ប្រធានាធិបតី El Salvador លោក Bukele បញ្ចេញរូបភាពវីដេអូនៃការបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់ប្រទេសហៃទីដើម្បីជួយសង្គ្រោះបុគ្គលិកយោធា៤នាក់ដែលបាត់ខ្លួនដោយក្រុមឧក្រិដ្ឋជន

ប្រធានាធិបតីនៃប្រទេស El Salvador លោក Nayib Bukele បានចែករំលែករូបភាពវីដេអូមួយនៅលើគណនី X របស់លោក ដែលបង្ហាញពីការបញ្ជូនកងទ័ពទៅកាន់ប្រទេសហៃទី ក្នុងប្រតិបត្តិការដើម្បីជួយសង្គ្រោះអ្នកបច្ចេកទេសអាកាសចរណ៍យោធា El Salvador ចំនួន៤នាក់ ដែលបានបាត់ខ្លួនបន្ទាប់ពីមានការឆ្មក់វាយប្រហារពួកគេ។ វីដេអូនេះបានបង្ហាញពីទាហានកំពុងឡើងយន្តហោះ ខណៈដែលរថពាសដែក ឧបករណ៍យោធា និងឧទ្ធម្ភាគចក្រមួយគ្រឿង បានរៀបចំដើម្បីដឹកជញ្ជូនពួកគេទៅកាន់ទីតាំងនោះ។ រដ្ឋាភិបាល El Salvador បានបញ្ជាក់កាលពីថ្ងៃពុធថា ទាហានជាង ២.០០០នាក់កំពុងត្រូវបានបញ្ជូនទៅចូលរួមក្នុងប្រតិបត្តិការសង្គ្រោះនេះ ដែលទទួលបានការគាំទ្រពីប្រទេសមួយចំនួន និងអង្គការអន្តរជាតិនានា។ យោងតាមក្រសួងការបរទេស El Salvador លោកប្រធានាធិបតី Bukele បានពិភាក្សាអំពីបេសកកម្មនេះជាមួយនាយករដ្ឋមន្ត្រីហៃទី លោក Alix Didier Fils-Aimé តាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទរួចរាល់ហើយ។ ជនជាតិ El Salvador ទាំង៤ នាក់ដែលបាត់ខ្លួននោះ គឺជាសមាជិកនៃ «កងកម្លាំងបង្ក្រាបក្រុមឧក្រិដ្ឋជន» ឬ (Gang Suppression Force) ដែលជាបេសកកម្មអន្តរជាតិមួយបង្កើតឡើងដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីខែកញ្ញា ឆ្នាំ ២០២៥ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលមានការរៀបចំទុកជាមុននៅក្នុងប្រទេសហៃទី។ យោងតាមកងកម្លាំងប្រដាប់អាវុធ El Salvador បានឲ្យដឹងថាពួកគេបានបាត់ខ្លួនបន្ទាប់ពីមានការវាយប្រហារ ដោយលួចវាយឆ្មក់កាលពីថ្ងៃទី១៨ ខែតុលា នៅជិតទីក្រុង Port-au-Prince នៅពេលដែលរថពាសដែករបស់ពួកគេត្រូវសត្រូវបាញ់ប្រហារដោយគ្រឿងផ្ទុះ រហូតដល់ឆាបឆេះឡើង។ អាជ្ញាធរហៃទីបានចាត់ទុកហេតុការណ៍នេះថាជាករណីចាប់ជំរិតកងកម្លាំង ហើយលោកបានបញ្ជាក់ថា៖ ការស្វែងរកបុគ្គលិកដែលបាត់ខ្លួនទាំងនោះ គឺជាអាទិភាពចម្បងសម្រាប់ប្រទេស El Salvador និង ហៃទី។ សូមរំលឹកថាប្រទេស El Salvador បានចុះកិច្ចសន្យាពង្រីកការចូលរួមរបស់ខ្លួននៅក្នុងបេសកកម្មអន្តរជាតិដើម្បីបង្ក្រាបក្រុមបញ្ហាឧក្រិដ្ឋជននេះ ក្នុងប្រទេសហៃទីរហូតដល់ខែតុលា ឆ្នាំ ២០២៧ឯណោះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ