ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានរយៈពេល ៩ខែ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ
ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានរយៈពេល ៩ខែ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដែលរៀបចំឡើងនៅសាលហោស្រពខេត្តក្រចេះ។
ក្នុងឱកាសនោះ ឯកឧត្តម ដួង ពៅ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បានធ្វើរបាយការណ៍សង្ខេបស្តីពីសកម្មភាព និងលទ្ធផលការងារដែលក្រុមការងារសម្រេចបានក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ ព្រមទាំងបង្ហាញពីទិសដៅ និងផែនការសកម្មភាពសម្រាប់អនុវត្តបន្ត ដើម្បីបង្កើនប្រសិទ្ធភាពការងារចុះមូលដ្ឋាន និងឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាពចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានជម្រាបជូនថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យ វាយតម្លៃ ជំរុញ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងខេត្តក្រចេះ ឱ្យកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តមអភិបាលខេត្ត សង្ឃឹម និងជឿជាក់ថា តាមរយៈកិច្ចប្រជុំនេះ ក្រុមការងារនឹងបន្តពង្រឹងស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវ ព្រមទាំងយកលទ្ធផលនៃកិច្ចប្រជុំទៅអនុវត្តជាក់ស្តែងឱ្យមានប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងរួមចំណែកជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន។
ក្នុងឱកាសនេះ សមាជិក សមាជិកានៃអង្គប្រជុំបានចូលរួមពិភាក្សា ផ្តល់មតិយោបល់ និងលើកឡើងនូវបញ្ហាប្រឈម សំណើ និងដំណោះស្រាយនានា ដើម្បីជាមូលដ្ឋានក្នុងការកែលម្អការអនុវត្តការងារចុះមូលដ្ឋាន និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលក្រុមការងារសម្រេចបានកន្លងមក ព្រមទាំងបានលើកទិសដៅការងារបន្ត ដោយជំរុញឱ្យក្រុមការងារគ្រប់លំដាប់ថ្នាក់បន្តខិតខំបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវ សហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលមូលដ្ឋាន និងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យចំគោលដៅ។
ឯកឧត្តមប្រធានក្រុមការងារបានសង្កត់ធ្ងន់លើការបន្តពង្រឹងប្រសិទ្ធភាពការងារចុះមូលដ្ឋាន ការលើកកម្ពស់គុណភាព និងភាពងាយស្រួលក្នុងការទទួលបានសេវាសាធារណៈ ព្រមទាំងការពង្រឹងទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីតម្រូវការជាក់ស្តែង និងធានាថា ការអនុវត្តការងាររបស់ក្រុមការងារឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តមប្រធានក្រុមការងារបានដាក់ចេញនូវទិសដៅ និងវិធានការអនុវត្តបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលើកកម្ពស់ការបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងការទទួលខុសត្រូវ៕


