ក្រុម Houthi បញ្ជាក់ថា៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អារ៉ាប៊ីសាអូឌីតនៅក្នុងខេត្ត Taiz ភាគខាងលិចយេម៉ែន បណ្តាលឱ្យមនុស្សស្លាប់១៣នាក់ភ្លាមៗ

យោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុម Houthi មានមនុស្សយ៉ាងហោចណាស់១៣នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ បានស្លាប់នៅពីហេតុការណ៍វាយប្រហារតាមផ្លូវអាកាសមួយរបស់ប្រទេសអារ៉ាប៊ីសាអូឌីត នៅក្នុងខេត្ត Taiz ភាគខាងលិច កាលពីម្សិលមិញ។ មិនទាន់មានការឆ្លើយតបណាមួយភ្លាមៗពីសំណាក់សម្ព័ន្ធភាពយោធានេះទេ។ ហេតុការណ៍ស្លាប់មនុស្សនេះបានកើតឡើង ខណៈដែលមានការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងនៅជុំវិញទីក្រុង Taiz ដែលជាទីក្រុងធំទីបីរបស់ប្រទេសយេម៉ែន ហើយត្រូវបានក្រុមឧទ្ទាមហ៊ូទីឡោមព័ទ្ធតាំងពីដើមខែតុលាមក។ លោក Nabil Shamsan អភិបាលខេត្ត Taiz បាននិយាយថា៖ ទីក្រុងនេះកំពុងជួបប្រទះនឹងគ្រោះទុរភិក្សយ៉ាងធ្ងន់ធ្ងរផង ដែលវាមិនមែនគ្រាន់តែស្ថិតនៅមាត់ជ្រោះនៃគ្រោះទុរភិក្សនោះទេ សូម្បីតែការផ្គត់ផ្គង់ឧស្ម័នសម្រាប់ចម្អិនអាហារត្រូវបានកាត់ផ្តាច់ទាំងស្រុងដែរ ហើយមន្ទីរពេទ្យនានាកំពុងជួបប្រទះនឹងការខ្វះខាតអុកស៊ីសែន។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានលើកឡើងថា ការឡោមព័ទ្ធនេះអាចចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាមមួយ តាមរយៈការប្រើប្រាស់ និង បង្កឱ្យមានភាពអត់ឃ្លាន ជាយុទ្ធសាស្ត្រក្នុងសង្គ្រាមនោះផងដែរ។ កម្មវិធីស្បៀងអាហារពិភពលោក (World Food Programme) បានឱ្យដឹងនៅខែនេះថា ខ្លួនមិនអាចចូលទៅដល់ប្រជាជនជាង ៦០ម៉ឺននាក់នៅក្នុងទីក្រុង Taiz ដែលកំពុងពឹងផ្អែកលើជំនួយមនុស្សធម៌នោះបានទេ។ ទោះជាយ៉ាងណាក៏ដោយ លោក Abdul Malik al-Houthi ជាមេដឹកនាំក្រុម Houthi បានច្រានចោលរបាយការណ៍ស្តីពីការឡោមព័ទ្ធនេះ ដោយចាត់ទុកថា «វាជាការប្រឌិតឡើងដោយអារ៉ាប៊ីសាអូឌីត» ហើយបានអះអាងថា ផ្លូវនៅតែបើកចំហសម្រាប់ការដឹកជញ្ជូនស្បៀងអាហារ និងសម្ភារៈមនុស្សធម៌នានាដដែល៕

សម្រួលអត្ថបទ៖ សុផារិន្ទ