អនុគណៈកម្មការរៀបចំកីឡាលើទឹក និងលើឆ្នេរ ប្រជុំពិភាក្សាដើម្បីរៀបចំសកម្មភាពកីឡាទេសចរណ៍ អបអរព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី១២ ជុំទី៤

កិច្ចប្រជុំអនុគណៈកម្មការរៀបចំកីឡាលើទឹក និងលើឆ្នេរ ដើម្បីរៀបចំសកម្មភាពកីឡាទេសចរណ៍សម្រាប់ព្រឹត្តិការណ៍បុណ្យសមុទ្រ ដឹកនាំដោយ ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអនុគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាលើទឹក និងលើឆ្នេរ លោកសាមុត សុធារឹទ្ធ អភិបាលរងខេត្តព្រះសីហនុ លោក យូសុះ ស៊ូឡៃម៉ាន អភិបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ នារសៀលទី៣០ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ (បណ្តោះអាសន្ន)។

លោក សាមុត សុធារឹទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការងាររៀបចំបុណ្យសមុទ្រនេះ គឺធ្វើយ៉ាងណាឱ្យមានភ្ញៀវចូលរួមអោយបានច្រើនកុះករ ក្នុងគោលបំណងផ្សព្វផ្សាយទៅកាន់បណ្តាប្រទេសជុំវិញពិភពលោក ក៏ដូចជារាជធានី-ខេត្តទាំង ២៥ របស់យើងផ្ទាល់តែម្តង។

តាមរយៈបុណ្យសមុទ្រនេះដែរ យើងចង់ផ្សព្វផ្សាយ ឱ្យពិភពលោកបានដឹងថា ខេត្តព្រះសីហនុគឺជាខេត្តដែលមានសក្តានុពលទេសចរណ៍ខ្លាំង មានសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ ហើយមានភ្ញៀវទេសចរមកកម្សាន្តច្រើន។ ចំពោះផ្នែកកីឡាវិញ យើងចង់ឱ្យមានក្រុមបរទេសដែលពួកគាត់រស់នៅតាមកោះ ពិសេសកោះរ៉ុង និងកោះរ៉ុងសន្លឹម ដែលបានមកស្នាក់នៅក្នុងប្រទេសកម្ពុជាយើងច្រើនឆ្នាំមកហើយ ហើយចេះលេងកីឡា ឱ្យពួកគាត់មកចូលរួមលេងកីឡាក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនេះ។ ការចូលរួមរបស់ពួកគាត់ គឺមានសារៈសំខាន់ណាស់ក្នុងការជួយផ្សព្វផ្សាយទៅកាន់ពិភពលោក វានឹងធ្វើឱ្យព្រឹត្តិការណ៍បុណ្យសមុទ្ររបស់យើងកាន់តែមានភាពទូលំទូលាយ។ ដូច្នេះ យើងត្រូវរួបរួមគ្នា ធ្វើយ៉ាងណាឱ្យការរៀបចំបុណ្យសមុទ្ររបស់យើងទទួលបានជោគជ័យ និងទទួលបានលទ្ធផលល្អ។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ាហេង ដាវុធ មានប្រសាសន៍ថា ពិធីបុណ្យសមុទ្រ លើកទី១២ ជុំទី៤ ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ កម្មវិធីកីឡាគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញឱ្យព្រឹត្តិការណ៍ទាំងមូលប្រព្រឹត្តទៅដោយភាពអធិកអធម ការលេងកីឡានៅពេលថ្ងៃ ពេលយប់យើងមានបុណ្យសមុទ្រ។ កិច្ចពិភាក្សាថ្ងៃនេះ គឺជាការជ្រើស រើសប្រភេទកីឡា សម្រាប់ត្រៀម ក្នុងពិធី បុណ្យសមុទ្រដើម្បីសម្រេចថាតើមានប្រភេទកីឡាអ្វីខ្លះ ដែលយើងសម្រេចយក។

ហើយ ពិធីនេះក៏មានការចូលរួមពី សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ដើម្បីប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមទិសដៅពាក្យស្លោក ប្រជាជនម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍ម្នាក់ និងពាក្យស្លោក របស់រាជរដ្ឋាភិបាលគឺ ប្រជាជនម្នាក់ ត្រូវចេះលេងកីឡាមួយមុខយ៉ាងតិចក្នុងជីវិត។

ដូច្នេះការប្រជុំ ពិភាក្សាថ្ងៃនេះ ដើម្បីរកធាតុចូលរួមគ្នា ក្នុងការធ្វើយ៉ាងណាអោយដំណើរការរៀបចំកម្មវិធីបុណ្យសមុទ្រនេះ ប្រព្រឹត្តទៅដោយរលូន និងមានប្រភេទកីឡាចម្រុះ ដើម្បីអមកម្មវិធីកាន់តែមានភាពសប្បាយរីករាយជូនភ្ញៀវជាតិនិងអន្តរជាតិបានទស្សនាកំសាន្ត ក្នុងថ្ងៃដ៏មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ពិសេសខេត្តព្រះសីហនុផ្ទាល់។

 

អត្ថបទ៖ មន សូត្រ

រូបភាព៖ពពក