លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវគ្គទី៤ នៃវេទិកាការកើនឡើងនៃស្ត្រីក្នុងវិស័យធុរកិច្ចរបស់សភាពាណិជ្ជកម្មអូស្ត្រាលីប្រចាំកម្ពុជា (AusCham Women in Business Growth Forum 2026)

នាល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស នៅក្នុងវគ្គទី៤ ដែលជាវគ្គចុងក្រោយនៃ «វេទិកាស្ត្រីក្នុងវិស័យធុរកិច្ច» របស់សភាពាណិជ្ជកម្មអូស្ត្រាលីប្រចាំកម្ពុជា (AusCham) ប្រចាំឆ្នាំ២០២៦ ក្រោមប្រធានបទ «ការអប់រំ ជំនាញឌីជីថល និងសុខុមាលភាព៖ ការពង្រឹងជំនាញដើម្បីបង្កើនភាពអង់អាច និងចីរភាពនៃកំណើន»។

លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានចូលរួមក្នុងកិច្ចពិភាក្សាជាមួយ លោកស្រី Jacyl Shaw នាយិកាប្រតិបត្តិនៃមូលនិធិ Harpswell និង លោកស្រី ឡាយ សុីវហួង នាយិកាគ្រប់គ្រងនៃ DICHI Academy។

អង្គវេទិកាទាំងមូលបានរំលេចអំពីរបៀបដែលស្ត្រីអាចកសាងសមត្ថភាពចាំបាច់សម្រាប់ភាពរុងរឿងប្រកបដោយចីរភាព ដោយផ្តោតលើការរៀនសូត្រពេញមួយជីវិត បំណិនឌីជីថលជាក់ស្តែង ក្នុងបរិបទសង្គមបច្ចេកវិទ្យាដែលកំពុងរីកចម្រើនយ៉ាងរហ័ស ព្រមទាំងការយកចិត្តទុកដាក់លើសុខុមាលភាពផ្ទាល់ខ្លួន។

នៅក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីតួនាទីយ៉ាងសំខាន់នៃ «សេដ្ឋកិច្ចថែទាំ» (Care Economy) ក្នុងការជួយសម្រាលបន្ទុកការងារថែទាំ និងការងារផ្ទះដែលមិនទទួលបានកម្រៃរបស់ស្ត្រី។ លោកជំទាវកិត្តិបណ្ឌិត បានសង្កត់ធ្ងន់លើតម្រូវការចាំបាច់នៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងវិស័យរដ្ឋ និងឯកជន ក្នុងការវិនិយោគលើវិស័យថែទាំ និងការលើកកម្ពស់ជំនាញថែទាំឱ្យទៅជាអាជីពពាណិជ្ជកម្ម បង្កើតប្រាក់ចំណូល ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ស្ត្រី។

កិច្ចពិភាក្សាត្រូវបានបញ្ចប់ដោយការអំពាវនាវរួមគ្នាឱ្យមានការរៀនសូត្រពេញមួយជីវិត ការដំឡើងកម្រិតជំនាញ (Upskilling) និងការបណ្តុះបណ្តាលបំណិនថ្មី (Reskilling) ដើម្បីឆ្លើយតបបានទាន់ពេលវេលានឹងការប្រែប្រួលនៃទីផ្សារពលកម្ម។