ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាជាក្រសួងទី២៧ហើយ ដែលបានសហការជាមួយក្រសួងមុខងារសាធារណៈ រៀបចំដំណើរការជំរឿនដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងការផ្ដល់សេវាសាធារណៈ
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបើកដំណើរការចុះជំរឿនមន្ត្រីរាជការជាក់ស្ដែង ដោយមានកិច្ចសហការយ៉ាងល្អប្រសើរជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងមុខងារសាធារណៈ។
ថ្លែងក្នុងឱកាសចុះធ្វើជីវមាត្រ និងផ្ទៀងផ្ទាត់ទិន្នន័យដោយផ្ទាល់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវ និងភាពម៉ត់ចត់របស់ក្រុមការងារ។ ឯកឧត្តមបានគូសបញ្ជាក់ថា ដំណើរការជំរឿននេះចំណាយពេលត្រឹមតែ ៥ ទៅ ៦ នាទីប៉ុណ្ណោះក្នុងម្នាក់ ដែលបង្ហាញពីភាពរហ័សរហួន និងទំនើបកម្មក្នុងការគ្រប់គ្រងមន្ត្រី។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ការចុះជំរឿនជាក់ស្តែងនាពេលនេះ មិនមែនជាការដាក់សម្ពាធ ឬដាក់វិន័យលើមន្ត្រីនោះទេ ប៉ុន្តែជា «ការរៀបចំផ្ទះរបស់យើងឱ្យបានល្អ» ដើម្បីធានាថាការបែងចែកកម្លាំងមន្ត្រីនៅតាមអង្គភាព នាយកដ្ឋាន និងការិយាល័យនីមួយៗ មានភាពសមស្របទៅនឹងតួនាទីភារកិច្ចជាក់ស្តែង។
តាមរយៈការកែទម្រង់នេះ ក្រសួងចង់លុបបំបាត់បញ្ហាកកស្ទះសេវាសាធារណៈ “ដែលប្រៀបដូចជាផ្លូវចង្អៀតមាត់កដប” ដោយធានាថា បងប្អូនប្រជាពលរដ្ឋទទួលបានសេវាដោយភាពរលូន ទាន់ពេលវេលា និងមានការទទួលខុសត្រូវខ្ពស់។ ឯកឧត្តមបញ្ជាក់ថា ការធ្វើជំរឿននេះ ដើម្បីធានាប្រសិទ្ធភាពក្នុងការគ្រប់គ្រងទិន្នន័យមន្ត្រីជាក់ស្តែង។
យោងតាមប្រសាសន៍របស់ ឯកឧត្តម អែវ ប៊ុនថុល រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា ដំណើរការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីរាជការ គឺបានអនុវត្តលើ ២៦ ក្រសួងស្ថាប័នរួចមកហើយ (ស្មើនឹងប្រមាណជាង ៨០% នៃមន្ត្រីក្នុងរចនាសម្ព័ន្ធនីតិប្រតិបត្តិ)។
ដោយឡែក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គឺជាក្រសួងទី ២៧ ដែលមានមន្ត្រីសរុបប្រមាណ ជាង ២០០០នាក់ ដើម្បីធានាដំណើរការដោយរលូន ក្រុមការងារបានរៀបចំការិយាល័យជំរឿនចំនួន ៣ ដំណើរការព្រមៗគ្នា ព្រមទាំងរៀបចំម៉ាស៊ីនជីវមាត្រចំនួន ៧ ផងដែរ។
ការអញ្ជើញធ្វើជីវមាត្រ និងផ្ទៀងផ្ទាត់ទិន្នន័យដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ជា សុមេធី គឺជារូបភាពគំរូដ៏ល្អប្រពៃ និងជាការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។
ជាទិសដៅបន្ត ក្រសួងទាំងពីរនឹងបន្តពង្រឹងកិច្ចសហការ ដោះស្រាយបញ្ហាប្រឈមនានា ព្រមទាំងជំរុញការផ្ទៀងផ្ទាត់ និងអភិវឌ្ឍសមត្ថភាពក្រុមការងារ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារជូនជាតិ និងប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត៕


