សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គាំទ្រវិធានការ រឹតបន្តឹង និងទប់ស្កាត់ការលួចនាំចូលជ្រូករស់ខុសច្បាប់ ដើម្បីការពារវិស័យចិញ្ចឹមសត្វក្នុងស្រុក
ភ្នំពេញ ៖ ដើម្បីការពារវិស័យចិញ្ចឹមសត្វក្នុងស្រុកសំដៅធានាសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានរឹតបន្តឹង និងទប់ស្កាត់ការលួចនាំចូលជ្រូករស់ខុសច្បាប់នៅតាមសត្តឃាតដ្ឋាននានា។
យោងតាមលិខិតរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា ការដាក់ចេញវិធានការនេះដោយសារកន្លងមកសង្កេតឃើញថាមានករណីលួចនាំចូលជ្រូករស់គ្មានប្រភពច្បាស់លាស់ និងនាំចូលពីប្រទេសជិតខាង មកពិឃាតនៅតាមសត្តឃាតដ្ឋានក្នុងរាជធានី-ខេត្ត ព្រមទាំងគ្មានលិខិតអនុញ្ញាតពីសមត្ថកិច្ចជំនាញកើតឡើងជាញឹកញាប់។ ការលួចនាំចូលនេះ គឺជាហានិភ័យខ្ពស់ទៅនឹងការរីករាលដាលជំងឺឆ្លងសត្វ និងជំងឺឆ្លងរវាងសត្វ និងមនុស្សផងដែរ។
ដើម្បីឆ្លើយតបនឹងបញ្ហានេះ អគ្គនាយកដ្ឋានបានស្នើឱ្យប្រធានមន្ទីរកសិកម្មរាជធានី-ខេត្ត ចាត់តាំងប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ឱ្យចុះពង្រឹងការងារត្រួតពិនិត្យ និងដឹកនាំមន្ត្រីទទួលបន្ទុកប្រចាំការនៅតាមសត្តឃាតដ្ឋានឱ្យអនុវត្តតួនាទីប្រកបដោយភាពម៉ឺងម៉ាត់ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងគោលបំណងការពារសុខភាពសាធារណៈ និងធានាសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានសម្តែងនូវការគាំទ្រចំពោះវិធានការនេះព្រោះថា ការលួចនាំចូលសត្វដោយគ្មានច្បាប់ និងគ្មានប្រភពច្បាស់លាស់តាមច្រករបៀងគឺជាហានិភ័យធ្ងន់ធ្ងរដែលទាមទារឱ្យមានការបង្ក្រាបជាបន្ទាន់ដោយសារសត្វដែលនាំចូលគ្មានច្បាប់ និងគ្មានការត្រួតពិនិត្យ គឺអាចផ្ទុកជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺបេស្តជ្រូកអាហ្វ្រិក។ ថ្វីបើជំងឺនេះមិនឆ្លងទៅមនុស្សតាមរយៈការហូបចុកសាច់ដែលចម្អិនឆ្អិនក៏ដោយ ប៉ុន្តែវាអាចឆ្លងតាមរយៈសត្វល្អិតដូចជា ចាប រុយ ឬតាមមធ្យោបាយដឹកជញ្ជូនផ្សេងៗ៕


