អនាគតគ្រូបង្រៀនអនុវិទ្យាល័យជ័យលាភី ៤៧៣នាក់ ឆ្ពោះទៅកាន់ក្តីស្រមៃ តាមរយៈការចាប់ប៉ុស្តិ៍ការងារប្រកបដោយតម្លាភាព
ទឹកមុខញញឹមស្រស់ស្រាយអមដោយក្តីរីករាយរបស់បេក្ខជនជ័យលាភីជាគ្រូបង្រៀនកម្រិតអនុវិទ្យាល័យចំនួន ៤៧៣នាក់ (ស្រី ៣២៩នាក់) ខណៈដែលពួកគាត់បានម្នីម្នាធ្វើដំណើរមកដល់មណ្ឌលវិទ្យាស្ថានជាតិអប់រំ (NIE) តាំងពីព្រលឹមស្រាងៗ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ដើម្បីត្រៀមខ្លួនបំពេញបេសកកម្មដ៏មានតម្លៃក្នុងការអប់រំទំពាំងស្នងឫស្សីរបស់ជាតិ។
ក្រុមការងារអន្តរក្រសួង រវាងក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំផ្ទាល់ពី ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ បានចុះមកពន្យល់ណែនាំយ៉ាងលម្អិត អំពីបច្ចេកទេស នីតិវិធី និងតម្រូវការជាក់ស្តែងតាមមុខវិជ្ជា និងភូមិសាស្ត្រសាលារៀននីមួយៗ ដើម្បីធានាថាការសម្រេចចិត្តរបស់បេក្ខជនម្នាក់ៗប្រព្រឹត្តទៅដោយរលូន យុត្តិធម៌ និងត្រឹមត្រូវ។
ថ្លែងក្នុងឱកាសដ៏មានសារៈសំខាន់នោះ ឯកឧត្តម យក់ ប៊ុនណា បានផ្ដាំផ្ញើ និងក្រើនរំលឹកដល់បេក្ខជនទាំងអស់ឱ្យពិចារណាដោយម៉ត់ចត់បំផុតមុននឹងចុចជ្រើសរើសទីតាំង ដោយហេតុថា៖ «ការជ្រើសរើសប៉ុស្តិ៍ការងារ គឺជាការសម្រេចចិត្តដ៏សំខាន់សម្រាប់អនាគតការងាររបស់ប្អូនៗ។ ដូច្នេះ សូមប្អូនៗសិក្សាពីភូមិសាស្ត្រនៃសាលារៀននីមួយៗឱ្យបានច្បាស់លាស់ ព្រោះកាលណាសម្រេចចិត្តជ្រើសរើសយកប៉ុស្តិ៍ណាមួយហើយ គឺចាត់ទុកជាការសម្រេចចិត្តចុងក្រោយ បិទផ្លូវតវ៉ា និងមិនអាចធ្វើការផ្លាស់ប្តូរឡើងវិញបានឡើយ។»
ដំណើរការនៃការចាប់ប៉ុស្តិ៍ការងារនាព្រឹកនេះ ត្រូវបានរៀបចំឡើងយ៉ាងមានរបៀបរៀបរយ និងបើកចំហ ដោយអនុញ្ញាតឱ្យបេក្ខជនគ្រប់រូបមើលឃើញជម្រើសសាលាដែលនៅសល់ផ្ទាល់ភ្នែក គ្មានការលាក់បាំង ឬការអន្តរាគមន៍ណាមួយឡើយ។ បន្ថែមពីលើនេះ ការពន្យល់ណែនាំយ៉ាងច្បាស់លាស់ពីបែបបទ និងនីតិវិធីនៃការបើកប្រាក់បៀវត្សរ៍ ក៏បានជួយឱ្យបេក្ខជនទាំងអស់កាន់តែមានភាពកក់ក្តៅ និងជឿជាក់ខ្ពស់លើអនាគតការងាររបស់ខ្លួន។
សកម្មភាពដ៏ផុសផុលនេះ មិនត្រឹមតែបង្ហាញពីក្តីសង្ឃឹម និងការប្តេជ្ញាចិត្តរបស់គ្រូបង្រៀនជំនាន់ថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយជ្រើសរើសមន្ត្រីរាជការប្រកបដោយ គណនេយ្យភាព យុត្តិធម៌ និងតម្លាភាព១០០ភាគរយ ក្នុងវិស័យអប់រំជាតិផងដែរ៕


