រឈមនឹងគ្រោះមហន្តរាយ។ រាជរដ្ឋាភិបាលនឹងបន្តជំរុញការងារនេះតាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ ការពង្រឹងភាពអង់អាចដល់ស្ត្រី និងក្មេងស្រីក្នុងវិស័យសេដ្ឋកិច្ច អប់រំ និងសុខាភិបាល ព្រមទាំងការកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាផ្សេងៗផងដែរ៕