គណៈវិស្វករកម្ពុជាបានរៀបចំបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “នវានុវត្តន៍ក្នុងវិស័យវិស្វកម្ម” ក្រោមអធិបតីភាព ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ទីប្រឹក្សា លោក លោកស្រី អ្នកនាងកញ្ញាជាថ្នាក់ដឹកនាំ និងមន្រ្តី នៃអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា លោកបណ្ឌិតវិស្វករ និងវិស្វករជាវាគ្មិនជាតិ និងអន្តរជាតិ លោក លោកស្រីតំណាងក្រុមហ៊ុនវិស្វកម្ម ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាវិស្វករចុះបញ្ជី មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនសរុបចំនួន២៣១នាក់ ក្នុងនោះស្រី២៧នាក់។
លោកជំទាវ ខ្វៃ សុភាព អគ្គលេខាធិការរងគណៈវិស្វករកម្ពុជាទទួលបន្ទុកផ្នែកអប់រំ និងបណ្តុះបណ្តាលបានលើកឡើងថា នេះជាវគ្គបណ្តុះបណ្តាលលើកទី៥ ក្នុងឆ្នាំ២០២៦ ដោយផ្តោតលើប្រធានបទស្ដីពី «នវានុវត្តន៍នៃវិស័យវិស្វកម្ម Innovation in Engineering » ជាការត្រៀមខ្លួនរបស់វិស្វករជាតិឱ្យបានគ្រប់ជ្រុងជ្រោយទុកជាមុនក្នុងការទទួលយក និងក្តាប់យក កាលានុវត្តភាពក្នុងការរួមចំណែកក្នុងរដ្ឋាភិបាលឌីជីថល។ លោកជំទាវ បានបន្តថា ជាលទ្ធផលវគ្គបណ្តុះបណ្តាលពេញមួយថ្ងៃនេះ បានប្រព្រឹត្តទៅប្រកបដោយភាពរលូន និងមានការ
សួរឆ្លើយយ៉ាងផុលផុស ជាមួយនឹងភាពប៉ិនប្រសព្វរបស់គ្រូឧទ្ទេស និងការយកចិត្តទុកដាក់របស់សិក្ខាកាម
ធ្វើឱ្យវគ្គបណ្តុះបណ្តាលនេះប្រកបដោយភាពរីករាយ និងទទួលបានលទ្ធផលខ្ពស់។ជាពិសេសវិស្វករជាតិតែងតែខិតខំ ព្យាយាមឆ្លៀត ពេលពីការបំពេញការងារមកចូលរួមវគ្គបណ្តុះបណ្តាលនេះ ស្របតាមទិសស្លោកជាសកលថា “រៀន រៀន ពេញមួយជីវិត (Life Long Learning)”។ រួមជាមួយគ្នានេះដែរនាងខ្ញុំសូមថ្លែងអំណរគុណ និងលើកទឹក ចិត្តចំពោះ ក្រុមហ៊ុន គ្រូឧទ្ទេសជាតិ និងអន្តរជាតិ វិស្វករចុះបញ្ជីនៅគណ:វិស្វករកម្ពុជា ដែលបានចូលរួមជា កត្តាលីករសំខាន់ក្នុងការធានានូវប្រសិទ្ធភាព និរន្តរភាព និងភាពឆ្លើយតបនៃការបណ្តុះបណ្ដាលពង្រឹងសមត្ថ ភាព ប្រតិបត្តិជំនាញវិជ្ជាជីវៈរបស់គណ:វិស្វករកម្ពុជា។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមអគ្គលេខាធិការគណៈវិស្វករកម្ពុជា បានលើកឡើងថា ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថលនេះ វិស្វករ មិនត្រឹមតែជាអ្នករចនា និងសាងសង់ប៉ុណ្ណោះទេ ថែមទាំងជាអ្នកដឹកនាំនវានុវត្តន៍ ជាអ្នកបង្កើតដំណោះស្រាយ ជាអ្នកប្រែក្លាយការស្រមៃទៅជាការពិត និងជាថាមពលស្នូលសម្រាប់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ នេះជាមូលហេតុដែលវគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងមិនត្រឹមតែជាការចែករំលែក ជំនាញ ចំណេះដឹង និងបទពិសោធន៍ថ្មីៗប៉ុណ្ណោះទេ តែជាវេទិកាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍសមត្ថភាពប្រតិបត្តិវិជ្ជាជីវៈរបស់វិស្វករយើង ឱ្យស្របតាមការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាក្នុងសម័យបរិវត្តកម្មឌីជីថល។ តាមរយៈបទបង្ហាញចំនួន៤ សុទ្ធសឹងតែជាមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យាកំពុងពេញនិយម និងមានឥទ្ធិពលខ្លាំងលើវិស័យសាងសង់ និងវិស្វកម្មនាពេលបច្ចុប្បន្នត្រូវបានវាគ្មិនជាតិ និងអន្តរជាតិ នឹងលើកយកមកបង្ហាញរួមមាន៖ ១.បច្ចេកវិទ្យាជំនាន់ថ្មីលើការពារជ្រាបទឹក និងប្រព័ន្ធដំបូល ក្នុងវិស័យសំណង់ប្រកបដោយចីរភាព (Sustainable Construction) ២. ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) AI Cyber Security in Engineering ៣. ការអនុវត្តបច្ចេកវិទ្យា Building Information Modeling (BIM) សម្រាប់វិស័យសំណង់នៅកម្ពុជា ៤. ការសិក្សាគណនាបេតុងប៉ុសកុងត្រាំង ដោយកម្មវិធី ADAPT-Builder Post-Tensioned Design by Computer Aids
ក្នុងឱកាសនោះដែរ ឯកឧត្តម សង្ឃឹម និងមានជំនឿយ៉ាងមុតមាំថា ទោះបីវគ្គបណ្តុះបណ្តាលនេះត្រឹមតែ១ថ្ងៃ ពិតជាមានរយៈពេលខ្លី ប៉ុន្តែអ្វីដែលបានផ្តល់ជូនដោយវាគ្មិនជាតិ និងអន្តរជាតិទាំងអស់ ជាវិថីដ៏វិសេសវិសាលសម្រាប់វិស្វករជាតិស្វែងយល់ និងទាញយកសារៈប្រយោជន៍ពីនវានុវត្តន៍ទាំងនោះ មកច្នៃប្រឌិត កែសម្រួល និងផ្លាស់ប្តូរតួនាទីរបស់វិស្វករយើង តាមរយៈការវិភាគ វាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយ លើការរៀបចំផែនការ ការប្រើប្រាស់ធនធាន ក៏ដូចជាការគ្រប់គ្រង ដែលនឹងផ្តល់ភាពងាយស្រួល ចំណេញពេលវេលា មានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការប្រកបវិជ្ជាជីវៈវិស្វកម្មរបស់ខ្លួន។
ជាចុងក្រោយ ឯកឧត្តម អគ្គលេខាធិការក៏បានប្រគល់ចែកជូននូវវិញ្ញាប័នបត្រ និងលិខិតសរសើរដល់វាគ្មិនជាតិ និងអន្តរជាតិ និងសិក្ខាកាមដែលបានចុះបញ្ជីផងដែរ៕


