ផ្លូវបេតុងលាយកៅស៊ូជាង២០គីឡូម៉ែត្រ ឆ្ពោះទៅឃុំមេម៉ង់ ខេត្តមណ្ឌលគិរី នឹងស្ថាបនា នៅដើមឆ្នាំ២០២៧
ខេត្តមណ្ឌលគិរី ៖ បន្ទាប់ពីដំណើរការដេញថ្លៃបញ្ចប់រួចរាល់ នៅដើមឆ្នាំ២០២៧ ខាងមុខនេះ គម្រោងស្ថាបនាផ្លូវបេតុងលាយកៅស៊ូប្រវែង ២០គីឡូម៉ែត្រ និង២០០ម៉ែត្រ ពីក្រុងសែនមនោរម្យ ឆ្ពោះទៅឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី គ្រោងនឹងចាប់ផ្តើមអនុវត្ត។
អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី លោក កឹង ឈាង បានបញ្ជាក់ថា ប្រសិនបើមិនមានការប្រែប្រួលទេ ក្រុមការងារបច្ចេកទេសនឹងចាប់ ផ្តើមដាក់គ្រឿងចក្រសាងសង់ផ្លូវនៅដើមឆ្នាំក្រោយ។
លោកបានឱ្យដឹងថា គម្រោងស្ថាបនាផ្លូវនេះទទួលបានការគាំទ្រពីកម្មវិធីអភិវឌ្ឍភូមិភាគឦសាន ក្រោមជំនួយរបស់សាធារណរដ្ឋកូរ៉េ។ ផ្លូវដែលគ្រោងសាងសង់ក្នុងដំណាក់កាលដំបូងនេះ មានប្រវែង ២០គីឡូម៉ែត្រ និង២០០ម៉ែត្រ ដោយតាមផែនការបច្ចុប្បន្ន នឹងសាងសង់រហូតដល់ភូមិស្រែអ៊ី សង្កាត់រមនា។
លោកបានបន្ថែមថា ការស្ថាបនាផ្លូវនេះនឹងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងសក្តានុពលអភិវឌ្ឍន៍របស់ខេត្ត តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។ ជាមួយគ្នានេះ គម្រោងអភិវឌ្ឍន៍ភូមិភាគឦសានក៏ត្រូវបានរំពឹងថា នឹងបន្តមានគម្រោងអភិវឌ្ឍន៍បន្ថែមទៀតនៅឆ្នាំខាងមុខ។
សូមជម្រាបថា ផ្លូវមួយខ្សែនេះមានប្រវែងសរុបប្រមាណ ៤០គីឡូម៉ែត្រ តភ្ជាប់ពីក្រុងសែនមនោរម្យ ទៅឃុំមេម៉ង់ ស្រុកកែវសីមា ដោយឆ្លងកាត់ឃុំចំនួន៣ គឺឃុំមនោរម្យ ឃុំរមនា និងឃុំមេម៉ង់។ កន្លងមក ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនេះតែងជួបការលំបាកក្នុងការធ្វើដំណើរ ដោយសារស្ថានភាពផ្លូវមិនល្អ។
នៅរដូវវស្សា ផ្លូវមានសភាពភក់រអិល ពិបាកធ្វើដំណើរ ខណៈនៅរដូវប្រាំង ផ្លូវមានដីហុយ និងកំណាត់ខ្លះមានថ្មរដិបរដុប ដែលបង្កការលំបាកដល់អ្នកធ្វើដំណើរតាមម៉ូតូ និងរថយន្ត៕


