គណៈប្រតិភូពុទ្ធិកសមាគមកម្ពុជរដ្ឋអញ្ជើញចូលរួមពិធីបើកជាផ្លូវការវេទិកាព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត នៅទីក្រុងណានីង សាធារណរដ្ឋប្រជាមានិតចិន
ទីក្រុងណានីង-៖ នាព្រឹកថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូពុទ្ធិកសមាគមកម្ពុជរដ្ឋ បានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការវេទិកាព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ព្រះគ្រូ យាន ជី (Yan Jue) ប្រធានពុទ្ធិកសមាគមសាធារណរដ្ឋប្រជាមានិតចិន និងលោកអភិបាលរងខេត្តគ័ងស៊ី ព្រមទាំងមានការអញ្ជើញចូលរួមពីគណៈប្រតិភូព្រះពុទ្ធសាសនាមកពីប្រទេសចំនួន៧ផ្សេងទៀត ដោយសរុបព្រះសង្ឃ និងគណៈប្រតិភូដែលចូលរួមក្នុងវេទិកានេះមានប្រមាណ ៣០០រូប។វេទិកានេះមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយប្រព្រឹត្តទៅនៅសាលប្រជុំនៃសណ្ឋាគារ លីយ័ន វីឡា (Liyuan Villa)។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្តគ័ងស៊ី បានថ្លែងសុន្ទរកថាស្វាគមន៍ និងបង្ហាញពីសារៈសំខាន់នៃការរៀបចំវេទិកានេះ ក្នុងការពង្រឹងចំណងមិត្តភាព ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសនានា។ លោកបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Lancang–Mekong Cooperation) ក្នុងការជំរុញការតភ្ជាប់ និងការអភិវឌ្ឍរួមរវាងប្រទេសជាសមាជិក តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ អប់រំ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ លោកក៏បានលើកឡើងថា កិច្ចសហប្រតិបត្តិការក្នុងតំបន់មិនគួរផ្តោតតែលើការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែត្រូវយកចិត្តទុកដាក់លើការកសាងទំនាក់ទំនងផ្នែកវប្បធម៌ សាសនា និងការយោគយល់គ្នារវាងប្រជាជនផងដែរ។ ក្នុងន័យនេះ ព្រះពុទ្ធសាសនាអាចដើរតួនាទីជាស្ពានភ្ជាប់មិត្តភាព និងសាមគ្គីភាពរវាងប្រជាជាតិ ដោយរួមចំណែកលើកកម្ពស់សីលធម៌ សន្តិភាព និងការរួមរស់ដោយសុខដុមរមនា។ ទន្ទឹមនឹងនេះ លោកបានបង្ហាញពីសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ក្នុងការជំរុញការតភ្ជាប់ ការចែករំលែកព័ត៌មាន និងចំណេះដឹង ព្រមទាំងការពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងប្រជាជនក្នុងតំបន់មេគង្គ-ឡានឆាង។ ការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះ គួរត្រូវបានជំរុញដោយមានការទទួលខុសត្រូវ និងគិតគូរដល់តម្លៃមនុស្សធម៌ សីលធម៌ និងវប្បធម៌ ដើម្បីធានាថាការរីកចម្រើនផ្នែកបច្ចេកវិទ្យាបម្រើដល់សុខុមាលភាពប្រជាជន និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។
ជាមួយគ្នានេះ ព្រះគ្រូ យាន ជី (Yan Jue) ប្រធានពុទ្ធិកសមាគមសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងសុន្ទរកថាបើកវេទិកា ដោយផ្តោតលើតួនាទី និងការរួមចំណែករបស់ព្រះពុទ្ធសាសនាក្នុងការឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃសង្គមសម័យបច្ចុប្បន្ន។ ព្រះគ្រូបានលើកឡើងពីសារៈសំខាន់នៃការសម្របខ្លួនទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សីលធម៌ គុណធម៌ មេត្តាធម៌ និងការទទួលខុសត្រូវ ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាឱ្យបម្រើដល់ការសិក្សា ការស្រាវជ្រាវ ការផ្សព្វផ្សាយព្រះធម៌ និងសុខុមាលភាពរបស់មនុស្សជាតិ។ ព្រះគ្រូក៏បានគូសបញ្ជាក់ពីតួនាទីរបស់ព្រះពុទ្ធសាសនា និងសាសនានានា ក្នុងការរួមចំណែកពង្រឹងសុខដុមរមនាក្នុងសង្គម តាមរយៈការអប់រំសីលធម៌ ការបណ្តុះស្មារតីមេត្តាករុណា ការអត់ឱន ការគោរពភាពខុសគ្នា និងការរួមរស់ដោយសន្តិភាព។ ព្រមទាំងលើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរសាសនា ដើម្បីពង្រឹងសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។
ក្នុងអំឡុងពេលវេទិកា នឹងមានការថ្លែងសុន្ទរកថាគន្លឹះដោយតំណាងមកពីប្រទេសទាំង៧ និងអ្នកជំនាញពាក់ព័ន្ធ ដើម្បីចែករំលែកទស្សនៈ ចំណេះដឹង និងបទពិសោធន៍លើប្រធានបទព្រះពុទ្ធសាសនាក្នុងបរិបទនៃការរីកចម្រើនបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការតំបន់។ ក្នុងនោះ ឯកឧត្តម សាយ អំណាន អនុប្រធានគណកម្មការកិច្ចការអន្តរជាតិ នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ តំណាងព្រះឥន្ទមុនី សំ សុខា ប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្រោមប្រធានបទ «ការពង្រឹងតួនាទីរបស់ព្រះពុទ្ធសាសនាក្នុងចំណោមប្រទេសមេគង្គ-ឡានឆាង»។ សុន្ទរកថានេះនឹងផ្តោតលើការរួមចំណែករបស់ព្រះពុទ្ធសាសនាក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងតំបន់ តាមរយៈការផ្លាស់ប្តូរវប្បធម៌ និងការចែករំលែកគោលធម៌ព្រះពុទ្ធសាសនា។ ដោយឡែក ឯកឧត្តម ឈួរ សុបញ្ញា ប្រធានសហព័ន្ធយុវពុទ្ធសាសនិកកម្ពុជា ក៏នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្រោមប្រធានបទ «តួនាទីរបស់យុវជនមេគង្គ-ឡានឆាង ក្នុងការរៀនសូត្រពីគ្នាទៅវិញទៅមក និងការផ្លាស់ប្តូររវាងពុទ្ធសាសនាមហាយាននៅភាគខាងជើង និងពុទ្ធសាសនាថេរវាទនៅភាគខាងត្បូង»។ សុន្ទរកថានេះនឹងបង្ហាញពីតួនាទីរបស់យុវជនក្នុងការកសាងស្ពានមិត្តភាព ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ព្រះពុទ្ធសាសនារវាងយុវជននៃប្រទេសក្នុងតំបន់ ព្រមទាំងលើកកម្ពស់ការយល់ដឹង ការគោរព និងការរៀនសូត្រពីភាពចម្រុះនៃប្រពៃណីព្រះពុទ្ធសាសនា។
ការចូលរួមរបស់គណៈប្រតិភូកម្ពុជាក្នុងវេទិកានេះ មានសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងការចែករំលែកបទពិសោធន៍ និងគុណតម្លៃព្រះពុទ្ធសាសនាកម្ពុជា ស្វែងយល់ពីនវានុវត្តន៍ឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអប់រំសីលធម៌ ការសិក្សាស្រាវជ្រាវ និងការផ្សព្វផ្សាយព្រះធម៌ ស្របតាមការវិវត្តនៃសង្គមសម័យទំនើប។ ទន្ទឹមនឹងនេះ វេទិកាក៏ជាឱកាសពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នព្រះពុទ្ធសាសនាក្នុងតំបន់មេគង្គ-ឡានឆាង និងអន្តរជាតិ ជាពិសេសការតភ្ជាប់រវាងពុទ្ធសាសនាថេរវាទ និងមហាយាន ព្រមទាំងលើកកម្ពស់តួនាទី និងកិត្យានុភាពព្រះពុទ្ធសាសនាកម្ពុជាលើឆាកអន្តរជាតិ។ ការចូលរួមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់ព្រះពុទ្ធសាសនាជាកម្លាំងសីលធម៌ និងជាស្ពាននៃកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកកសាងសង្គមប្រកបដោយមេត្តាករុណា សាមគ្គីភាព សុខដុមរមនា សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាយុទ្ធសាស្រ្តស្នូលរបស់ពុទ្ធកសមាគមកម្ពុជរដ្ឋ។


